បន្ទាយមានជ័យ៖ សមត្ថកិច្ចច្រកព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចអូរ ៣ ជាន់ ខេត្តបន្ទាយមានជ័យបានបដិសេធថា មិនមានការនាំចូលជ្រូកមិនស្របច្បាប់នៅពេលយប់តាមច្រកដែលខ្លួនការពារនោះទេ ខណៈមន្ត្រីអះអាងថា ក្នុងដំណាក់កាលនេះ សមត្ថកិច្ចកំពុងបន្តរឹតបន្ដឹងកាន់តែខ្លាំង។
ការបដិសេធនេះ បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់ថា មានជ្រូកមិនស្របច្បាប់ដឹកចេញពីប្រទេសថៃ ជារៀងរាល់យប់រាប់រយក្បាល តាមច្រករបៀងព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចច្រកអូរ ៣ ជាន់ និងច្រករបៀងផ្សេងៗទៀត។
លោក ណង សំរ៉ាំង នាយប៉ុស្តិ៍នគរបាលឃុំអូរ ៣ ជាន់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា មិនមានការនាំជ្រូកខុសច្បាប់តាមច្រកព្រំដែនអូរ ៣ ជាន់នោះទេ តែការដឹកចូលមកនេះ គឺជាជ្រូកស្របច្បាប់ ហើយគ្រាន់តែដឹកឆ្លងកាត់តំបន់នេះប៉ុណ្ណោះ។
ការអះអាងយ៉ាងដូច្នេះដោយលោកសំអាងថា តាមច្រកព្រំដែនក្នុងឃុំអូរ ៣ ជាន់ គឺមានការយាមកាមយ៉ាងតឹងរ៉ឹងក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩។ ការរឹតបន្ដឹងនេះ គឺខ្លាំងសូម្បីតែមនុស្ស ក៏មិនឲ្យមានការឆ្លងកាត់ផ្តេសផ្តាសដែរ។
លោកបានបញ្ជាក់ថា៖ «នៅច្រកនេះ មិនមានច្បាប់ទម្លាក់ឲ្យចេញទេ ព្រោះតាមច្រកគេបិទអស់ហើយ។ បើជ្រូកមានតែនាំចូលពីអូរស្មាច់មកវិញ ដែលមានលក្ខណៈស្របច្បាប់។ ខ្ញុំសូមបញ្ជាក់ថា យើងការពារបានតឹងរ៉ឹងល្អណាស់ មិនមានការនាំចូលខុសច្បាប់ដល់រាប់រយក្បាលទេ»។
បើតាមលោក ណង សំរុំាង ដោយសារតែមានការយាមកាមបានតឹងរ៉ឹង ក្រុមអាជីវករមួយចំនួនបានបង្វែរការទិញជ្រូកដោយខុសច្បាប់ពីប្រទេសថៃ ទៅទិញជ្រូកតាមក្រុមហ៊ុនដែលនាំចូលដោយស្របច្បាប់វិញ។
ដោយសារតែប្រទេសថៃ មានផ្ទុះជំងឺបេស្តជ្រូកអាហ្វ្រិក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកែប្រែនីតិវិធីនៃការនាំចូលជ្រូក និងបានរឹតបន្តឹងខ្លាំងចំពោះការនាំចូលជ្រូកខុសច្បាប់ពីប្រទេសនេះ។
ករណីនាំជ្រូកមានជំងឺពីថៃនេះ កាលពីថ្ងៃទី ១ ខែមេសា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានដុតកម្ចេចជ្រូកជាង ១០០ ក្បាល ដែលចាប់បាននៅខេត្តស្ទឹងត្រែង បន្ទាប់ពីវិភាគសំណាកឃើញមានជំងឺបេស្តជ្រូកអាហ្រ្វិក៕