ភ្នំពេញៈ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនល្មើស បន្ទាប់ពី​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សព​មួយ​ដែល​គេ​ច្រក​ក្នុង​ការុង​ប្លុង​ចោល​ក្នុង​ដីឡូត៍​មួយ​កន្លែង​ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ កាលពី​ថ្ងៃទី​ ២៨ វិច្ឆិកា ជា​ឆ្អឹង​ដែល​សមត្ថកិច្ច​សង្ស័យ​ថា​ជា​​ជនជាតិ​កូរ៉េ តែ​កំពុង​ពិនិត្យ​ DNA​។

លោក ឧត្តសេនីយ៍ ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ករណី​​ឃាតកម្ម ហើយ​ច្រក​សាកសព​ក្នុង​ការុង​ប្លុង​ចោល​ក្នុង​ខណ្ឌ​ព្រែកព្នៅ​នោះ សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​ខណៈ​បាត់ដាន​នៅ​រវាង​ខណ្ឌ​សែនសុខ និង​ខណ្ឌ​ព្រែកព្នៅ​។

លោក​ថ្លែង​ថា​៖ «​ករណី​បាត់ដាន​នេះ​យើង​បាន​ស្រាវជ្រាវ​ទៅ វា​មិន​ទាន់​មាន​ពន្លឺ ហើយ​ចុងក្រោយ​យើង​បាន​យក​សាកសព​នោះ​ទៅ​ធ្វើ​កោសល្យវិច័យ​ដើម្បី​ដឹងថា​វា​យ៉ាង​ម៉េច​? ដូច្នេះ​យើង​មិន​ដឹង​ថា ករណី​ហ្នឹង​វា​យ៉ាងម៉េច​ទេ ចាំ​មើល​យើង​បន្ត​ស្រាវជ្រាវ​ទៀត​។ យើង​មិន​ទាន់​ដឹង​ច្បាស់​ថា​ជា​ជនជាតិ​កូរ៉េ​ពិតប្រាកដ​ឬ​យ៉ាង​ណា​ទេ​ចាំ​មើល​ថ្ងៃ​ស្អែក​ (​ថ្ងៃទី​ ៣០ វិច្ឆិកា​) ​ទើប​យើង​បញ្ជាក់​ជូន​បាន ...» ។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ ឈិន គឹមធុយ អធិការ​នគរបាល​ខណ្ឌ​ព្រែកព្នៅ​ប្រាប់​យ៉ាង​ខ្លី​ថា នៅ​កំពុង​រង់ចាំ​លទ្ធផល​ធ្វើ​កោសល្យវិច័យ​ដូច​គ្នា​។

ដោយឡែក​លោក សាំង ស៊ិន ចៅសង្កាត់​គោករកា​បាន​ប្រាប់​ថា ករណី​នេះ​មាន​សមត្ថកិច្ច​កោសល្យវិច័យ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​។

លោក​ប្រាប់​ថា៖ «​ហ្នឹង​ហើយ​ឮថា​ជា​ជនជាតិ​កូរ៉េ តែ​វា​មិន​ទាន់​ច្បាស់​ថា​យ៉ាង​ម៉េច​ទេ ព្រោះ​សាកសព​វា​រលួយ​នៅ​តែ​ឆ្អឹង​ដែល​ត្រូវ​គេ​សម្លាប់​ប្រហែល​កន្លះ​ខែ​ហើយ​។ ខាង​ស្នងការ​ក្រុង​ភ្នំពេញ​គាត់​យក​គ្រោងឆ្អឹង​នោះ​ទៅ​» ។

គួរ​រំឭក​ថា​សាកសព​នោះ​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ ឈូក ចំរើន អាយុ​ ៣៩ ​ឆ្នាំ​ប្រទះ​ឃើញ​កាលពី​ថ្ងៃទី​ ២៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ ខណៈ​គាត់​ចូល​ទៅ​នោម​ក្នុង​ដីឡូត៍​ ១ ​ដែល​ស្ថិត​ក្នុង​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ បន្ទាប់​មក​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​៕