ព្រះសីហនុៈ ទូកុង​តឺ​ន័​រ​ចំនួ​ន ៨៣ ដែល​​ផ្ទុក​​ពេញ​ទៅ​ដោយ​កាកសំណល់​សំរាម​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្រ្កាប បន្ទាប់​ពី​មាន​ជន​ខិលខូច​​លួច​នាំចូល​ពី​បរទេស​យក​មក​ប្លុង​ចោល ​នៅ​កំពង់ផែ​អន្តរជាតិ​​ខេត្ត​ព្រះសីហនុ ប៉ុន្ដែ​មន្រ្តី​មិន​ទាន់​ស្វែងរក​ឃើញ​​ប្រភព​សំរាម​ទាំង​នោះ​នៅ​ឡើយ។ នេះ​បើ​តាម​លោក នេត្រ ភក្ត្រា រដ្ឋលេ​ខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន។

លោក នេត្រ ភក្ត្រា បាន​ប្រា​ប់​ភ្នំ​ពេញ​ប៉ុស្ដិ៍កាល​ពី​ម្សិល​មិញ​ថា​ កុង​តឺន័រ​ចំនួន ៨៣ ទូ ​ដែ​ល​មាន​ផ្ទុកកាក​សំណល់​សំរាម​នាំ​ចូល​ពី​បរទេស​ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​អគ្គនា​យកដ្ឋាន​គយ និ​ង​រដ្ឋាក​រសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ប្រតិបត្តិការ​បង្ក្រាប នៅ​រសៀល​ថ្ងៃទី ១៦ ខែ​ កក្កដា ​ម្សិលមិញ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​នៅ​ក្នុង​កំពង់ផែ​ខេត្ត​ព្រះសីហនុ។

ការ​គាស់​ទូ​កុង​តឺន័រ​នេះ ដឹកនាំ​ដោយ​លោក គុណ ញឹម ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយ​កនៃ​អគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ និង​លោក សាយ សំអាល់ រដ្ឋ​មន្ដ្រី​ក្រសួង​បរិស្ថាន លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ។ លោក​បន្ថែម​ថា ការ​បង្ក្រាប​លើការ​នាំចូល​សំរាម ​ពី​បរទេស​មក​ប្រទេស​ កម្ពុជា​ នៅ​ពេល​នេះ បញ្ជាក់ពី​កិច្ចសហការ​យ៉ាងល្អ​​ រវាង​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​រួម​​មាន​អគ្គនា​យកដ្ឋាន​គយ និង​​រដ្ឋាករ និង​កំពង់​ផែស្វយ័ត ក្នុង​ការ​ទប់ស្កាត់ទំនិញ​ហាម​ឃាត់​មិនឲ្យ​ចូល​មក​កម្ពុជា។

លោក ភក្ត្រា បញ្ជាក់​ថា៖ «សមត្ថ​កិច្ច​នឹង​កំណត់​ថា ទំនិញ​ហាម​ឃាត់​ទាំង​នេះ មក​ពីប្រភព​ណា ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រភព​ដើម​វិញ និង​ធ្វើការ​ផាក​ពិន័យ​លើ​ក្រុម​ហ៊ុន​ដែល​នាំ​ចូល​មក​នោះ​តាម​ច្បាប់ជា​ធរ​មាន។ ក្រសួងប​រិស្ថាន​ និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​ប្រភព និង​ឫ​ស​គល់​ដែ​ល​​នាំឲ្យ​មាន​ការ​នាំ​ចូល​​សំណល់​សំរាម​នេះ​មក​កាន់​ប្រទេស​ កម្ពុជា»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​គយ និង​រដ្ឋាករ​ម្នាក់ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ថា កុង​តឺន័រ​ផ្ទុក​សំរាម​ទាំង​​នោះ ​ត្រូវ​បាន​គេ​បញ្ជូន​មក​កំពង់​ផែ​អន្តរ​ជាតិ​ខេត្ត​ព្រះ​​សីហ​នុ​ជាច្រើន​ដំណាក់​កាល ប៉ុន្តែ​វា​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​អំពី​ប្រភព​ច្បាស់​លាស់នៅ​ឡើយ​ទេ ហើយ​ក៏នៅមិន​ទាន់​ដឹងច្បាស់​ថាវាជាកាក​សំណ​ល់ ​​​«មានជាតិ​វិទ្យុ​សកម្ម» ឬយ៉ាង​ណា​នោះ​ដែរ តែវា​មា​ន​ចំនួន​ច្រើន​មិន​ចាញ់​នៅ​ប្រទេស​ ហ្វីលីពីន ​នោះ​ទេ។

សមត្ថកិច្ច​កំពុង​ពិនិត្យ​ទូកុងតឺន័រ​ដែល​ផ្ទុក​សំរាម​​​។ សហការី

លោក​បញ្ជាក់​​ថា៖ «​នៅ​ព្រឹក​ថ្ងៃពុធ​នេះ នឹង​មាន​ការ​រៀបចំ​សន្និ​សីទ​មួយស្ដីពី​បញ្ហានេះ​ ហើយ​នឹង​មានការ​ចូល​រួម​ពីថ្នា​ក់​ដឹក​នាំ​សំខាន់ៗ​​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ»។

លោក​បន្ថែម​ថា មូល​ហេតុ​ដែល​កា​ក​សំណល់​នេះ​ អាច​នាំ​ចូល​មក​ប្រទេស​ កម្ពុជា​ បាន ព្រោះ​ប្រទេស​ប្រភព​ដើម​បាន​ក្លែង​បន្លំ​​ឯកសារ​នាំចូល ដោយ​មិន​បញ្ជា​ក់​​​ប្រភេទ​ទំនិញ​ច្បាស់លាស់ ពោល​គ្រាន់តែ​សរសេរថា ប្រភេទ​ទំនិញ​កែច្នៃ ប៉ុន្ដែ​ពេល​មក​ដល់​កម្ពុជា​ ទើប​ស្គែន​ឃើញ​ថា ជា​​​សំរាម។

លោក សាមុត សុធារិទ្ធិ ប្រធា​​ន​​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសី​ហនុ បា​ន​​ថ្លែង​កាល​ពីម្សិល​មិញ​ថា លោក​កំពុង​ជាប់​រវល់​ត្រួត​ពិ​និត្យ​​កិច្ច​ការ​នេះមិន​ទាន់​អាច​និយា​យ​អ្វី​បាន​ទេ។ បើ​តាម​រូប​ភាព​ដែ​ល​​ត្រូវ​បាន​គេ​ថត​បង្ហោះ ​សំ​រាម​ទាំ​ង​នោះ​ មើល​ទៅ​​ដូច​ជា​​កាក​សំណល់​ស្បោង​ប្លាស្ទិកឬ​ក៏​អាច​ជា​សំណល់​ដែល​បញ្ចេញ​ពី​រោងចក្រ។

បើ​តាម​លោក នេត្រ ភក្ត្រា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែ​ន ​ធ្លាប់​បាន​គូស​បញ្ជាក់​ជា​ច្រើន​លើ​ក​រួច​មក​ហើយ​ថា​ «រាជ​​រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ជាដាច់​ខាត​ចំពោះ​ការ​នាំចូល​សំណល់​ប្លាស្ទិកមក​កែ​​ច្នៃ​​នៅ​កម្ពុជា។ កម្ពុជា​មិន​មែន​ជាធុង​សំរា​ម​ស​ម្រាប់​ការបោះ​ចោល​បច្ចេក​វិទ្យាហួស​សម័យ​នោះ​ទេ ហើយ​រដ្ឋាភិបាល​ជំ​ទា​ស់​​ជានិច្ច​នឹងការ​នាំ​ចូល​សំណល់​ប្លាស្ទិក និង​ប្រេង​ម៉ាស៊ីន​មក​កែច្នៃ​នៅ​កម្ពុជា»៕

វីដេអូ៖