ភ្នំពេញ៖ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​កូន​ប្រសា​ឧកញ៉ា ហេង សៀ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ នេះ បន្ទាប់​ពី​ឃាត់​ខ្លួន​កាល​យប់​ថ្ងៃទី ១៥ ខណៈ​កូនស្រី​នៅ​មិន​ទាន់​បញ្ចូន​ទៅ​តុលាការ​នោះ​ទេ។ នេះ​បើ​តាម​លោក សាន សុខសីហា អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ។

លោក សាន សុខសីហា បញ្ជាក់​បន្ថែម​ថា៖ «កូន​ប្រសា​ប្រុស ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ​នៅ​ព្រឹក​នេះ។ (ចំពោះ​ករណី​កូនស្រី លោក ហេង សៀ) គឺ​ជា​កិច្ចការ​របស់​មេធាវី និង​តុលាការ»។

កាល​ពី​ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​ដែល​ត្រូវ​ជា​កូន និង​កូន​ប្រសា​លោក ហេង សៀ គឺ​មានឈ្មោះ ឃន ឈុនដារ៉ា ជា​ប្តី និង​ឈ្មោះ តាំង គីមហៀង ដែល​អ្នក​ទាំង​ពីរ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ម្ចាស់​ហាង​កាហ្វេ​ល្បី​ឈ្មោះ The KOI និង Tube Café រួម​ទាំង​មាន​អាជីវកម្ម​មួយ​ចំនួន​ផ្សេង​ទៀត។

ការ​ឃាត់​ខ្លួន​នេះ គឺ​មាន​ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​ភ័ស្តុតាង​ថ្មី​ទៅ​នឹង​ការ​ជួល​មនុស្ស​ប្រុស​ស្រី​ថត​រូប​អាសអាភាស ដើម្បី​បំភាន់​សាធារណជន និង​បំផ្លាញ​កិត្តិយស​កញ្ញា មាន ពេជ្ររីតា ដែល​មាន​រឿង​ក្តី​ក្តាំង​ជាមួយ​នឹង​លោក ហេង សៀ កាល​ពី​ថ្ងៃទី ៤ ខែ​ឧសភា។

ភ្នំពេញ ប៉ុស្ដិ៍ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ លោក គុជ គឹមឡុង អ្នក​នាំពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ ជុំវិញ​ព័ត៌មាន​ខាង​លើ​នេះ​បាន​ទេ៕