ភ្នំពេញៈ បុរសអាយុ ៤៥ ឆ្នាំម្នាក់ ជាជនសង្ស័យក្នុងអំពើចាប់ក្មេងស្រីម្នាក់រំលោភ នៅក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនហើយគ្រោងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ។
លោក ថេង កុសល នាយនគរបាលរដ្ឋបាលសង្កាត់ចោមចៅ ៣ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ក សេង អាយុ ៤៥ ឆ្នាំ រីឯក្មេងស្រីរងគ្រោះអាយុ ៨ ឆ្នាំ រស់នៅក្នុងខណ្ឌពោធិសែនជ័យ។ ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ។
លោក កុសល បានថ្លែងថា៖ «តាមចម្លើយរបស់ជនសង្ស័យប្រាប់ថា គាត់មិនបានរំលោភក្មេងស្រីរងគ្រោះទេ តែគាត់យកម្រាមដៃលូកប្រដាប់ភេទក្មេងរងគ្រោះ។ យ៉ាងណាចាំមើលលិខិតកោសល្យវិច័យពីគ្រូពេទ្យបន្តទៀត»។
លោក កុសល បានឲ្យដឹងថាមុនកើតហេតុម្តាយក្មេងរងគ្រោះមិនបាននៅផ្ទះទេ ហើយបានផ្ញើក្មេងស្រីរងគ្រោះជាមួយនឹងជនសង្ស័យព្រោះយល់ថាជាអ្នករាប់អានគ្នា។
លោក កុសល បានឲ្យដឹងថា៖ «លុះម្តាយត្រឡប់មកវិញបានចាប់កូនងូតទឹកឲ្យ ក៏ស្រាប់តែឃើញហូរឈាមតាមប្រដាប់ភេទ។ ពេលនោះម្តាយក្មេងរងគ្រោះក៏សួរកូនតែក្មេងរងគ្រោះមិនប្រាប់ម្តាយទេបើទោះស្រ្តីជាម្តាយនិយាយអង្វរយ៉ាងណាក៏ដោយក៏ក្មេងរងគ្រោះមិននិយាយប្រាប់ដែរ។ ដោយសារកូនមិននិយាយប្រាប់ក៏ឲ្យម្តាយមីងរបស់ក្មេងរងគ្រោះអង្វរលួងលោមទើបក្មេងរងគ្រោះព្រមនិយាយប្រាប់ថាកាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ជនសង្ស័យបានចាប់នាងហើយលេងប្រដាប់ភេទរបស់នាងនៅក្នុងផ្ទះ»។
លោក ជា សុវណ្ណ អធិការរងនគរបាលខណ្ឌពោធិសែនជ័យបានឲ្យដឹងកាលពីម្សិលមិញថាជនសង្ស័យត្រូវបញ្ជូនទៅតុលាការនៅថ្ងៃចន្ទនេះ៕