ភ្នំពេញៈ ​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​កំពុង​សហការ​ស្រាវជ្រាវ​រក​ខ្សែបណ្តាញ​មេខ្លោង​រត់ពន្ធ​គ្រឿងញៀន​ខុសច្បាប់​ឆ្លងកាត់​ប្រទេស​កម្ពុជា ​បន្ទាប់ពី​មន្ត្រី​គយ​ហុងកុង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ២ ​នាក់​ដែល​នាំ​គ្រឿងញៀន​ជាង​ ៥១ ​គីឡូ​ចេញពី​កម្ពុជា​តាមផ្លូវ​ទឹក​ទៅដល់​កំពង់ផែ​ហុងកុង នៅ​ថ្ងៃទី​ ១៨ ខែកុម្ភៈ​។

លោក ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាលជាតិ​ទទួល​បន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន​បាន​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា​មន្ត្រី​គយ​ហុងកុង​ចាប់​បាន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​​ចំនួន​ ២ ​នាក់ និង​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​គ្រីស្តាល់​ចំនួន​ជាង ៥១ ​គីឡូក្រាម ​ដែល​ដឹកជញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​តាម​មធ្យោបាយ​​ផ្លូវទឹក​។ ប៉ុន្តែ​លោក​មិនទាន់​ទទួល​បាន​ដំណឹង និង​អត្តសញ្ញាណ​ជនសង្ស័យ​ទាំងនោះ​នៅឡើយ​ទេ​។

លោក ម៉ក់ ជីតូ បាន​ថ្លែងថា​៖ «​ករណី​ចាប់​ជាក់ស្តែង​អ៊ីចឹង គេ​នឹង​កាត់ទោស​នៅ​ទីនោះ តែ​យើង​ក៏​ត្រូវតែ​សហការ​គ្នា​ស្រាវជ្រាវ​ព័ត៌មាន​ពី​ខាង​ហុងកុង ​តើ​អ្នកពាក់ព័ន្ធ​ក្នុង​ករណី​នោះ​មាន​ពី​ណាខ្លះ​ទៀត ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​។ បើ​ពាក់ព័ន្ធ​ដល់​ឡាវ​យើង​រុញ​ឱ្យ​ឡាវ​តាម​ចាប់​បន្តទៀត អ៊ីចឹង​ទៅ​ណាស់​»​។

បើតាម​លោក ម៉ក់ ជីតូ ចំពោះ​ករណី​គ្រឿងញៀន​នេះ​ហុងកុង​កំពុង​ស្ថិត​ក្នុង​ការស្រាវជ្រាវ​នៅ​ខាងចុង​ទី​ហេតុនេះ កម្ពុជា​ស្ថិត​ក្នុង​ការស្រាវជ្រាវ​កណ្តាល​ទី​ព្រោះ​គ្រឿងញៀន​នោះ​អាច​ត្រូវបាន​គេ​រត់ពន្ធ​ឆ្លងកាត់​កម្ពុជា​ដែលមាន​ប្រភពពី​តំបន់​ត្រីកោណ​មាស​ដែល​ជា​ដើមទី​។

លោក​បាន​បញ្ជាក់ថា​៖ «​ឥឡូវនេះ យើង​កំពុង​សហការ​គ្នា​ជាមួយ​គយ​កម្ពុជា និង​ហុងកុង​ដើម្បី​ស្វែងរក​ប្រភព​ដែល​នាំចេញ​គ្រឿងញៀន​នោះ​ពី​កម្ពុជា​។

យើង​ក៏​សហការ​ជាមួយ​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​ប្រភពពី​ខាងគេ​មក​​វិញ​ថា តើ​ជនសង្ស័យ​ដែល​គេ​ចាប់បាន​នោះ​ឈ្មោះ​អី​បណ្តាញ​យ៉ាងម៉េច អី​យ៉ាងម៉េច ដើម្បី​យើង​ស្រាវជ្រាវ​បង្ក្រាប​រួមគ្នា​ទាំងសងខាង​តែម្តង​»​។

លោក ជីតូ បានឱ្យដឹងថា ករណី​រត់ពន្ធ​គ្រឿងញៀន​បែបនេះ សមត្ថកិច្ច​ធ្លាប់​ចាប់បាន​​ជាច្រើន​ដង​ក្នុង​ពេល​កន្លងទៅ​ដែល​ពីមុន​ភាគច្រើន ការរត់ពន្ធ​តែង​ធ្វើឡើង​តាមផ្លូវ​គោក ប៉ុន្តែ​ពេលនេះ​បែរជា​ធ្វើឡើង​តាមផ្លូវ​ទឹក​ទៅវិញ​។

លោក​បាន​បញ្ជាក់ទៀត​ថា​៖ «​ក្រោយពេល​មាន​ស្ថានភាព​កូវីដ អ្នករត់ពន្ធ​បាន​ដូរ​ផ្លូវ​​ចរាចរណ៍ ដែល​កាលពីមុន​ផ្លូវគោក ឥឡូវ​ភាគច្រើន​តាមផ្លូវ​ទឹក ដែលមាន​ ២ ​ច្រក ទី​១ ​តាម​ប្រទេស​ឡាវ ហើយ​ឆ្លងកាត់​កម្ពុជា និង​ ១ ​ទៀត តាម​ប្រទេស​ថៃ ហើយ​បានមក​ឆ្លងកាត់​កម្ពុជា​។ កន្លងមក​យើង​ចាប់បាន​ក្រុមខ្លះ​ចំនួន​ ២០០ ​គីឡូ​អ៊ីចឹងទៅ ក្រុម​ខ្លះទៀត​ ១៨០ ​គីឡូ​ទៅ ហើយ​មាន​ខ្លះទៀត​រហូត​ដល់​ ១ ០០០ ​គីឡូ​ជាង​ក៏មាន​ក្នុង​ករណី​ដឹកជញ្ជូន​តាម​សមុទ្រ​បែបនេះ​»​។

យ៉ាងណាក្ដី ភ្នំពេញ ​ប៉ុស្តិ៍​ មិន​​អាចទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​ពី​លោក​ គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ទេ​កាលពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​លោក គ្មាន​អ្នកទទួល​។ ចំណែក​លោក មាស វិរិទ្ធិ អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មិនអាច​ទាក់ទង​បានទេ​។

លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព​ថ្លែងថា​គ្រឿងញៀន​ជា​បញ្ហា​ប្រឈម​មួយ​ធំ​សម្រាប់​ប្រទេស​កម្ពុជា​ខណៈ​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែលមាន​ការរត់ពន្ធ​គ្រឿងញៀន​​ឆ្លងកាត់​។ ក៏ប៉ុន្តែ​លោក គិមអេង សង្ឃឹមថា អាជ្ញាធរ​នឹង​​មាន​ការសហការ​ល្អ​ជាមួយ​បណ្តា​ប្រទេស​ជិតខាង ដើម្បី​​ឱ្យ​ការចាប់​បង្ក្រាប​ករណី​គ្រឿងញៀន​ឆ្លងកាត់​ប្រទេស កាន់តែ​​មាន​ប្រសិទ្ធភាព​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ថា​ប្រហែល​​ជា​កិច្ចសហការ និង​ការចាត់​វិធានការ​រវាង​បណ្តា​ប្រទេស​ជិតខាង​របស់​យើង​ហ្នឹង មិនទាន់​បាន​ល្អ​ប្រសើរ ទើប​នាំឱ្យ​គ្រឿងញៀន​ចេះតែ​ឆ្លងកាត់​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ដទៃ​។ ​បើ​បញ្ហា​នៅតែ​កើត​អ៊ីចឹង​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង​គួរតែ​រក​វិធី​ណា ដើម្បី​បង្កើន​កិច្ចសហការ​បន្ថែម​។ ​ជាមួយ​គ្នា​នោះ​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវមាន​​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​»៕