បន្ទាយមានជ័យ៖ សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ចាប់​ខ្លួន​ពី​ថ្ងៃទី ២៤ មេសា នៅ​ភូមិសង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាល័យ ខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​នាំ​ពលករ​ ១០ នាក់​ឆ្លង​ទៅ​ថៃ រីឯ​បក្ខពួក​ម្នាក់​ទៀត​កំពុង​តាម​ចាប់​ខ្លួន។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា បុរស​ជា​មេខ្យល់​នោះ​ឈ្មោះ ម៉ក់ ឈន់ អាយុ ៤៣ ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី ២៥ មេសា​នេះ។ រីឯ​បក្ខពួក​គេ​ម្នាក់​ទៀត​ឈ្មោះ សួស គិម ដែល​បាន​រត់​គេច​ខ្លួន​ គឺ​សមត្ថកិច្ច​លោក​កំពុង​ស្រាវជ្រាវ ដើម្បី​ចាប់​ខ្លួន។ ចំណែក​មនុស្ស ១០ នាក់ ក្នុង​នោះ​មាន​ក្មេង ៤ នាក់​ផង​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​នេះ។

លោក​បាន​ថ្លែង​ថា៖ «ជនល្មើស​ដែល​យើង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​បទ​នាំចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​ការ​ឆ្លង​ដែន។ ឯ​បក្ខពួក​គេ​ដែល​គេច​ខ្លួន​នោះ​ក៏​ដូច​គ្នា​ដែរ»។

លោក​បាន​រំឭក​ប្រាប់​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី ២៤ មេសា ខណៈ​ពួក​គេ​កំពុង​បើក​រថយន្ត ១ គ្រឿង ម៉ាក​បាឡែន​ពណ៌​ទឹក​ប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2w-9568 នៅ​ចំណុច​បង្គោល​គីឡូលេខ ៣៤ ក្នុង​ទឹកដី​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​បាន​បន្ត​ថា ដោយ​មាន​ការ​សង្ស័យ​សមត្ថកិច្ច​របស់​លោក​បាន​ស្ទាក់​ហៅ​រថយន្ត​នោះ​ឱ្យ​ឈប់​តែ​ដោយ​ដឹង​ខ្លួន​បុរស​អ្នក​បើកបរ​ឈ្មោះ សួស គិម បាន​បើក​ទ្វារ​រថយន្ត​គេច​ខ្លួន​បាត់​នៅ​សល់​តែ​ពលករ ១០ នាក់ ក្នុង​នោះ​ស្ត្រី ៣ នាក់ បុរស ៣ នាក់ និង​ក្មេង ៤ នាក់។ ចំណែក​ឈ្មោះ ម៉ក់ ឈន់ ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​នាពេល​នោះ​ដែរ។

យ៉ាងណា​ក្ដី បើ​តាម​លោក ព្រហ្ម ថេង ក្រោយ​ចាប់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ម៉ក់ ឈន់ ជន​នេះ​បាន​ឆ្លើយ​ដោះសារ​ប្រាប់​សមត្ថ​កិច្ច​ថា រូប​គេ​គ្រាន់​តែ​ស៊ី​ឈ្នួល​សម្រួល​មើល​ផ្លូវ​ឱ្យ​ឈ្មោះ សួស គិម ប៉ុណ្ណោះ។ រីឯ​កម្រៃ​ជើងសា​វិញ គឺ​គេ​ទទួល​បាន​ក្នុង ១ ជើង​ពី ១០ ទៅ ១២ ម៉ឺន​រៀល ហើយ​ថា​ឈ្មោះ សួស គិម តែងតែ​រកស៊ី​លួច​ដឹក​ពលករ​ជា​ញឹកញាប់​ដែរ។

ដោយ​ឡែក​ចំពោះ​ពលករ​ដែល​មាន​ទាំង​ក្មេង​ទាំង​ចាស់​សរុប ១០ នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​បញ្ជូន​ទៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​នៅ​ក្រុង​ប៉ោយប៉ែត​អស់​ហើយ៕