ភ្នំពេញ: សមត្ថកិច្ច​មូលដ្ឋាន​បាន​អះអាង​ថា ករណី​បុរស​ម្នាក់​បាន​បាញ់សម្លាប់​ភរិយា​រួច​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​កាលពី​យប់​ថ្ងៃទី​ ៣ ខែតុលា នៅ​ភូមិ​ក្បាលទំនប់ សង្កាត់​បឹងទំពុន​ទី​ ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​នោះ បើ​តាម​ការសន្និដ្ឋាន គឺជា​ការកើតឡើង​ដោយសារ​ភ្លើង​ប្រចណ្ឌ​។

លោក ឃុន ឡេង នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​បឹងទំពុន​ទី​ ២ បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា បុរស​ជា​ប្តី​ឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ​ ៤០ ​ឆ្នាំ ជនជាតិ​ខ្មែរ​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ភូមិ​ក្បាលទំនប់ សង្កាត់​បឹងទំពុន​ទី​ ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ជា​មន្ត្រី​នាយរង​ផ្នែក​បច្ចេកទេស និង​គិលានដ្ឋាន​នៃ​នាយកដ្ឋាន​អង្គរក្ស​ក្រសួងមហាផ្ទៃ​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ ១ ​គ្រាប់ ចំក្បាល​ចំហៀង​ខាងស្តាំ ធ្លាយ​ទៅខាង​ឆ្វេង​។

លោក​បន្ត​ថា ចំណែក​ជនរងគ្រោះ​ជា​ភរិយា ឈ្មោះ កែវ ស្រីដា អាយុ​ ៥២ ​ឆ្នាំ ជនជាតិ​ខ្មែរ​ស្នាក់នៅ​ផ្ទះជួល​ជាមួយ​គ្នា​ព្រមទាំង​មាន​បងស្រី​ (​ខាង​ប្ដី​) ​ម្នាក់​រស់នៅ​ជាមួយ​ដែរ​។ ​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ ២ ​គ្រាប់ ដោយ​ត្រូវ​ចំ​ដើមទ្រូង​ខាងស្តាំ​ ១ ​កន្លែង និង​ត្រូវចំ​ក្រោម​ផ្ចិត​ធ្លាយ​មក​កណ្តាល​ខ្នង​ចំនួន ១ ​កន្លែង​។

លោក ឃុន ឡេង បញ្ជាក់ថា​៖ «​មន្ត្រី​ជំនាញ​យើង​បាន​ធ្វើ​កោសល្យវិច័យ​រួចរាល់​ហើយ​គឺ​គ្មាន​រឿង​អ្វី​ក្រៅពី​រឿង​ប្ដី​ប្រពន្ធ​ប្រចណ្ឌ​គ្នា​ទេ​។ រឿង​ហ្នឹង​គឺ​ខាង​ប្រពន្ធ​គាត់​ប្រចណ្ឌ​ប្ដី​គាត់ ពេល​ប្ដី​ត្រឡប់​ពី​ធ្វើការ​វិញ គឺ​ប្រពន្ធ​រករឿង​ថា ប្ដី​គាត់​ហ្នឹង​មាន​ស្រី​ខាងក្រៅ ក្រោយ​មក​ក៏​ឈ្លោះ​ប្រកែក​គ្នា តែ​ភ្លាមៗ​នោះ​បងស្រី​ (​ខាង​ប្ដី​) ​គាត់​មកឃាត់​ដែរ ហើយ​ពួកគាត់​មិន​ស្ដាប់​ក៏​ឈាន​ដល់​ការបាញ់​គ្នា​បែបនេះ​»​។

លោក​ ឡេង បន្ថែម​ថា​ ក្រោយ​កើតហេតុ​មាន​បន្សល់ទុក​វត្ថុតាង​នៅ​កន្លែង​កើតហេតុ​រួមមាន អាវុធខ្លី​ ១ ​ដើម ម៉ាក​ឡុក​ចិន CF92 ​ពណ៌​ខ្មៅ​,​ បង់​ ១, ​គ្រាប់​ចំនួន​ ៥ ​គ្រាប់ និង​សម្បក​គ្រាប់​ចំនួន​ ៣ ត្រូវបាន​មន្ត្រីនគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សាទុក​។

លោក​ ម៉េង វិមានតារា អធិការ​នគរបាល​ខណ្ឌមានជ័យ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់បន្ថែម​ជុំវិញ​ករណីនេះ​បាន​ទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​កាលពី​ម្សិលមិញ​។

ចំណែក​លោក​ នូ ទូច អធិការរង​នគរបាល​ខណ្ឌមានជ័យ​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​បាន​ថ្លែងថា លោក​បាន​ទទួល​ព័ត៌មាន​នេះដែរ ប៉ុន្ដែ​មិន​បាន​ចុះទៅ​ស៊ើបអង្កេត ឬ​ធ្វើ​កោសល្យវិច័យ​ទេ ដោយ​បាន​បង្វែរ​សំណួរ​ឲ្យ​សួរ​អ្នក​ផ្សេងទៀត​។ លោក​ថា​៖ «​ខ្ញុំ​គ្រាន់​ដឹង​រឿង​ហ្នឹង​តែ​ខ្ញុំ​អត់​បាន​ចុះ​ស៊ើបអង្កេត​ផង​អ៊ីចឹង​ខ្ញុំ​មិន​អាច​និយាយ​បានទេ​»​។

ក្រុមគ្រួសារ និង​សាច់ញាតិ​ជនរងគ្រោះ​ទាំង​ ២ ​នាក់​កាលពី​ម្សិលមិញ​មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​ករណី​នេះ​បានទេ​។

ប៉ុន្តែ​តាម Fresh News ដែល​បាន​ដកស្រង់​សម្ដី​សាក្សី​ឈ្មោះ អ៊ុក សុផាន់ណា ភេទ​ស្រី អាយុ​ ៤៥ ​ឆ្នាំ​ត្រូវ​ជា​បងស្រី​របស់​ឈ្មោះ អ៊ុក ម៉ារ៉ាឌី​ (​ប្ដី​) ​បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃ​កើតហេតុ អ្នកស្រី​កំពុង​ដាំបាយ​នៅ​ក្នុង​ផ្ទះកើតហេតុ ស្រាប់តែ​ឃើញ​ប្អូនប្រុស​គាត់​ឈ្មោះ អ៊ុកម៉ារ៉ាឌី ត្រឡប់​មកផ្ទះ​។ ​លុះ​មួយ​សន្ទុះ​ក្រោយមក ក៏​ឃើញ​ប្រពន្ធ​ឈ្មោះ​ កែវ ស្រីដា​ (​ប្អូនថ្លៃ​) ​ត្រឡប់​មកផ្ទះ​តាម​ក្រោយ​ដែរ​។

អ្នកស្រី​បន្តថា ពេលនោះ​អ្នក​ទាំង​ ២ បាន​ឈ្លោះ​គ្នា​ដោយ​ប្រពន្ធ​ចោទ​ប្តី​ថា មាន​ស្រី​ខាងក្រៅ​ហើយ​ខណៈ​មាន​ការជជែក​គ្នា ឈ្មោះ អ៊ុក ម៉ារ៉ាឌី បាន​យក​កាំភ្លើងខ្លី​ ១ ​ដើម មក​អាម៉េ​គំរាម​ប្រពន្ធ​។ ប៉ុន្ដែ​អ្នកស្រី​បាន​ស្ទុះ​ចេញ​ពី​ផ្ទះបាយ​ចូល​ទៅ​ឃាត់​ឲ្យ​ឈប់​ឈ្លោះ​គ្នា​។ ​

បន្ទាប់មក​អ្នកស្រី​បាន​ដើរ​ត្រឡប់​មក​ផ្ទះបាយ​វិញ ស្រាប់តែ​អ្នក​ទាំង​ ២ ​នាក់​បាន​ឈ្លោះ​គ្នា​បន្តទៀត ហើយ​ក៏​ឮស្នូរ​កាំភ្លើង​ចំនួន​ ៣ ​គ្រាប់​បន្តបន្ទាប់​គ្នា​។ ​ពេលនោះ អ្នកស្រី​បាន​រត់​ទៅ​មើល ស្រាប់តែ​ឃើញ​ឈ្មោះ អ៊ុក ម៉ារ៉ាឌី ដេក​​ស្លាប់​លើ​កម្រាល​ឥដ្ឋ ចំណែក​ឈ្មោះ កែវ ស្រីដា បាន​ដេកស្លាប់​លើ​កៅអី​ផ្ងារ​ក្រោយ ក្បាល​ទល់នឹង​ឥដ្ឋ​នៅ​ក្បែរ​គ្នា​នោះ​។

បើ​តាម​លោក ឃុន ឡេង សព​ឈ្មោះ អ៊ុក ម៉ារ៉ាឌី ត្រូវបាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ភូមិ​ពៅ ឃុំ​ជ្រៃ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។ ចំណែក​សព​ប្រពន្ធ​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕