ព្រះ​វិហារ/មណ្ឌលគិរីៈ ក្រុមហ៊ុន​ ដួង​ស្រួច​ បានដាក់​លិខិត​ទៅ​អាជ្ញាធរ​ខេត្ត ព្រះវិហារ ដើម្បី​ស្នើសុំ​ប្រមូល​ឈើហុប​ ដែល​​នូវ​សេស​សល់​ជាង ១០០ ម៉ែត្រ​គុប​ឡើងវិញ ក្រោយពី​រដ្ឋាភិបាល​ បាន​បញ្ឈប់​​សម្មភាព​កាលពី​ចុងខែ​កុម្ភៈ​ ​កន្លងមក ខណៈ​ដែល​សមត្ថ​កិច្ច​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ថា​តើ​ក្រុម​ហ៊ុន​នេះ​មាន​ជាប់​ពាក់​ព័ន្ធនឹង​ការ​ជួល​ជន​ជាតិ​វៀត​ណាម​ ចំនួន ​៨ ​នាក់​ឲ្យ​ចូល​មក​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ក្នុង​ខេត្ត​​ មណ្ឌល​គិរី​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១០ ខែ​មករា​​ ដែរ​ឬ​យ៉ាង​ណា។

ក្រោយ​ពេល​ទីស្តីកា​រណៈ​រដ្ឋមន្ត្រី​ បានសម្រេច​បញ្ឈប់​សកម្ម​ភាព​ប្រមូល​ឈើ​ប្រមាណ​ ២ សប្តាហ៍ ក្រុម​ហ៊ុន​ដួង​ស្រួច ​បានធ្វើ​សំណើរ​ទៅ​សាលាខេត្ត​ព្រះវិហារ ដើម្បី​សុំ​ដំណើរការ​ប្រមូល​ឈើ​ ដែល​នៅ​សេស​សល់​បង្ហើយ។ នេះ​បើ​យោងតាម​លោក​ លី ពុទ្ធា​រ៉ា តំណាង​ឲ្យ​ក្រុម​ហ៊ុន​ក្នុង​ខេត្ត​ព្រះវិហារ។

លោក​អះអាង​ថា ឈើ​​មាននៅ​សេស​សល់​នោះ​គឺមាន​កូនឈើ​ប្រមាណ​ជា ៤ ទៅ ៥ ពាន់​ដើម និង​ឈើហុប​ប្រហែល​ជាង ១០០ ម៉ែត្រ​គុប​។

លោក​ ពុទ្ធា​រ៉ា​ បាន​និយាយ​ថា៖ «ខាង​នាយក​ក្រុមហ៊ុន​ បានដាក់​សុំ​ប្រមូល​ឈើ​ដែល​នៅសល់​ទៅ​ខេត្ត»។ ទោះ​យ៉ាង​ណា លោក​អះអាងថា លោក​មិនបាន​ដឹង​ទេ​ថា តើ​ខាង​អាជ្ញាធរ​បាន​ឆ្លើយ​តប​ហើយ​ឬ​នៅ​នោះ​ទេ ព្រោះ​ខាង​នាយក​ក្រុមហ៊ុន លោក​ដួង ស្រួច​ជា​អ្នក​ចាត់​ចែង​ការងារ​នេះ។

លោក ​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​ មិនអាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បានទេ​ នៅ​ថ្ងៃ​នេះ។ ចំណែកឯ​លោកស្រី​ ​ចឹក ហេង ​អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​មាន​ប្រសាសន៍​ថា លោក​ស្រី ​មិនទាន់​បានដឹង​ពី​ការស្នើសុំ​ប្រមូល​ឈើ​ដែល​នៅ​សេស​សល់​នោះ​ទេ ហើយ​ថា​ នឹង​រកមើល​លិខិត​ស្នើសុំ​នោះ។

នៅ​មុនពេល​ត្រូវបាន​បញ្ឈប់​ការប្រមូល​ឈើ​នោះ ក្រុមហ៊ុន​ដួង ស្រួច​ត្រូវបាន​អាជ្ញាធរ​ឃុំ ​រំដោះ​ស្រែ ​ក្នុង​ស្រុ​ជាំ​ក្សាន្ត​ បានដាក់​លិខិត​សុំ​បញ្ឈប់​សកម្មភាព​ការ​ប្រមូល​ឈើ​របស់​ក្រុមហ៊ុន​នេះ ដោយបាន​ចោទ​ប្រ​កាន់​ថា ​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ឈើ​ពី​ខាង​ក្រៅ​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ១៥៤៥ ហិកតា។ ទោះ​យ៉ាង​ណា​ លោក ​ពុទ្ធា​រ៉ា​ បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។

ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន ដួ​ង​ស្រួច​នេះ​ដែរ ជនជាតិ​វៀតណាម ៨ នាក់​ដែល​ត្រូវ​​បាន​ចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ មណ្ឌលគិរី​ បាន​សារភាព​ប្រាប់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថា ពួកគេ ​ត្រូវបាន​ក្រុមហ៊ុន​ជួល​ឲ្យ​ធ្វើក​ម្មការ​ឈូសឆាយ​ព្រៃ​ នៅមុន​ពេល​ចាប់​ឃាត់ខ្លួន​កាលពី​កាលពី​ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ នៅ​ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គិរី។ អាជ្ញាធរ​ក៏បាន​រឹបអូស​រណា​យន្ត ២ គ្រឿង និង​អា​ប៊ុល​៣​គ្រឿង ដែល​មាន​បិទ​ស្លាក​សញ្ញា​ក្រុម​ហ៊ុន​ដួង​ស្រួច​គ្រុប​។

តុលាការ​ខេត្ត​មណ្ឌល​គិរី បាន​អះអាង​ថា ពួកគេ​កំពុង​តែធ្វើការ​ស៊ើបអង្កេត​ថា​​តើ​ក្រុម​ហ៊ុន​ដួង​ស្រួច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឈូស​ឆាយ និង​បាន​ជួល​ជន​ជាតិ​វៀត​ណាម​ទាំង​នោះ​ ឲ្យ​ធ្វើ​កម្ម​ភាព​ឬ​យ៉ាង​ណា។

មេធាវី​ម្នាក់​របស់​ជនជាតិ​វៀតណាម​ទាំង ៨ នា​ក់បានដាក់​ពាក្យសុំ​ឲ្យ​ពួកគេ​នៅក្រៅ​ឃុំ​ កាល​អំឡុង​ខែកុម្ភៈ​ កន្លងមក តែ​ត្រូវបាន​តុលាការ​ខេត្ត​បដិសេធ។ នេះ​បើ​តាម​លោក ​ម៉ម វណ្ណដា ​អ្នក​នាំពាក្យ​អយ្យ​ការ​ខេត្ត។

លោក ​វណ្ណដា​ បញ្ជាក់​ថា៖«ប៉ុន្តែ​សាលា​ដំបូង​យើង​បាន​បដិសេធ​មិន​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ ព្រោះ​យើង​អង្កេត​មិនទាន់​ចប់។ ហួស​ជាង​ ១០ ​ថ្ងៃ​បាន​គាត់​ដាក់»។ លោក​បន្តថា​ សំណើរ​សុំ​នៅក្រៅ​ឃុំ​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ធ្វើ​ការ​សម្រេច។

លោក​អ៊ុក សាវុធ​អគ្គ​ព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍ ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សាលា​ឧទ្ធរណ៍​ ក៏បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​ក្រៅ​​ឃុំ​នោះ​ដែរ។

លោក ​មាស​ ប្រុស​ អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ បាន​ឲ្យ​ដឹង​ថា៖ «វៀតណាម ​នៅក្នុង​ឃុំ​ទាំង​អស់​ហ្នឹង ចៅក្រម​កំពុង​តែ​ដំណើរការ​ស៊ើប​អង្កេត​ដោយ គាត់​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ។ យើង​មិនទាន់​ដឹង​ថា គាត់​ចូលមក​តាម​ណា​ និង​មាន​កំហុស​អី​យ៉ាង​ណា។ ចឹ​ង​ឲ្យ​នៅក្រៅ​ឃុំ​មិនទាន់​បាន​ទេ តែ​មេធាវី​គេ​ប្រញាប់​»។