សៀមរាប: មន្ត្រីជំនាញមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធករណីឈូសឆាយដីព្រៃរបស់រដ្ឋជាង ៦ ហិកតា នៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បន្ទាប់ពីសាលាដំបូងខេត្តសម្រេចឃុំខ្លួនមនុស្ស ៩ នាក់ ពីថ្ងៃទី ៨ សីហា និងរឹបអូសត្រាក់ទ័រ ៨ គ្រឿង និងម៉ូតូ ១ គ្រឿងក្នុងសំណុំរឿងនេះ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានថ្លែងពីម្សិលមិញថា សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីស្រាវជ្រាវរកឃាត់ខ្លួនជនល្មើសច្រើននាក់ទៀតពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃរដ្ឋជាង ៦ ហិកតា នៅទីតាំងខាងលើនេះ បន្ទាប់ពីឃាត់ខ្លួន ៩ នាក់ ជាមួយវត្ថុតាងត្រាក់ទ័រ ៨ គ្រឿង និងម៉ូតូ ១ គ្រឿងកាលពីថ្ងៃទី ៧ ខែសីហា រួចបានបញ្ជូនទៅកាន់តុលាការ។
លោកបន្តថា ប្រតិបត្តិការនេះគឺមានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងមន្ត្រីនគរបាលប៉ុស្តិ៍កន្ទួត និងកម្លាំងយោធាភូមិភាគ ៤ ទើបអាចឃាត់ខ្លួនពួកគេ និងគ្រឿងចក្រខាងលើនេះបាន។ ជនសង្ស័យបាននាំគ្នាឈូសឆាយដីព្រៃរបស់រដ្ឋរួចភ្ជួរដីព្រៃអស់ ៦,២២៥ ហិកតា ដោយកាប់រំលំដើមឈើមួយចំនួន និងបោះបង្គោលកំណត់ព្រំដីដោយខ្លួនឯង។
លោក ប៊ុនលីម បញ្ជាក់ថា៖ «យើងបានយកគ្រឿងចក្រ និងម៉ូតូមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ រីឯជនសង្ស័យត្រូវបានរៀបចំសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើបញ្ជូនទៅតុលាការ តែខ្ញុំអត់ដឹងតុលាការសម្រេចបែបណាទេ។ ក្រៅពីជនសង្ស័យទាំង ៩ នាក់នេះគឺយើងនៅសង្ស័យមានអ្នកពាក់ព័ន្ធផ្សេងទៀត អ៊ីចឹងយើងកំពុងបន្តស្រាវជ្រាវចាប់ខ្លួនបន្ថែមទៀតដើម្បីអនុវត្តតាមនីតិវិធីច្បាប់»។
លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានថ្លែងពីម្សិលមិញថា ចៅក្រមសាលាដំបូងខេត្តបានសម្រេចឃុំខ្លួនជនសង្ស័យ ៩ នាក់នោះនៅពន្ធនាគារបណ្ដោះអាសន្នរួចរាល់ហើយកាលពីថ្ងៃទី ៨ ខែសីហា ដោយចោទពីបទកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋដោយគ្មានការអនុញ្ញាត ប៉ុន្ដែលោកមិនបានបញ្ជាក់ពីមាត្រាទេ។
លោកបញ្ជាក់ថា៖ «ចៅក្រមសម្រេចឃុំខ្លួនទាំង ៩ នាក់ហ្នឹង ហើយក្រោមបទចោទប្រកាន់កាប់ទន្ទ្រានដីព្រៃរបស់រដ្ឋដោយគ្មានការអនុញ្ញាតស្ដីពីច្បាប់រដ្ឋបាលព្រៃឈើ ប៉ុន្ដែខ្ញុំអត់ចាំមាត្រាទេទាល់តែមើលក្នុងរបាយការណ៍...»។
លោក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបានថ្លែងពីម្សិលមិញថា លោកបានទទួលព័ត៌មានពីការបង្ក្រាបបទល្មើសឈូសឆាយដីព្រៃនេះ ប៉ុន្ដែមន្ត្រីរដ្ឋបាលព្រៃឈើមិនបានស្នើកម្លាំងលោកបន្ថែមក្នុងប្រតិបត្តិការនេះទេ។ លោកថា៖ « មន្ត្រីរដ្ឋបាលព្រៃឈើ គាត់អត់ស្នើកម្លាំងខ្ញុំឲ្យជួយពួកគាត់ទេ ប្រហែលជាគាត់មានកម្លាំងគ្រប់គ្រាន់ហើយ»។
លោក ចាន់ ចំរើន មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តសៀមរាបបានថ្លែងពីម្សិលមិញថា បទល្មើសរំលោភដីធ្លីនៅខេត្តសៀមរាបបានកើតមានជាច្រើនរូបភាព ហើយក៏មានច្រើនភាគីចូលរួមប្រព្រឹត្តបំពានច្បាប់ដែរ។ ក្នុងនោះបុគ្គលមានអំណាច និងអ្នកមានលុយខ្លះ តែងតែឃុបឃិតគ្នាជាមួយមន្ត្រីពុករលួយខ្លះរំលោភយកដីរដ្ឋ ប៉ុន្ដែមិនត្រូវបានទទួលទោសទណ្ឌឲ្យស្មើភាពគ្នាទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំគ្រាន់តែស្នើឲ្យដាក់ទោសទណ្ឌអ្នកមានលុយ មានអំណាចដែលឃុបឃិតគ្នារំលោភដីរដ្ឋនេះគឺទទួលទោសតាមច្បាប់ឲ្យដូចនឹងពលរដ្ឋសាមញ្ញដែរ ព្រោះអ្នកមានលុយទាំងអស់ហ្នឹង រំលោភយកដីរដ្ឋធំៗណាស់ អ៊ីចឹងខ្ញុំចង់ឲ្យតុលាការដាក់ទោសតាមច្បាប់ឲ្យមានតម្លាភាព និងផ្ដល់យុត្តិធម៌ដល់អ្នករងគ្រោះ»៕