ភ្នំពេញៈ ស្នងការនគរបាលរាជធានីភ្នំពេញ និងមន្ត្រីអយ្យការអមសាលាដំបូងរាជធានីបាននិងកំពុងស៊ើបអង្កេតរកមេខ្លោង និងអ្នកពាក់ព័ន្ធដែលនាំគ្រឿងញៀនចូលមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដែលបានបិទជាផ្លូវការកាលពីថ្ងៃទី ២៣ ខែកុម្ភៈ បន្ទាប់ពីសមត្ថកិច្ច បង្រ្កាបអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង ៣០០ នាក់ ព្រមទាំង រឹបអូសបានគ្រឿងញៀនយ៉ាងហោច ៥០ គីឡូក្រាម មុនថ្ងៃបិទ ១ ថ្ងៃ។
លោកម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថាមន្ត្រីនគរបាលរាជធានីភ្នំពេញ និងមន្ត្រីសាលាដំបូងរាជធានីបាននិងកំពុងស៊ើបអង្កេតរកមេខ្លោង និងអ្នកពាក់ព័ន្ធដែលបានផ្គត់ផ្គង់និងចែកចាយគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលរ៉ុក បន្ទាប់ពីអាជ្ញាធរបានសម្រុកចូលទៅបង្ក្រាបនិងចាប់ខ្លួនអ្នកជួញដូរនិងអ្នកសេពគ្រឿងញៀន ជាង ៣០០ នាក់ និងរឹបអូសគ្រឿងញៀនដល់ទៅជាង ៥០ គីឡូក្រាមកាលពីយប់ថ្ងៃទី ២២ ខែកុម្ភៈ។
លោកបញ្ជាក់ថា៖ «យើងកំពុងស្រាវជ្រាវរកមេខ្លោង។ យើងកំពុងសួរចម្លើយ ស្រាវជ្រាវ និងស៊ើបអង្កេត។ យើងត្រូវរក ដោយសារតែមាននាំថ្នាំញៀនចូលដែលមានអ្នកផ្គត់ផ្គង់ និងម្ចាស់ថ្នាំ»។
លោកបានបន្ថែមថា កម្លាំងសមត្ថកិច្ចបាននិងកំពុងសិក្សាបន្ថែមថាតើមានការជាប់ពាក់ព័ន្ធនឹងម្ចាស់ទីតាំងដែរឬ ដោយសារតែ ម្ចាស់ទីតាំងបានជួលទីតាំងទៅឲ្យម្ចាស់អាជីកម្មផ្សេងមួយទៀត ហើយអ្នកដែលទទួលខុសត្រូវខ្លាំងគឺម្ចាស់អាជីកម្ម។
លោកបន្តថា ជនសង្ស័យដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀននឹងត្រូវបញ្ជូនទៅតុលាការ ចំណែក អ្នកប្រើប្រាស់ នឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលអប់រំកែប្រែព្យាបាល ហើយចំពោះអ្នកដែលមិនពាក់ព័ន្ធនឹងត្រូវធ្វើការអប់រំ និងកិច្ចសន្យាថានឹងមិនពាក់ព័ន្ធគ្រឿងញៀនដោយមានអ្នកធានា។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងពីម្សិលមិញថា អាជ្ញាធរសាលារាជធានី បានសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ុកជាផ្លូវការ ដើម្បីផ្ដល់លទ្ធភាពឲ្យតុលាការបន្តនីតិវិធីស្រាវជ្រាវរកប្រភព នៃការនាំចូលគ្រឿងញៀននិងក្រុមជនល្មើសហើយថាកន្លងមករដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអប់រំ ណែនាំនិងដាក់ពិន័យដែលឈានទៅដល់ការបិទរហូត និងលែងឲ្យបើកទៀតហើយ។
លោកបញ្ជាក់ថា៖ «យើងសម្រេចបិទដូចក្នុងខ្លឹមសារសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយយើងសហប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរហូតដល់មានជាង៣០០នាក់ និងរឹបអូសគ្រឿងញៀនមួយចំនួន។ រដ្ឋបាលយើងសម្រេចបិទ លើកនេះយើងសម្រេចបិទ លែងឲ្យបើកទៀតហើយ»។
លោកបន្ថែមថា ទាក់ទងនីតិវិធីស្រាវជ្រាវ ឬការងារផ្សេងៗទៀត គឺជាសមត្ថកិច្ចរបស់ប៉ូលិស និងតុលាការ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចេញនៅព្រលប់ថ្ងៃទី ២៣ ខែកុម្ភៈ បានសរសេរថា៖ «ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ុក ហើយផ្តល់លទ្ធភាពជូនអាជ្ញាធរមានសមត្ថកិច្ច និងតុលាការដើម្បីបន្តនីតិវិធី ស្រាវជ្រាវ ឈានទៅកំណត់ប្រភពនៃការនាំចូលគ្រឿងញៀន និងក្រុមជនល្មើស នាំយកមកផ្តន្ទាទោសតាមច្បាប់»។
សេចក្តីប្រកាសព័ត៌មានបន្តថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១ និង ៤០ នាទីទៀបភ្លឺ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក មានទីតាំង ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១១ នាក់ ដែលក្នុងនោះមានជនជាតិចិន ១៤ នាក់ ហើយដកហូតបានគ្រឿងញៀនជាង ៣៩ គីឡូក្រាម និងសារធាតុញៀនជាទឹក ៩ គីឡូ ២ ខាំ ជញ្ជីងថ្លឹងគ្រឿងញៀន ១២ និងកាំភ្លើងខ្លី ១ ដើម។
យុវតី ឈ្មោះយ៉ា អាយុ ១៨ ឆ្នាំ បានថ្លែងថា មិត្តភក្តិរបស់នាងមាន ៥ នាក់ ត្រូវបានប៉ូលិស ចាប់នៅមជ្ឈមណ្ឌលរ៉ុក ហើយក្នុងចំណោម ៥ នាក់មាន ៣ នាក់ដែលប៉ូលិសរកឃើញថា មានប្រើប្រាស់គ្រឿងញៀនចំណែក ២ នាក់ទៀត មិនបានប្រើទេគ្រាន់តែទៅលេង។ កញ្ញាបន្ថែមថា ពួកគេប្រើប្រាស់គ្រឿងញៀនដោយសារតែមិត្តភក្តិអូសទាញ ហើយពេលយប់កើតហេតុ ពួកគេ នៅផ្ទះ តែពួកម៉ាកទាក់ទងឲ្យមកលេងជាមួយ។
កញ្ញានិយាយថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលគាត់បានទាក់ទងមកខ្ញុំហើយ ប្រាប់ខ្ញុំថា គាត់ត្រូវបានគេចាប់ខ្លួន។ គាត់មិនបានពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀនទេ គាត់គ្រាន់តែប្រើប្រាស់»។
កញ្ញាបានបន្តថា៖ «ខ្ញុំសង្ឃឹមថា ប៉ូលិសនឹងឆាប់ដោះពួកគេដោយសារតែម្តាយ និងសាច់ញាតិរបស់ពួកគេព្រួយបារម្ភជាខ្លាំង»។
យុវតីឈ្មោះដានី អាយុ ២២ ឆ្នាំ ឲ្យដឹងថា បងប្រុសរបស់នាងត្រូវបានគេចាប់ហើយត្រូវបានប៉ូលិសរកមិនឃើញថា គាត់បានប្រើប្រាស់គ្រឿងញៀននោះទេ ហើយថានាងមានការតក់ស្លុត ពេលដែលដឹងថាបងរបស់នាង ត្រូវបានគេចាប់ខ្លួន វាជារឿងអយុតិធម៌សម្រាប់គាត់។
កញ្ញាថ្លែងថា៖ «ខ្ញុំរន្ធត់ជាខ្លាំងពេលដឹងថាគាត់ត្រូវបានគេចាប់ខ្លួន។ គាត់ជាមនុស្សស្ងប់ស្ងាត់ ហើយ សុភាព។ ខ្ញុំសង្ឃឹមថាប៉ូលិសនឹងលែងគាត់ភ្លាម ដោយសារគាត់មិនដែលពាក់ព័ន្ធនឹងគ្រឿងញៀនោះទេ»។
បុរសម្នាក់ឈ្មោះទូច អាយុ ៤៥ ឆ្នាំ បានថ្លែងទាំងទឹកភ្នែកពេលឃើញកូនរបស់គាត់ត្រូវបានជាប់ខ្នោះ និងថា កូនគាត់មិនដែលបានធ្វើកំហុសអ្វីធំនោះទេ បើទោះបីជាកូនរបស់គាត់ បានប្រើប្រាស់គ្រឿងញៀនក៏ដោយ។
បុរសរូបនោះនិយាយថា៖ «ទោះបីជាគេប្រើប្រាស់គ្រឿងញៀនតែគេមិនដែលបង្ករឿងធំដុំសម្រាប់គ្រួសារនៅឡើយទេ។ យើងគ្មានលុយដើម្បីបញ្ជូនវាទៅមណ្ឌលអប់រំកែប្រែនោះទេ។ យើងជាឪពុកម្តាយមិនចង់ឃើញកូនស្ថិតក្នុងសភាពបែបនេះ»។
លោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញឲ្យដឹងថាការធ្វើតេស្តទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជនយុវនារីជាង ៣០០ នាក់ កំពុងតែដំណើរការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើន សុទ្ធតែរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។ សមត្ថកិច្ចជំនាញ កំពុងមមាញឹកបំពេញការងារនេះ ហើយសន្និសីទកាសែត នឹងធ្វើនៅពេលការងារបញ្ចប់៕