បន្ទាយមានជ័យ៖ នគរបាល​ស្រុក​ស្វាយចេក បាន​បញ្ជូន​ជនសង្ស័យ​ជា​មេ​ខ្យល់​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​រសៀល​ថ្ងៃទី ៤ ខែ​ឧសភា​នេះ បន្ទាប់​ពី​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ដឹក​ជញ្ជូន​ពលរដ្ឋ ១១ នាក់ បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។

អធិការ​នគរបាល​ស្រុក​ស្វាយចេក លោក ជា ស្លូញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា សមត្ថកិច្ច​លោក​បាន​ចាប់​ខ្លួន​មេ​ខ្យល់​ម្នាក់​ឈ្មោះ ស្រឿង សារ៉េត ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ និង​រថយន្ត ១ គ្រឿង ខណៈ​កំពុង​ដឹក​ពលរដ្ឋ​ប្រុសស្រី និង​ក្មេង​សរុប ១១ នាក់ បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់​កាល​ពី​យប់​ថ្ងៃទី ៣ ខែ​ឧសភា នៅ​ចំណុច​ភូមិ​ដំណាក់កកោះ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

បើ​តាម​លោក ជា ស្លូញ មុន​ពេល​ឃាត់​ខ្លួន​ជនសង្ស័យ​រូប​នេះ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ដែល​ឈរ​ជើង​នៅ​គោលដៅ​ខ្លោង​ទ្វារ​ចូល​ក្នុង​ភូមិ​តេជោភ្នំឆត្រ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​ចម្ការគ​នៃ​វរសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ ៩១១ ដោយ​បាន​ចុះល្បាត​នៅ​ចំណុច​ភូមិ​ដំណាក់​កកោះ។

ពេល​នោះ​ស្រាប់​តែ​បាន​ឃើញ​រថយន្ត ១ គ្រឿង មាន​ដឹក​ពលករ​ចំនួន ១១ នាក់ ​បម្រុង​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ ក៏​បាន​ឃាត់​រថយន្ត និង​មនុស្ស​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​តែ​ម្តង។

លោក​ថ្លែង​ថា៖ «ឥឡូវ​យើង​បាន​ដំណើរការ​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​ហើយ ដើម្បី​រៀបចំ​នីតីវិធី​បញ្ជូន​ទៅ​តុលាការ​តែ​ម្តង»។

បើ​តាម​លោក​ ជា ស្លូញ ពលរដ្ឋ​ទាំង ១១ នាក់​នោះ​មានស្រី ៧ នាក់ ក្នុង​នោះ​មាន​កុមារី​ម្នាក់​ផង។

ក្រៅ​ពី​នោះ​មាន​កុមារា ២ នាក់ និង​មនុស្ស​ប្រុស​ពេញ​វ័យ។ ពួក​គេ​ទាំង​នោះ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តរមានជ័យ។ ចំណែក​រថយន្ត​ម៉ាក​ស្ដារិច​ពណ៌​ទឹក​ប្រាក់​ពាក់​ស្លាកលេខ​ភ្នំពេញ2BB-9491 ជា​របស់​អ្នក​បើកបរ​ជា​មេ​ខ្យល់​ឈ្មោះ​ ស្រឿង សារ៉េត រស់​នៅ​ភូមិ​បន្ទាយឆ្មារត្បូង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

លោក​អធិការ​ស្រុក​បាន​បញ្ជាក់​ថា៖ «ចំពោះ​ពលរដ្ឋ​សរុប​ទាំង ១១ នាក់ ដែល​មាន​ទាំង​ក្មេង ៣ នាក់​ផង​នោះ យើង​បាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​វិទ្យាល័យ​ស្វាយចេក​អស់​ហើយ»។

លោកស្រី ឌី សុជាតិ ស្នងការ​រង​ទទួល​ការងារ​យេនឌ័រ និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​ដឹង​ថា លោកស្រី​មិន​ទាន់​ទទួល​បាន​សំណុំរឿង និង​ជន​សង្ស័យ​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃទី ៤ ខែ​ឧសភា​នេះ។

លោកស្រី​បាន​ថ្លែង​ថា «ខ្ញុំ​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។ ដំបូង​ខាង​អធិការ​ប្រាប់​ថា បញ្ជូន​មក​នៅ​ពេល​ព្រឹក ប៉ុន្តែ​ដោយសារ​ធ្វើ​សំណុំ​រឿង​មិន​ទាន់ លោក​ក៏​បាន​បញ្ជាក់​មក​វិញ​ថា នឹង​បញ្ជូន​មក​នៅ​ពេល​រសៀល»៕