កណ្ដាលៈ សមត្ថកិច្ច​បានសម្រេច​សង់ផ្ទះ​ ១ ​ខ្នង​ ជូន​បុរស​ «​វិកលចរិត​» ​ម្នាក់​នៅ​ភូមិ​អន្លង់ ឃុំ​ព្រែកតាមាក់ ស្រុក​ខ្សាច់កណ្តាល ដែល​ត្រូវ​ប្អូនស្រី​ចាប់​ដាក់​ច្រវាក់ ជើង នៅក្រោម​ដើមស្វាយ​ក្រោយ​ផ្ទះ អស់​រយៈពេល​ ១០ ​ឆ្នាំ​មកហើយ ដើម្បី​កុំឲ្យ​បុរស​រូបនេះ​ដើរ​ប្រព្រឹត្ត​អំពើហិង្សា​ផ្សេងៗ​ដល់​អ្នកស្រុក​។

លោក សោម រ៉ាវុធ នាយប៉ុស្តិ៍នគរបាល​ស្ដីទី ឃុំ​ព្រែកតាមាក់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ ចេង គឹមសេង អាយុ ៤៩ ​ឆ្នាំ ត្រូវ​បាន​ប្អូនស្រី​បង្កើត​របស់​គាត់​ឈ្មោះ​ ចេង គឹមអាង អាយុ​ ៤៧ ​ឆ្នាំ​ សម្រេច​ចាប់​ឃុំខ្លួន​គាត់​នៅក្រោម​ដើមស្វាយ​ខាងក្រោយ​ផ្ទះ ដោយ​ដាក់​ច្រវាក់​ជើង​អស់​រយៈពេល​ ១០ ​ឆ្នាំ​មកហើយ​ បន្ទាប់ពី​គាត់​មាន​ជំងឺ​វិកលចរិត​ព្យាបាល​មិន​ជា​ហើយ​ចូលចិត្ត​ដើរ​បង្ក​អំពើ​ហិង្សា​ទៅ​លើ​អ្នកភូមិ​។

លោក​ រ៉ាវុធ ​បន្ត​ថា​កាលពី​ថ្ងៃទី​ ២២ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ ក្រុម​អ្នកលេង​ហ្វេសប៊ុក​បាន​ថត​បង្ហោះ​រូប​របស់​គាត់​ដែល​កំពុង​ជាប់ច្រវាក់​ជើង​ហើយ​បានចាត់ទុក​ទង្វើ​របស់​ប្អូនស្រី​គាត់​ថា​ «​ជា​អំពើ​គ្មាន​មនុស្សធម៌​» ​និង​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍​ក្នុង​រឿងនេះ​។

លោក រ៉ាវុធ បញ្ជាក់​ថា​៖ «​បើ​មើល​ឃ្លីប​វីដេអូ​ដែល​ត្រូវបាន​គេ​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ វា​ពិតជា​គួរ​ឲ្យ​សង្វេគ​ចំពោះ​បុរសរងគ្រោះ​នោះ​ខ្លាំងណាស់​ព្រោះ​គាត់​ត្រូវ​បាន​ប្អូនស្រី​ចាប់​ដាក់​ច្រវាក់​ជើង​ជាប់​នៅ​ក្រោម​ដើម​ស្វាយ​ដោយ​រូបកាយ​មាន​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​។ ប៉ុន្តែ​ការពិត​អ្នក​ដែល​គួរ​អាណិតអាសូរ​នោះ​គឺ​ស្ត្រី​ជា​ប្អូន​ទៅវិញ​ទេ​»​។

យ៉ាងណា​ក៏ដោយ​ក្រោយ​ឃើញ​ឃ្លីប​វីដេអូ​ខ្លី​នោះ ក្រុមមន្ត្រី​ពាក់ព័ន្ធ​បាន​សហការ​គ្នា​ចុះ​អង្កេត​លើ​ករណីនេះ​ ដើម្បី​​រក​មធ្យោបាយ​ជួយ​ដល់​បុរសរងគ្រោះ​នោះ​។

លោក រស់ សាវិន ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ដែល​បាន​ចុះទៅ​អង្កេត​ករណី​នេះ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ថ្ងៃ​ចន្ទ​ថា ក្រោយពី​ស្រាវជ្រាវ និង​ស៊ើបសួរ​ពលរដ្ឋ​នៅក្នុង​ភូមិ និង​ពិនិត្យ​សំណុំ​ឯកសារ​ពី​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត​ បុរស​រូបនោះ​គឺ​ពិតជា​មនុស្ស​ «​វិកលចរិត​» ​ប្រាកដ​មែន​។

លោក​បន្តថា​៖ «​ករណីនេះ​មិនមែន​ជា​បទល្មើស​ចាប់​បង្ខាំង​​មនុស្ស ដើម្បី​ផលប្រយោជន៍​បុគ្គល​នោះ​ទេ តែ​វា​ជា​វិធានការ​ចុងក្រោយ​របស់​ស្ត្រី​ជា​ប្អូន​ជនរងគ្រោះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បងប្រុស​គាត់​ទៅ​ប្រព្រឹត្ត​អំពើ​ល្មើស​លើ​អ្នកដទៃ​»​។

លោក​ សាវិន បន្តថា តាម​ការពិនិត្យ​អត្តចរិត​បុរស​រងគ្រោះ​នោះ​មាន​ភាព​ «​រឹងរូស និង​កាចសាហាវ​»​។ ទោះជា​យ៉ាងណា​លោក​ថា ករណី​នេះ​គឺជា​បទពិសោធ​ថ្មី​មួយ​ទៀត​សម្រាប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការដោះស្រាយ​វិបត្តិ​សង្គម​។

ក៏ប៉ុន្តែ​លោក សាវិន បាន​ឲ្យ​ដឹងថា ពេលនេះ​ក្រុម​សមត្ថកិច្ច​បាន​សហការ​គ្នា​រៀបចំ​សង់ផ្ទះ​ ១ ​ខ្នង​ធ្វើ​អំពី​ថ្ម​ប្រក់​ស័ង្កសី​ទំហំ ៤ ​ម៉ែត្រ​គុណ​ ៤ ​ម៉ែត្រ​នៅ​ក្បែរ​ផ្ទះ​ប្អូនស្រី​របស់​គាត់ ដើម្បី​ឲ្យ​បុរស​នោះ​ស្នាក់នៅ​ដោយ​គ្មាន​ការដាក់​ច្រវាក់​ជើង​តទៅទៀត​។

ជុំវិញ​ករណី​នេះ​អ្នកស្រី ចេង គឹមអាង ដែលជា​ប្អូនស្រី​បុរសរងគ្រោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កាលពី​ជាង​ ១០ ​ឆ្នាំ​មុន​បងប្រុស​របស់​អ្នកស្រី​ធ្លាប់​បួស​ជា​សង្ឃ​បាន​ ២ ​ឆ្នាំ ប៉ុន្តែ​ក្រោយមក​ក៏​មាន​ជំងឺ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​។ ដោយ​ក្ដី​គោរព​ស្រឡាញ់​បងប្រុស អ្នកស្រី​បាន​លក់​ដី​ ១ ​ហិកតា​ យកប្រាក់​មក​ព្យាបាល​បងប្រុស​នៅ​មន្ទីរពេទ្យ​ក្រុង​តាខ្មៅ ប៉ុន្តែ​ក្រោយមក​ខាង​មន្ទីរពេទ្យ​បាន​សម្រេច​ឈប់​ទទួល​ព្យាបាល​ដោយ​ប្រាប់ថា គ្មាន​ឱសថ​ព្យាបាល​ជំងឺ​នេះ​ទេ ប៉ុន្តែ​បាន​ណែនាំ​អ្នកស្រី​ឲ្យ​យក​បងប្រុស​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត (​ពេទ្យរុស្ស៊ី​)​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​រយៈពេល​ ៤ ​ឆ្នាំ​ ដែល​ខ្ញុំ​បាន​នាំ​បងប្រុស​របស់ខ្ញុំ​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត តែ​អាការ​ជំងឺ​របស់គាត់​នៅ​តែ​មិន​ធូរស្រាល​»​។

អ្នកស្រី​បន្តថា លុះ​ត្រឡប់​មក​ផ្ទះ​វិញ​បាន​តែ​ ១ ​ខែ ​បងប្រុស​របស់​អ្នកស្រី​បាន​ដើរ​បង្ករឿង​ជាមួយ​អ្នកភូមិ​ដោយ​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​គេ​ចំនួន ៣ ​ដង និង​វាយ​គេ​ឲ្យ​គ្រោះថ្នាក់​ចំនួន​ ២ ​លើក​។ បន្ទាប់មក​​បាន​ដុត​ផ្ទះ​របស់​អ្នកស្រី ប៉ុន្តែ​សំណាង​ល្អ​ត្រូវបាន​អ្នកភូមិ​ជួយ​ពន្លត់​ទាន់​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ដោយ​ខ្លាច​គាត់​ដើរ​បង្ករឿង​ទៀត​នោះ ខ្ញុំ​ក៏​សម្រេច​ចាប់គាត់​ចង​ដាក់​ច្រវាក់​នៅ​ជាប់​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​ដោយ​ចង​តង់​កៅស៊ូ​ប្រក់​ពី​លើ​ការពារ​ភ្លៀង និង​កម្ដៅថ្ងៃ និង​បាន​ផ្ដល់​អាហារ​ ៣ ​ពេល​ក្នុង​ ១ ​ថ្ងៃ​ដល់​គាត់​»៕