កំពង់ស្ពឺៈ អ្នកទោសនៅពន្ធនាគារខេត្តកំពង់ស្ពឺ ២៦ នាក់ ក្នុងចំណោមគ្នា ៤៦ នាក់ ត្រូវបានសមត្ថកិច្ចចម្រុះខេត្តបង្ក្រាបភ្លាមៗ បន្ទាប់ពី ពួកគេបានបង្កឲ្យមានការបះបោរដោយប្រើល្បិចធ្វើពុតជាឈឺចុកពោះ ហើយបានព្រួតគ្នាវាយមន្ត្រីពន្ធនាគារ ៤ នាក់បណ្ដាលឲ្យរងរបួស ដើម្បីរត់ចេញពីការឃុំឃាំង។
ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ លោក ទីន វណ្ណី បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃនេះថា ករណីនេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី ១៩ ខែមេសា ឆ្នាំនេះ។ ពួកគេគឺជា អ្នកទោសដែលទើបចាប់បញ្ជូនមកថ្មី ដែលតម្រូវឲ្យមានការឃុំខ្លួនពួកគេក្នុងបន្ទប់ដាច់ដោយឡែកពីអ្នកទោសចាស់ រយៈពេល ១៤ ថ្ងៃ ដើម្បីចៀសវាងការឆ្លងជំងឹកូវីដ ១៩។
លោក វណ្ណី បានបញ្ជាក់ថា៖ «យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់តុលាការខេត្ត កំពង់ស្ពឺ ពួកគេទាំងនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន និង ប្រើអំពើហិង្សាបង្កឲ្យមានរបួសស្នាមដល់ជនរងគ្រោះ។ សំណុំរឿងរបស់ពួកគេ នៅមិនទាន់ត្រូវបានតុលាការលើកយកមកជំនុំជម្រះ ឬ ផ្ដន្ទាទោស នៅឡើយទេ»។
បើតាមលោក វណ្ណី មុនពេលផ្ទុះការបះបោរនោះមានអ្នកទោស ៣-៤ នាក់ បានធ្វើពុធជាឈឺចុកពោះរត់ចូលបន្ទប់ទឹកម្ដងហើយម្ដងទៀត។ បន្ទាប់មក ក៏ដេកននៀលយំក្នុងបន្ទប់ឃុំឃាំង ដោយមានអ្នកទោស ៤-១០ នាក់ទៀតនាំគ្នាស្រែកហៅមន្ត្រីពន្ធនាគារ ឲ្យជួយអន្តរាគមន៍នាំពួកគេពេទ្យ ដើម្បីព្យាបាល។ ដោយមិនដឹងពីល្បិចកលរបស់ពួកគេមន្ត្រីពន្ធនាគារ ៤ នាក់ បានទៅចាក់សោបើកទ្វារបន្ទប់ឃុំឃាំង ហើយក៏ត្រូវបានពួកគេនាំគ្នាព្រួតវាយឲ្យរងរបួសទាំង ៤ នាក់តែម្ដង។ ភ្លាមៗនោះ លោកបានរាយការណ៍ទៅលោកអភិបាលខេត្ត កំពង់ស្ពឺ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍បញ្ជូនកម្លាំងប្រដាប់អាវុធចម្រុះចុះមកជាបន្ទាន់ ដើម្បីជួយបង្ក្រាបក្រុមអ្នកបះបោរទាំងនោះ។
លោកបានបន្ថែមថា ១២ នាទី ក្រោយមក [ម៉ោង ៧:១២ នាទី យប់ថ្ងៃអាទិត្យ] សមត្ថកិច្ចចម្រុះរួមមាន នគរបាល កងរាជអាវុធហត្ថ និង ទាហាន សរុបជាង ១០០ នាក់ បានមកដល់ហើយចាប់ផ្ដើមធ្វើការហ៊ុមព័ទ្ធទាំងក្នុងនិងក្រៅបរិវេណពន្ធនាគារ។
លោក វណ្ណី បានបញ្ជាក់ទៀតថា៖ «ពេលនោះ អ្នកទោស ២០ នាក់ ក្នុងចំណោម ៤៦ នាក់ដែលមិនចូលរួមក្នុងបទល្មើសនោះបាននាំគ្នារត់ចូលក្នុងបន្ទប់ឃុំឃាំងវិញ។ ចំណែក ២៦ នាក់ទៀត ដែលជាក្រុមបង្កការបះបោរបាននាំគ្នារត់ឡើងលើដំបូល អគារនៃបន្ទប់ឃុំឃាំង និង ខ្លះទៀតបានរត់ទៅពួនក្បែរ របងលួសបន្លាសុវត្ថិភាពនៃពន្ធនាគារ។ ប៉ុន្តែ នៅវេលាម៉ោង ៧:២០ នាទី សមត្ថកិច្ចយើងបានចាប់ពួកគេបានទាំងអស់បញ្ចូលទៅក្នុងបន្ទប់ឃុំឃាំងវិញដោយសុវត្ថិភាព»។
លោកថា៖ «ពេលនេះ សមត្ថកិច្ចយើងកំពុងរៀបចំពាក្យបណ្ដឹងចោទប្រកាន់ពួកគេពីបទបង្កការបះបោរក្នុងពន្ធនាគារ និង បទប្រព្រឹត្តអំពើហិង្សាដោយចេតនា ដើម្បីដាក់ស្នើទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់វិធានការ ទៅតាមផ្លូវច្បាប់»។
លោក វណ្ណី ក៏បានឲ្យដឹងផងដែរថា មន្ត្រីពន្ធនាគារ ៤ នាក់ ដែលរងរបួសនោះរួមមាន លោក ចែម សុផល អាយុ ៦០ ឆ្នាំ ជាអនុប្រធានពន្ធនាគារខេត្ត កំពង់ស្ពឺ (របួសមុតរយះពោះ), លោក សួង រដ្ឋា ជាអនុប្រធានការិយាល័យរដ្ឋបាល ពន្ធនាគារ (របួសពកក្បាល និង ថ្ងាស) លោក សុន សំណាង និង លោក រី ភ័ណ្ឌ (ទាំង ២ នាក់ មានតួនាទីជានាយរងផ្នែកសន្តិសុខ នៃពន្ធនាគារខេត្តកំពង់ស្ពឺ) រងរបួសជើង មុខ និងមាត់។
ជុំវិញករណីនេះ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃនេះដែរថា ការបង្ក្រាបអ្នកបះបោរនេះ គឺបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរបស់សមត្ថកិច្ចក្នុងការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាដល់សុវត្ថិភាពសន្តិសុខសង្គមជូនប្រជាជន និងប្រទេសជាតិ។
លោកថា៖ «បន្ទាប់ពី ទទួលបានសេចក្ដីរាយការណ៍ពីមន្ត្រីពន្ធនាគារថា មានអ្នកទោសបង្កការបះបោរវាយប្រហារលើមន្ត្រីពន្ធនាគារ ដើម្បីគេចខ្លួនពីពន្ធនាគារខ្ញុំបានបញ្ជាកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទឲ្យចុះបង្ក្រាបជាបន្ទាន់… ដោយចំណាយពេលប្រមាណជាង ១០ នាទីប៉ុណ្ណោះ គឺយើងបង្ក្រាបបានដោយជោគជ័យ គឺគ្មានអ្នកទោសណាម្នាក់អាចរត់គេចខ្លួនពីពន្ធនាគារយើងបានទេ»។
លោក សំណាង បានបន្តថា ថ្វីបើអ្នកទោសទាំងនោះជាអ្នកទោសថ្មីដែលតុលាការមិនទាន់បានជំនុំជម្រះទោស ឬ ផ្ដន្ទាទោសក្ដី ប៉ុន្តែបទល្មើសដែលពួកគេបានបះបោរក្នុងពន្ធនាគារ ដូច្នេះពួកគេនឹងត្រូវប្រឈមបណ្ដឹងចោទប្រកាន់ថ្មីបន្ថែមទៀតពីលើបទល្មើសចាស់របស់ពួកគេ៕