មណ្ឌលគិរីៈ សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ក្នុង​បទល្មើស​លួច​ធ្វើ​អាជីវកម្ម​រ៉ែមាស​ដែល​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​ជា​កម្មករ​ម្នាក់​ស្លាប់​ក្នុង​រណ្ដៅ​រ៉ែ​មាស​ ១ ​កន្លែង​​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ពូទុង ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា​កាលពី​ព្រឹក​ថ្ងៃទី​ ២៩ ខែ​មិថុនា ឆ្នាំ​ ២០២០ កន្លង​ទៅ​នេះ​។

លោក​ ហួរ តារា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា កាលពី​ ១ ​សប្ដាហ៍​មុន​មាន​ពលរដ្ឋ​ ១ ​ក្រុម​មកពី​ខេត្តក្រចេះ​បាន​មក​ទាក់ទង​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ឌឹម វណ្ណដា មាន​លំនៅ​ក្នុងភូមិ​ពូទុង ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដើម្បី​​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​ខុសច្បាប់​ក្នុង​តំបន់​នោះ​។ ​ប៉ុន្តែ​នៅ​ម៉ោង​ ១០:៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ២៩ ខែមិថុនា ឆ្នាំ​ ២០២០ ក្រុម​អ្នកភូមិ​បាន​ឃើញ​ឈ្មោះ ឌឹម វណ្ណដា និង​ជន​ចំណាកស្រុក​ ៤ ​នាក់​ទៀត​បាន​នាំគ្នា​ចាកចេញ​ពី​ទីតាំង​រណ្ដៅ​រ៉ែមាស​នោះ​យ៉ាង​ប្រញាប់ប្រញាល់ និង​ស្ងៀមស្ងាត់​​បំផុត​។ ឃើញ​ដូច្នេះ ក្រុម​អ្នកភូមិ​បាន​នាំគ្នា​ទៅ​មើល​ក៏​ឃើញ​បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​រណ្ដៅ​រ៉ែ​មាស​នោះ ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។

លោក តារា បាន​បន្ត​ថា បុរសរងគ្រោះ​ដែល​បាន​ស្លាប់​នោះ ឈ្មោះ សឿន លីណាត អាយុ​ ៣៥ ​ឆ្នាំ​មាន​លំនៅ​ក្នុងភូមិ​ខ្សាច់ទប់ ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសព្វ​ខេត្តក្រចេះ​។ ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ​ឃើញ​មាន​ស្នាមរបួស​ក្បាល​ផ្នែក​ខាងក្រោយ​ដោយសារ​ប៉ះទង្គិច​នឹង​របស់​រឹង​ក្រោយ​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​រ៉ែ​មាស​នោះ​។ ប៉ុន្តែ​ក្រោយ​ពិនិត្យ​រួច​​សមត្ថកិច្ច​បាន​ប្រគល់​សព​បុរស​នោះ​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក តារា បាន​បញ្ជាក់ថា​៖ «​ទោះ​យ៉ាងណា​ក៏ដោយ​សមត្ថកិច្ច​ជំនាញ​នៅ​មិនទាន់​ធ្វើការ​សន្និដ្ឋានថា​ករណី​នេះ ជា​អំពើ​​ឃាតកម្ម ឬ​ជា​គ្រោះថ្នាក់​មកពី​ការធ្វេសប្រហែស​ខ្លួនឯង​នោះទេ ខណៈ​វា​ជា​បទល្មើស​លួចលាក់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​»​។

លោក​បាន​បន្ថែមថា ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​បុរស​សង្ស័យ​ឈ្មោះ ឌឹម វណ្ណដា និង​បក្ខពួក ដើម្បី​សាកសួរ​ពី​​ករណី​នេះ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​»​។

ជុំវិញ​ករណីនេះ​លោក នួនសារ៉ន អភិបាលស្រុក​កែវសីមា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ចុង​ឆ្នាំមុន អាជ្ញាធរ​បាន​ចុះ​ហាមឃាត់​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​ក្នុងភូមិ​ពូទុង ឃុំ​ចុងផ្លាស់ ដោយសារ​ការរក​រ៉ែ​មាស​ក្នុង​តំបន់​នោះ​គ្មាន​ច្បាប់​ហើយ​ជារឿយៗ​តែង​បង្ក​គ្រោះថ្នាក់​ដល់​កម្មករ ដោយសារ​ការជីក​រណ្ដៅ​រ៉ែ​មាស​ខុស​បច្ចេកទេស​។

លោក​បាន​បន្តថា រណ្ដៅ​រ៉ែ​មាស​​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត និង​មន្ទីរជំនាញ​ឈូសឆាយ​កប់លុប លើកលែង​តែ​រណ្ដៅ​រ៉ែ​មាស​មួយ​ចំនួន​ដែល​​ម្ចាស់​ទីតាំង​បាន​សុំ​រុះរើ និង​លុប​​ចោល​ដោយ​ខ្លួនឯង​។

លោក សារ៉ន បាន​ថ្លែងថា​៖ «​ការស្លាប់​បុរស​ជា​កម្មករ​ម្នាក់​ក្នុង​រណ្ដៅ រ៉ែ​មាស របស់​ឈ្មោះ ឌឹម វណ្ណដា ពី​ ៣ ​ថ្ងៃ​មុននេះ គឺជា​ករណី​គ្រោះថ្នាក់​ការងារ​លើ​បទល្មើស​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​មិនមែន ជា​ករណី​ឃាតកម្ម​នោះទេ​»​។

លោក សារ៉ន បាន​បន្ថែមថា បច្ចុប្បន្ន​ទីតាំង​រណ្ដៅ​រ៉ែ​មាស​​ដែល​បង្ក​គ្រោះថ្នាក់​ស្លាប់​បុរស​​ម្នាក់​ខាងលើ​នេះ នៅ​មិនទាន់ លុប​វិញ​នៅ​ឡើយ​ទេ​។ ​ប៉ុន្តែ​សមត្ថកិច្ច​បាន​បោះបង្គោល​ហ៊ុមព័ទ្ធ​ដើម្បីរក្សា​ការពារ​វត្ថុតាង រង់ចាំ​ការស្រាវជ្រាវ​បន្ថែម​ពី​ក្រុម​គណៈកម្មការ​ជំនាញ​ថ្នាក់​ខេត្ត​៕