ភ្នំពេញៈ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងសាកសួរក្រុមជនជាតិចិន បន្ទាប់ពីពួកឆ្មក់ចាប់ខ្លួនបានជិត ៣០ នាក់ កាលពីរសៀលថ្ងៃទី ១២ ខែសីហា នៅសណ្ឋាគារមួយមានឈ្មោះ «កណ្តាលសួនច្បារ» ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីសង្ស័យធ្វើសកម្មភាពចាប់ជំរិតយកប្រាក់ពីជនជាតិចិនដូចគ្នា។
តាមទំព័រហ្វេសបុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រតិបត្តិការនេះដឹកនាំដោយមេបញ្ជាការរង ២ រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង។
កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបន្តថា ក្រោយបើកប្រតិបត្តិការសមត្ថកិច្ចកំពុងបន្តការសួរនាំជនសង្ស័យទាំងនោះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីបន្ត។
ទំព័រហ្វេសបុកដដែលបានបញ្ជាក់ថា៖ «ប្រតិបត្តិការនេះឃាត់ខ្លួនជនជាតិចិន ២៩ នាក់ ស្រី ៣ នាក់។ ប្រតិបត្តិការមួយនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា ក្រុមជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណីចាប់ជំរិតយកប្រាក់លើជនជាតិចិនដូចគ្នា។ កម្លាំងសមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួន ៣ នាក់»។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ សីហា នេះថា ជនសង្ស័យជាជនជាតិចិនជិត ៣០ រូប ត្រូវបានឃាត់ខ្លួននៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកំពុងស្ថិតក្នុងការសាកសួររបស់កម្លាំងកងរាជអាវុធ។ លោកបន្តថា ចំពោះនីតិវិធីយ៉ាងណាទៀតនោះគឺជាសមត្ថកិច្ចរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រោះវា កំពុងស្ថិតក្នុងការស៊ើបអង្កេត។
លោកបញ្ជាក់ថា៖ «សុំសួរព័ត៌មានលម្អិតទៅស្ថាប័នអយ្យការ ព្រោះជាទោះបីជនទាំងនេះ កំពុងស្ថិតនៅក្នុងកងរាជអាវុធហត្ថក៏ដោយ ក៏ការស្រាវជ្រាវ ឬការស៊ើបអង្គេត ស្ថិតនៅក្រោមការដឹកនាំរបស់ស្ថាប័នអយ្យការដែរ»។
លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ភ្នំពេញនៅថ្ងៃទី ១៣ សីហា នេះថា លោកមិនទាន់ដឹងសំណុំរឿងនេះនៅឡើយ ខណៈលោកសុំពេលស្រាវជ្រាវជាមួយក្រុមការងារជាមុនសិន។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានលើកឡើងថា ករណីជនជាតិចិនបង្កបទល្មើសចាប់ជំរិត គឺជាករណីដដែលៗដែលតែងតែកើតមានឡើងជាញឹកញាប់នៅកម្ពុជា។ លោកបន្តថា ករណីនេះ គឺឲ្យបង្ហាញឲ្យឃើញពីភាពកម្សោយរបស់សមត្ថកិច្ចកម្ពុជាដែលនៅតែបណ្តែងបណ្តាយឲ្យជនជាតិចិនទាំងនេះអាចបន្តសកម្មភាពបទល្មើសជាបន្តបន្ទាប់។
លោកបន្តថា៖ «ជនជាតិចិនហាក់បីដូចជាមានការរស់នៅមួយដែលស្ថិតក្នុងភាពធ្វេសប្រហែសពីសំណាក់អាជ្ញាធរកម្ពុជាដែរ។ យើងឃើញថា ការចាប់ជំរិតនេះ អាចធ្វើទៅបានក៏ព្រោះតែគ្មានការគ្រប់គ្រង ដែលពួកគេបានធ្វើសកម្មភាពឡើងជាក្រុមតែម្តង។ ហើយមួយទៀត យើងនៅមានមន្ទិលសង្ស័យ លើនីតិវិធីនៃការផ្តន្ទាទោសនេះ ព្រោះជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅកម្ពុជា បែរជាត្រូវបានបញ្ចូនទៅប្រទេសចិនវិញ ឲ្យអនុវត្តទោសនៅប្រទេសគេឯកណោះ»។
លោក សន ជ័យ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ត្រូវធ្វើការទប់ស្កាត់ឲ្យបាននូវការប្រព្រឹត្តបទល្មើសដែលបង្កឡើងដោយជនជាតិចិនយ៉ាងអនាធិបតេយ្យនេះ និងត្រូវដាក់ជនជាតិចិនទាំងឡាយឲ្យស្ថិតនៅក្នុងការគ្រប់គ្រងឲ្យបានម្មត់ចត់ ដើម្បីបង្កានូវការប្រព្រឹត្តសកម្មភាពអនាធិបតេយ្យបែបនេះបន្តទៀត៕