ភ្នំពេញ: មន្ត្រីជំនាញមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិកាលពីម្សិលមិញបានបញ្ជូនបុរសសង្ស័យចំនួន ៣ នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីឃាត់ខ្លួនជាបន្តបន្ទាប់ នៅតាម ៣ គោលដៅផ្សេងគ្នា ប៉ុន្ដែពួកគេជាបណ្ដាញបក្ខពួកតែមួយពាក់ព័ន្ធករណីដឹកជញ្ជូន និងរក្សាទុកគ្រឿងញៀនចម្រុះសរុបជាង ២ គីឡូ។
លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបានថ្លែងពីម្សិលមិញថា ជនសង្ស័យចំនួន ៣ នាក់ និងវត្ថុតាងគ្រឿងញៀនត្រូវបានមន្ត្រីជំនាញមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១០ ខែមករា ដើម្បីឱ្យតុលាការចាត់ចែងបន្តតាមនីតិវិធីច្បាប់។
លោកបន្តថា ជនសង្ស័យទាំង ៣ នាក់ ជាបក្ខពួកតែមួយ ប៉ុន្ដែពួកគេបានចងក្រងគ្នាជាបណ្ដាញដើម្បីងាយស្រួលចែកចាយសារធាតុញៀន ឬគ្រឿងញៀនទៅតាមគោលដៅរបស់ពួកគេ។ សមត្ថកិច្ចឃាត់ខ្លួននៅរាជធានីភ្នំពេញបានបុរសសង្ស័យម្នាក់ឈ្មោះ មាស ធីតា អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរកាលពីថ្ងៃ ៥ មករា ហើយ ២ ថ្ងៃ ក្រោយមកតាមចាប់បាន ២ នាក់ទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ឡឹក វណ្ណៈ បញ្ជាក់ថា៖ «ក្រៅពីខ្សែបណ្ដាញពួកគេទាំង ៣ នាក់នេះ គឺយើងកំពុងកំណត់អត្តសញ្ញាណបក្ខពួកបន្ថែមទៀត ប៉ុន្ដែយ៉ាងណាយើងក៏មានសញ្ញាវិជ្ជមានខ្លះដែរហើយ ដោយមន្ត្រីជំនាញយើងនៅតែតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីឃាត់ខ្លួនជនល្មើសគ្រឿងញៀនទាំងអស់ហ្នឹងឱ្យអស់តែម្ដង គឺយើងធ្វើសកម្មភាពឱ្យដូចភ្លៀងរលឹមអ៊ីចឹង»។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញសំណុំរឿងជនសង្ស័យទាំង ៣ នាក់នៅឡើយ។
តាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបានឱ្យដឹងពីម្សិលមិញថា កម្លាំងជំនាញការិយាល័យ (ក ១០) នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកនាយករង សារី បុត្រសត្យា លោកនាយករង យឹម សែនឧត្តម លោកនាយករង ញ៉ុង រស់ប្រាថ្នា និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដោយមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យសមត្ថកិច្ចបានចុះបង្ក្រាប ៣ គោលដៅផ្សេងៗគ្នា។
របាយការណ៍នេះបន្តថា ករណីទី១ គឺសមត្ថកិច្ចរាជធានីភ្នំពេញចុះបង្ក្រាបបាននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនៅថ្ងៃទី ៥ ខែមករា។ ចំណែក ២ ករណីទៀតត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យចុះបង្ក្រាបនៅថ្ងៃទី ៧ ខែមករា នៅសង្កាត់ប៉ាលិលេយ្យ ក្រុងប៉ោយប៉ែត និងនៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ទីរប្រឆាំងគ្រឿងញៀនបន្ថែមថា លទ្ធផលនៃការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ទី១- ឈ្មោះ មាស ធីតា អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ទី២- ឈ្មោះ ស្រេង ឡុងហេង អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សេង ប៊ុនហៃ អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរដោយពួកគេជាបក្ខពួកបណ្ដាញតែមួយ។ ចំណែកវត្ថុតាងសារធាតុញៀនដែលសមត្ថកិច្ចរឹបអូសបានមានប្រភេទចម្រុះសរុបជាង ២ គីឡូក្រាមដូចជា អិចស្ដាហ្ស៊ី មេតំហ្វេតាមីន កេតាមីន និងជាច្រើនប្រភេទទៀត។
បើតាមរបាយការណ៍ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធីច្បាប់៕