កំពង់ធំ: មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​កំពុង​សួរ​បុរស​ជា​អ្នកបើកបរ​រថយន្តក្រុង​ម្នាក់ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​សត្វព្រៃ​ជាង​ ២០០ ​គីឡូ​នៅ​ចំណុច​ភូមិ​ស្លាក​ក្រាញ់ ឃុំ​សំព្រោជ ស្រុក​ស្ទោង ខណៈ​រថយន្ត​បម្រុង​ដឹក​សំដៅ​មក​ភ្នំពេញ​។

លោក អាំ ប៊ុនថា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​បាន​ថ្លែងថា កម្លាំង​របស់​លោក និង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​ឃាត់​រថយន្ដក្រុង​ ១ ​គ្រឿង​ដែល​ដាក់ឈ្មោះ ក្រុមហ៊ុន​បូព៌ា​អាស៊ី​ពាក់ព័ន្ធ​ការដឹក​សត្វព្រៃ​ខុសច្បាប់ ប៉ុន្ដែ​លោក​មិន​ទាន់​ដឹង​ពី​ប្រភព​សត្វព្រៃ​ទាំងនេះ​នៅ​ឡើយ​ទេ ខណៈ​សមត្ថកិច្ច​កំពុង​សួរ​ជនសង្ស័យ​។

លោក​បន្តថា បុរស​ជា​ជនសង្ស័យ​នោះ​ឈ្មោះ ងន វុនរ៉ា អាយុ ២៧ ​ឆ្នាំ​រស់នៅ​ភូមិ​ប្រមោយ ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ជា​អ្នកបើកបរ​រថយន្ដក្រុង​ ១ ​គ្រឿង​ម៉ាក KIA ពណ៌​ស្លា​ទុំលាយ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-2417​។

លោក ប៊ុនថា បន្ថែម​ថា​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន​អណ្តើកសង្កល់ ២៨​ ​ក្បាល​ស្មើ​នឹង​ ១៧៩ ​គីឡូ​ពស់ក្រចាន់​តាម​ម​ ៨២ ​ក្បាល ស្មើនឹង​ ៤៥ ​គីឡូ និង​ទន្សង​ ៤ ​ក្បាល ស្មើនឹង​ ៨ ​គីឡូ​ «​បច្ចុប្បន្ន​វត្ថុតាង និង​ជនសង្ស័យ​កំពុង​ត្រូវ​សួរ​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ប៉ុន្ដែ​ខ្ញុំ​មិន​ទាន់​ដឹងថា ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅពេល​ណា​ទេ​»​។

លោក ហង្ស ថុល មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​ថ្លែងថា កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​បាន​​សហការ​ជាមួយ​មន្ត្រី​មូលដ្ឋាន​ឃាត់​រថយន្ត​ក្រុង​លួច​បង្កប់​ដឹក​សត្វព្រៃ​នៅ​ចំណុច​ស្រុក​ស្ទោង ហើយ​បាន​ប្រគល់ជូន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​។

លោក​ថា​៖ «​ខ្ញុំ​បាន​ប្រគល់​ទាំង​វត្ថុតាង និង​ជនសង្ស័យ​ជូន​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រួចហើយ ប៉ុន្ដែ​របាយការណ៍​នានា ខ្ញុំ​អត់​ដឹង​ច្បាស់​ទេ​។ អ៊ីចឹង​សួរ​ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ គាត់​ដឹង​ច្បាស់​ជាង​ខ្ញុំ​»​។

លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​បាន​ថ្លែង​ថា​លោក​បាន​ទទួល​ព័ត៌មាន​នេះហើយ ប៉ុន្ដែ​មិន​ទាន់​បាន​ទទួល​របាយការណ៍​លម្អិត​ទេ ដោយ​លោក​ជាប់​មក​ប្រជុំ​នៅ​ភ្នំពេញ​ «​ខ្ញុំ​ទទួល​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​ខ្ញុំ ប៉ុន្ដែ​របាយការណ៍​លម្អិត​គឺ​គាត់​កំពុង​សាកសួរ​ជនសង្ស័យ​បន្ថែមទៀត​»​។

ទោះ​យ៉ាងណា​លោក អាំ ប៊ុនថា បាន​អះអាង​ថា​មន្ត្រី​ជំនាញ​គ្រោង​នឹង​យក​សត្វ​ទាំងនេះ​ទៅ​លែង​វិញ ប្រសិន​បើ​មាន​ការបញ្ជា​ពី​តុលាការ ប៉ុន្ដែ​លោក​នៅ​មិនទាន់​ដឹងថា ត្រូវ​ដោះលែង​នៅ​កន្លែង​ណា​ឲ្យ​មាន​សុវត្ថិភាព ឬ​ប្រគល់​ជូន​អង្គការ​ការពារ​សត្វព្រៃ Wildlife Alliance នៅឡើយ​។

ក្រុមហ៊ុន​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំការ​បញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្ដែ​ត្រូវ​បាន​ចុច​ផ្ដាច់​ទៅវិញ​៕