ភ្នំ​ពេញៈ​ សមត្ថ​កិច្ច​បាន​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ នៅ​ពេល​មាន​ករណី​ភ្លៀង​ខ្យល់​កើត​ឡើង។​ ការ​អំពាវ​នាវ​នេះ​ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ដើ​ម​ឈើ​ធំៗ​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​បាន​បាក់​រលំ​សង្កត់​លើ​រថ​យ​ន្ត​មួយ​គ្រឿង​ ​នៅ​ម្តុំ​រង្វង់​មូល​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ប្រវត្តិ​សាស្ត្រ​វត្ត​ភ្នំ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ក្រោយ​ពីមាន​ភ្លៀង​ធ្លាក់​មួយ​មេធំ​លាយ​ឡំ​នឹ​ង​ខ្យល់​កន្ត្រាក់​។​ ​

លោក​ ​សុខ​ ​ពេញ​វុធ​ ​អភិ​បាល​ខណ្ឌ​ដូន​ពេញ​ ​បាន​ឲ្យ​ដឹង​កាល​ថ្ងៃ​ពុធ​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៦​ព្រឹក​ថ្ងៃ​ពុធ ​[ម្សិល​មិញ]​ នេះ​ ​មាន​ករណី​បាក់​រលំ​ដើម​ក្ងោក​មួយ​ដើម​នៅ​ចំណុច​រង្វង់​មូល​វត្ត​ភ្នំ ​ទល់​មុខ​នឹង​អគ្គីស​នី​កម្ពុជា​ ​ស្ថិត​ក្នុង​សង្កាត់​វ​ត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ​ ​រាជ​ធា​នី​ភ្នំ​ពេញ​ ​សង្កត់​លើ​រថ​យន្ត​មួយ​គ្រឿង​ ដែល​កំពុង​ធ្វើដំណើរ​ឆ្លង​កាត់​តាម​រង្វង់​មូល​នោះ​ ប៉ុន្តែ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។​

ក្រោយ​កើត​ហេតុ​ ​រដ្ឋ​បាល​រាជ​ធានី​ភ្នំ​ពេញ​ ​បាន​ចាត់​មន្ត្រី​ចុះ​កាត់​ដើ​ម​ក្ងោក​នោះ​ចេញ​ ហើយ​ក្រុម​បញ្ជា​ការ​កង​ឯក​ភាព​ខណ្ឌ​ដូន​ពេញ​ ​បាន​ចុះ​ជួយ​សម្រួល​ការ​កក​ស្ទះ​ចរា​ចរណ៍ ​និង​ ​បាញ់​ទឹក​សំអាត​។​ ចំ​ណែក​នៅ​តាម​ដង​មហា​វិថី​ម៉ៅ​សេទុ​ង​វិញ​ ​ក៏​មាន​ករណី​បាក់​រលំ​ដើម​អង្កាញ់​មួយ​ដើម​ផង​ដែរ​ នៅ​សង្កាត់​ទទួល​ស្វាយ​ព្រៃ​ទី​ ១ ​ខណ្ឌ​បឹង​កេង​កង​ ​រាជ​ធានី​ភ្នំពេញ​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១៣​ ​ខែ ​ឧសភា​ ឆ្នាំ​​ ២​០២​០ ​នេះ​។​

លោក​ ​ណាត​ ​សារឿន​ ​ប្រធាន​ប្រ​ជា​ការ​ពារ​ខណ្ឌ​បឹង​កេង​កង​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា​ ខណៈ​មេឃ​កំពុង​ភ្លៀង​លាយ​ឡំ​ខ្យល់​​​កន្ត្រាក់​កើត​ឡើង​នា​ព្រឹក​មិញ ​[ព្រឹ​ក​ថ្ងៃ​ពុធ​]​ នេះ ​ដើម​អង្កាញ់​មួយ​ដើម​បាន​បាក់​រលំ​មក​កាត់​លើទ​ទឹង​មហា​វិថី​ម៉ៅ​សេទុង នៅ​ចំណុច​កើត​ហេតុ​ខាង​លើ​នេះ​ ប៉ុន្តែ​សំណាង​ល្អ​ពុំ​មាន​អ្នក​ដំណើរ​ឆ្លង​កាត់​ត្រង់​ចំណុច​កើត​ហេតុ​នោះ​។​

លោក​ថ្លែង​ថា​៖ ​«​យើង​គ្រប់​គ្នា​គួរ​តែ​ប្រុង​ប្រ​យ័ត្ន​ ​ចំពោះ​ការ​ធ្វើ​ដំណើរ​ក្នុង​កំឡុង​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ ​ព្រោះ​ប​ច្ចុប្បន្ន​នេះ ឲ្យ​តែ​មាន​ភ្លៀង​គឺ​មាន​ខ្យល់​បក់​បោក​ខ្លាំង​កើត​ឡើង​ព្រម​ជា​មួយ​គ្នា​តែ​ម្ដង​»​។​

ក្រៅ​ពី​ករណី​បាក់​រលំ​ដើម​ឈើ ​សង្កត់​ទ្រូង​ផ្លូវ​ ​និង​រថ​យន្ត​ ​បង្ក​ការក​កស្ទះ​ចរាចរណ៍​ ផ្លូវ​មួយ​ចំនួន​ក៏​ត្រូវ​លិច​លង់​ដោយ​ទឹក​ភ្លៀង​ ព្រោះ​តែ​ការ​ស្ទះ​ប្រព័ន្ធ​លូ​ផង​ដែរ ។​ ​ជាក់​ស្តែង​ផ្លូវ​នៅ​ខាង​មុខ​ផ្សារ​ឯក​រាជ្យ​២​ ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍​សែន​ មាន​កំណាត់​ផ្លូវ​មួយ​កំណាត់​ត្រូវ​បាន​ទឹក​លិច​ត្រឹម​ជង្គង់​ បណ្តាល​ម្ចាស់​យាន​យន្ត​និង​ម៉ូតូ​មួយ​ចំនួន​ ​បង្ខំ​ចិត្ត​ចុះ​រុញ​​និង​បណ្ដើរ​ម៉ូ​តូ​កាត់​ទឹក​ ​ព្រោះ​តែ​វា​ត្រូវ​បាន​រលត់​កណ្តាល​ផ្លូវ​ ​ដែល​ជន់​លិច​ដោយ​ទឹក​ភ្លៀង​។​

សូម​បញ្ជាក់​ថា ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​ក្រ​សួង​ធន​ធាន​ទឹក​បាន​ព្រមាន​ពី​ហានិ​ភ័យ​នៃ ​ការចាក់​ដី​លុប​ដី​ចំណី​ច្រាំង​ទន្លេ​ ​ស្ទឹង​ ព្រែក​ ​ប្រ​ឡាយ​ ​និង​បឹង​បួរ​នា​នា ​ដែល​បង្ក​ឲ្យ​មាន​ក្ដី​ព្រួយ​កង្វល់​អំពី​លទ្ធ​ភាព​នៃ​ការ​រំដោះ​គ្រោះ​ទឹ​ក​ជំនន់​ ដែល​បង្ក​ឡើ​ង​ពី​​សកម្ម​ភាព​​នៃ​ការ​រំ​លោភ​បំពាន​តំ​បន់​ទាំង​នោះ​៕​​