ភ្នំពេញៈ នគរបាលខណ្ឌចំការមន រាជធានីភ្នំពេញកំពុងរៀបចំសំណុំរឿងបញ្ជូនក្រុមដើរឆក់អ្នកដំណើរតាមដងផ្លូវចំនួន ៤ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដែលតាមគម្រោងត្រូវធ្វើនៅថ្ងៃទី ២៦ កុម្ភៈនេះ បន្ទាប់ពីស្រាវជ្រាវចាប់បានកាលពីថ្ងៃទី ២៣ កុម្ភៈនៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោក ឈួន មៀចស៊ីម៉ូលិន អធិការរងផែនព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌចំការមនប្រាប់កាលពីម្សិលមិញថា ក្រុមឆក់សកម្មចំនួន ៤ នាក់ដែលសមត្ថកិច្ចរបស់លោកចាប់ខ្លួនបាននេះធ្លាប់ដើរធ្វើសកម្មភាពឆក់ជាច្រើនករណីនៅក្នុងខណ្ឌចំនួន ២ គឺខណ្ឌសែនសុខ និងខណ្ឌចំការមន។ សមត្ថកិច្ចត្រូវបញ្ជូនពួកគេបន្តទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២៦ កុម្ភៈ។
លោកថ្លែងថា៖ «ថ្ងៃស្អែកនេះ (ថ្ងៃទី ២៦ កុម្ភៈ) ខ្ញុំបញ្ជូនពួកគេទៅតុលាការហើយព្រោះបច្ចុប្បន្ននេះយើងកំពុងកសាងនីតិវិធីមិនទាន់ចប់»។
លោកបន្តថា មុនឈានដល់ការចាប់ខ្លួនក្រុមជនសង្ស័យទាំងនេះគឺដោយសារកាលពីវេលាម៉ោង ២ និង ១៥ នាទីរសៀលថ្ងៃទី ១១ កុម្ភៈ ពួកគេបានឆក់កាបូបស្ពាយពីគូសង្សារជាជនបរទេស ២ នាក់នៅចំណុចមុខផ្ទះលេខ ៥ ផ្លូវ ៤៦០ ភូមិ ៤ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញបានសម្រេច រួចបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
លោកបន្តថា បន្ទាប់កើតមានហេតុការណ៍ និងប្រមូលបានព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ សមត្ថកិច្ចរបស់លោកកំណត់មុខសញ្ញាបាន និងចេញប្រតិបត្តិការស្រាវជ្រាវរហូតចាប់ខ្លួនបាន ៨ នាក់កាលពីម៉ោង ១០ កន្លះយប់ថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២០ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប៉ុន្តែក្រោយពីសមត្ថកិច្ចលោកសាកសួរទៅឃើញថា អ្នកជាប់ពាក់ព័ន្ធមានតែ ៤ នាក់ប៉ុណ្ណោះចំណែកមនុស្ស ៤ នាក់ទៀតមិនជាប់ពាក់ព័ន្ធទេ។
ទោះយ៉ាងណាលោកថា មិនអាចបង្ហាញអត្តសញ្ញាណក្រុមជនសង្ស័យទាំងនោះបានទេដោយសារពួកគេជាអនីតិជន និងមិនទាន់ឆ្លងកាត់ការជំនុំជម្រះពីតុលាការ។
លោកថា៖ «បើតាមចម្លើយពួកគេគឺសុទ្ធតែអ្នកបោះបង់ការសិក្សាចោល និងមានអាយុចន្លោះពី ១៥ ទៅ ១៧ ឆ្នាំដែលសុទ្ធតែអនីតិជន»។
លោក មៀច ស៊ីម៉ូលិន បានបន្ថែមថា ក្រោយពីប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានទី ១- ម៉ូតូម៉ាកហុងដា Beat ស៊េរីឆ្នាំ 2019 ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 1HY-5651 ទី ២- ម៉ូតូម៉ាកហុងដាសង់ ស៊េរីឆ្នាំ 2019 ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1HX-3844 ទី ៣- ម៉ូតូម៉ាកហុងដា scopy ស៊េរីឆ្នាំ 2020 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HZ-0851 និងទី ៤- ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ស៊េរីឆ្នាំ 2020 ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1HZ-1877។ ម៉ូតូទាំង ៤ គ្រឿងនេះជាមធ្យោបាយដែលក្រុមជនសង្ស័យខាងលើជិះធ្វើសកម្មភាពកន្លងមក។
ទាក់ទងនឹងបទល្មើសនានាកាលពីថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ២០២០ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃធ្លាប់បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធរិះរកវិធានការឆ្លើយតបឲ្យបានទាន់ពេល ខណៈរបាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថានៅឆ្នាំ ២០១៩ កន្លងទៅបទល្មើសនានាមានការកើនឡើង៕