កំពង់ចាមៈ ទីតាំងទិញលក់សត្វព្រៃដ៏ល្បីមួយនៅតាមផ្លូវលេខ ៦ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចខេត្ដចុះបង្រ្កាប កាលពីថ្ងៃទី ២៩ សីហា ដោយរឹបអូសបានសត្វព្រៃ ៣ ប្រភេទ និង បាននាំខ្លួនមេខ្លោងទៅណែនាំឲ្យបញ្ឈប់ការលក់ដូរតទៅទៀត។ នេះបើតាមលោកកែវ នាឫទ្ធិ អភិបាលរងខេត្តកំពង់ចាម ប្រាប់ ភ្នំពេញ បុស្ដិ៍ នៅថ្ងៃទី ៣០ សីហានេះ។
លោក កែវនាឫទ្ធិ បានថ្លែងថា៖ «យើងបាននាំខ្លួនបុរសម្នាក់ឈ្មោះ ជួប ជិន អាយុ ៣៨ ឆ្នាំដែលបានតាំងលក់សត្វព្រៃខុសច្បាប់មកឱ្យធ្វើកិច្ចសន្យា និង អប់រំរួចឲ្យគាត់ត្រឡប់ទៅផ្ទះវិញព្រោះពួកគាត់សុទ្ធតែអ្នកក្រីក្ររកស៊ីគ្រាន់តែចិញ្ចឹមជីវិត»។
លោក បានឲ្យដឹងថា ក្នុងយុទ្ធនាការបង្រ្កាបនេះសមត្ថកិច្ច បានរឹបអូសសត្វព្រៃមួយចំនួន រួមមាន ពស់សង់សឿ៥ក្បាល, ពស់វែកក្របី២ក្បាល និងពស់វែកស្រងែ១ក្បាល សត្វសម្បកត្រពាំង៥ក្បាល និងសត្វខ្វែក ១១ ក្បាលផងដែរ។
បើតាមលោកអភិបាលរង មានសត្វពស់៧ក្បាលនៅរស់ ហើយបានប្រគល់ឲ្យខាងអង្គការអភិរក្សសត្វព្រៃ រីឯសត្វព្រៃជាប្រភេទសត្វសម្បកត្រពាំងនិងសត្វខ្វែកងាប់សរុបមាន ១៦ ក្បាលគឺយកដុតកម្ទេចចោល។
លោកបានបញ្ជាក់ថា ទីតាំងជួញដូរនិងតាំងលក់សត្វព្រៃនេះគេប្រើរូបភាពដាក់លក់បន្លំជាមួយសត្វក្នុងស្រុកដូចជាសត្វទា ក្រួច ជាដើម ដោយបានប្រព្រឹត្ដច្រើនឆ្នាំមកហើយ។
លោកថា អ្នកប្រព្រឹត្តមុខដដែលៗបើទោះជាសមត្ថកិច្ចធ្លាប់បានបង្ក្រាបនិងអប់រំ ច្រើនលើកក៏ដោយ៕