ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ កាលពីថ្ងៃអាទិត្យ ទី ១៨ ខែ មេសា ឆ្នាំ ២០២១ បានធ្វើការផាកពិន័យអន្តរការណ៍ចំពោះប្រជាពលរដ្ឋចំនួន ៨ នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស់។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានថ្លែងនៅព្រឹកនេះថា ប្រជាពលរដ្ឋទាំង ៨ នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ សមត្ថកិច្ចបានផាកពិន័យទៅតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
លោកថ្លែងថា៖ «សមត្ថកិច្ចយើងបានផាកពិន័យពួកគាត់តាមមាត្រា ១៩ បានកំណត់ថា ត្រូវពិន័យអន្តរការណ៍ពី ២០០ ០០០ (ពីរសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៥ ០០០ ០០០ (ប្រាំលាន) រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព»។
បើតាមលោក ភារម្យ បន្ទាប់ពីកំណត់វិធានការណ៍តឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ ១៩ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនមនុស្ស ២ នាក់ បញ្ចូនទៅតុលាការ បន្ទាប់ពីពួកគេគេចវេះពីកន្លែងធ្វើចត្តាឡីស័ក និងបានផាកពិន័យជាប្រាក់ដល់ពលរដ្ឋជាង ៤០ នាក់ទៀត ដែលគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួន ឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោកបានបន្តថា ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ អាជ្ញាធរត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។
រដ្ឋបាលខេត្តព្រះសីហនុ បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ កុំ ៣ ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍៕