រតនគិរីៈ នគរបាល​ស្រុក​កូនមុំ ខេត្ត​រតនគិរី​ពី​ម្សិលមិញ​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ករណី​អារ ក សម្លាប់​បុរស​ជា​កម្មករ​ក្រុមហ៊ុន​ដាំចេក​មួយ​ឈ្មោះ​ ហ័ងអាញ់យ៉ាឡាយ នៅ​ឃុំ​សិរីមង្គល ស្រុក​កូនមុំ ខេត្ត​រតនគិរី បន្ទាប់ពី​មាន​កម្មករ​ម្នាក់​ទៀត​ប្រទះឃើញ​ស្លាប់​កាលពី​ថ្ងៃទី​ ២៤ កក្កដា​។

លោក ភោគ បូរិទ្ធ អធិការ​នគរបាល​ស្រុក​កូនមុំ​ប្រាប់​ពី​​ម្សិលមិញ​ថា ជនរងគ្រោះ​ឈ្មោះ គឹម សារឿន ហៅ​ តុង អាយុ​ ២៦ ​ឆ្នាំ​ មាន​ស្រុកកំណើត​នៅ​ឃុំ​បឹងណាយ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ ​ចំណែក​ជនដៃដល់​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​​ហើយ ប៉ុន្តែ​លោក​សុំ​មិន​ប្រាប់​ឈ្មោះ​ជន​នោះទេ ព្រោះ​កុំឲ្យ​ដឹងខ្លួន តែ​ករណី​នេះ​អ្នកប្រព្រឹត្ត​អាច​លើសពី​ម្នាក់​។

លោក​ថា​៖ «​ខ្ញុំ​កំពុង​តាម​ចាប់​ជនសង្ស័យ តែ​បើ​ខ្ញុំ​ប្រាប់​ឈ្មោះ​គេ​គឺ​ដូច​រុញ​ជនសង្ស័យ​ទៅ​ឆ្ងាយ​ពី​សមត្ថកិច្ច​។ ​ខ្ញុំ​បានឃើញ​បុរស​ជា​ដៃគូ​អ្នកស្លាប់​ម្នាក់​ហើយ ដូច្នេះ​ចាំ​ខ្ញុំ​ធ្វើការ​បន្ត​សិន​»​។

លោក​បាន​បញ្ជាក់ថា សមត្ថកិច្ច​បាន​ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាម​អារ​ក្រឡឹង ក ជិត​ដាច់ នៅ​សល់​តែ​ស្បែក​ជាប់​កញ្ចឹងក​បន្តិច និង​មាន​ស្នាម​ចាក់​ត្រង់​ឆ្អឹងជំនីរ​ផ្នែក​ខាងឆ្វេង​ ១ ​កាំបិត ធ្លាយ​ពោះវៀន​។ ប៉ុន្តែ​ចំពោះ​មុខសញ្ញា​ជនសង្ស័យ​គឺ​សមត្ថកិច្ច​លោក​បាន​ស្គាល់​អស់ហើយ​។

លោក​បាន​ឲ្យ​ដឹងថា ករណី​​នេះ​ត្រូវ​បាន​កម្មករ​ដាំចេក​ម្នាក់​ប្រទះឃើញ​នៅ​រសៀល​ថ្ងៃទី​ ២៤ ​ខែ​កក្កដា ​ត្រង់​ចំណុច​ក្រុមហ៊ុន​​ដាំ​ដំណាំ​ចេក​ឈ្មោះ ហ័ងអាញ់យ៉ាឡាយ ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។ ភ្លាមៗ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ​​នគរបាល​ប៉ុស្ដិ៍​ឃុំ​សិរីមង្គល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​។

លោក​ថា បើ​តាម​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ​​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​​កូនមុំ​បាន​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម​ដោយ​ប្រើ​កាំបិត​។

លោក​បាន​រំឭក​តាម​សម្តី​​សាក្សី​ថា នៅ​ម៉ោង​ប្រហែល​ ៨ ​យប់​ថ្ងៃទី​ ២៣ ខែកក្កដា​ ជនរងគ្រោះ​បាន​មក​ផឹកស៊ី​ជាមួយ​បុរស​ម្នាក់​។ ក្រោយមក​នៅ​ម៉ោង​ប្រហែល​ ១០ ​យប់ ពួកគេ​បាន​នាំគ្នា​ទៅ​ឆ្លុះ​កង្កែប ហើយ​តាំងពី​ពេល​នោះ​មក មិន​ឃើញ​អ្នក​ទាំង​ ២ ​ត្រឡប់​មក​វិញ​ទេ​។ ​លុះដល់​រសៀល​ថ្ងៃទី​ ២៤ ​កក្កដា​ ទើប​មាន​កម្មករ​ក្រុមហ៊ុន​ ហ័ងអាញ់យ៉ាឡាយ បាន​ប្រទះ​ឃើញ​​សាកសព​ជនរងគ្រោះ រួច​បាន​​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។

លោក​បាន​បន្ថែមថា ចំពោះ​វត្ថុ​ភ័ស្ដុតាង​ដែល​សមត្ថកិច្ច​បាន​រកឃើញ​នៅនឹង​កន្លែង​កើតហេតុ​នោះ​រួមមាន ស្បែកជើង​ ២ ​គូ កាំបិត​ពណ៌​ស​ចុងស្រួច​តូច​ ១ និង​ដំបង​ឈើ​ចំនួន​ ២ ​កំណាត់ ​ដែល​មាន​ប្រឡាក់​ឈាម​ផង​៕