ភ្នំពេញ: នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ពី​ម្សិលមិញ​​បាន​បញ្ជូន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៤ ខែ​ឧសភា រឿង​​ក្លែង​ខ្លួន​ជា​មន្ត្រីនគរបាល​ថ្នាក់​ឧត្តមសេនីយ៍ទោ​ទៅ​ឆបោក​អ្នកដទៃ និង​​ធ្លាប់​គំរាម​សម្លាប់​ពលរដ្ឋ​ព្រមទាំង​ប្រើ​អាវុធ​ខុសច្បាប់​។

លោក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ សេង សុភ័ក្រត្រា អាយុ​ ៤៧ ​ឆ្នាំ​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចរាល់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ ៦ ឧសភា ដើម្បី​ឲ្យ​តុលាការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​មន្ត្រី​ជំនាញ​យើង​បាន​សាកសួរ​ចប់​សព្វគ្រប់ អ៊ីចឹង​គាត់​បញ្ជូន​ទាំង​សំណុំរឿង និង​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ហើយ​។ គាត់​ធ្លាប់​បោក​គេ គំរាម​សម្លាប់​គេ អ៊ីចឹង​យើង​ត្រូវតែ​ចាប់ខ្លួន​គាត់​»​។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា លោក​បាន​ទទួល​សំណុំរឿង​នេះហើយ​ និង​បាន​បញ្ជូន​បន្តទៅ​តំណាង​អយ្យការ​។

លោក​បញ្ជាក់ថា​៖ «​តំណាង​អយ្យការ​ក៏​កំពុង​បន្ត​សាកសួរ​ជនសង្ស័យ​តាម​នីតិវិធី​ដែរ ប៉ុន្ដែ​មិន​ទាន់​ដឹងថា តុលាការ​​សម្រេច​បែបណា​ទេ ខ្ញុំ​នឹង​ជម្រាប​ជូន​នៅពេល​ក្រោយ​ទៀត​»​។

លោក មុំ ចេក នាយការិយាល័យ​រដ្ឋបាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ការឃាត់​​ខ្លួន​នេះ​ធ្វើ​ឡើង​តាម​បទបញ្ជា​លោក ​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក ង៉េង ជួ ប្រធាន​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ និង​ដឹកនាំ​ប្រតិបត្តិការ​ដោយ​លោក ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក​បន្តថា នគរបាល​បាន​ឃាត់ខ្លួន​ឈ្មោះ សេង សុភ័ក្រត្រា​នៅក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ​ជនសង្ស័យ​បាន​ក្លែងខ្លួន​ជា​មន្ត្រីនគរបាល​ថ្នាក់​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​ ២) ​និង​បាន​កុហក​អ្នកដទៃ​ថា ខ្លួន​បម្រើ​ការងារ​នៅ​ក្រសួង​មហាផ្ទៃ​។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​រូបនេះ​បាន​ធ្វើ​សកម្មភាព​គំរាមកំហែង​សម្លាប់​អ្នកដទៃ គំរាម​ហែកកេរ្ដិ៍ ឆបោក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ព្រោះ​គាត់​បាន​ឆបោក​ពលរដ្ឋ​ (​លាក់​អត្តសញ្ញាណ​) រឿង​រត់​ការចូល​ក្របខ័ណ្ឌ​នគរបាលជាតិ ​តែ​រត់ការ​មិនបាន​សម្រេច ហើយ​ក៏​ចាយលុយ​អស់​ទៅ​ដល់​ពេល​ជនរងគ្រោះ​ទូរស័ព្ទ​ទារលុយ គំរាម​សម្លាប់​គេ​វិញ​»​។

លោក​ មុំ ចេក បាន​បន្ថែម​ថា​ក្រោយពី​សមត្ថកិច្ច​សួរ​លម្អិត ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទ​នោះ​មែន​។ កាលពី​ចុង​ឆ្នាំមុន​ជនសង្ស័យ​បាន​លួងលោម​ជនរងគ្រោះ​ម្នាក់​នៅ​ភ្នំពេញ​ដោយ​បាន​ទាមទារ​យក​ប្រាក់​ ១៥ ០០០ ​ដុល្លារ ដើម្បី​រត់ការ​ឲ្យ​កូនប្រុស​ជនរងគ្រោះ​បាន​ចូល​ក្របខ័ណ្ឌ​នគរបាលជាតិ​។

លោក​ថា ក្រោយពី​ទទួល​បាន​លុយ​​ជនសង្ស័យ​យក​ទៅ​រត់​ការមិន​សម្រេច និង​បាន​ចាយលុយ​នោះ​អស់​។ ​លុះ​ជនរងគ្រោះ​ទូរស័ព្ទ​ទារលុយ​វិញ​ជនសង្ស័យ​បែរជា​ផ្ញើ​សារ​គំរាម​បាញ់សម្លាប់​បើ​សិន​នៅតែ​ទារលុយ​ទៀត​។ បន្ទាប់មក ជនរងគ្រោះ​បាន​ប្ដឹង​មក​សមត្ថកិច្ច ទើប​ឈាន​ដល់​ការឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​ ៤ ​ខែ​ឧសភា​តែ​ម្ដង​ក្នុង​នោះ​មាន​ទាំង​អាវុធខ្លី​ ១ ​ដើម ម៉ាក​ Glock26 ដែល​គ្មាន​លិខិត​ប្រើប្រាស់​ផងដែរ​៕