កំពង់ស្ពឺៈ អាជ្ញាធរខេត្ត​កំពង់ស្ពឺ និង​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ថ្ងៃទី​ ២២ ​មិថុនា បាន​ចុះ​រុះរើ​ឡដុត​ធ្យូង​ខុសច្បាប់​ស្ថិតនៅ​ភូមិ​អូរអញ្ចា ឃុំ​តាសាល ស្រុក​ឱរ៉ាល់​ដោយ​មាន​ឡ​ដែល​បាន​កម្ទេច​ និង​ឡ​ដែល​នឹងត្រូវ​កម្ទេច​ចំនួន​ ១១៧ ​ឡ​ព្រមទាំង​តម្រូវ​ឲ្យ​ម្ចាស់​ឡ​ធ្វើ​កិច្ចសន្យា និង​បានធ្វើ​លិខិត​ព្រមាន​បញ្ឈប់​សកម្មភាព​ទាំងអស់​នេះ​។

តាម​របាយការណ៍​របស់​មន្ត្រី​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា នៅ​ថ្ងៃទី​ ២២ ខែ​មិថុនា មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ចូលរួម​ជាមួយ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក ដឹកនាំ ដោយ​លោក​ នី នរៈ អភិបាលរង​ស្រុក​ឱរ៉ាល់​ដោយ​មាន​ការចូលរួម​ពី​អង្គការ ACNCIPO បាន​ចុះ​កម្ទេច​ទីតាំង​ឡ​ដុត​ធ្យូង​អនាធិបតេយ្យ​ចំនួន​ ១១៧ ​ឡ​។ តាម​របាយការណ៍​ចំនួន​នេះ​សរុប​ទាំង​អាជ្ញាធរ​ទុកពេល​ឲ្យ​ម្ចាស់​ឡ​កម្ទេច​ឡ​ដោយ​ខ្លួនឯង​។

ទីតាំង​ឡ​ដែល​ត្រូវកម្ទេច​នោះ​ស្ថិត​នៅ​ចំណុច​ភូមិសាស្ត្រ​ភូមិ​អូរអញ្ចា និង​ចំណុច​ភូមិសាស្ត្រ​ភូមិ​ដូង​ស្ថិត​ក្នុង​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ដែល​ជា​ទីតាំង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​។

របាយការណ៍​ខាងលើ​បន្តថា ជា​លទ្ធផល​ទី​១ នៅ​ចំណុច​ភូមិ​អូរអញ្ចា​មាន​ឡ​ដុត​ធ្យូង​ចំនួន​ ១០១ ​ឡ​ (​វាយកម្ទេច​ចោល​ចំនួន​ ៣៧ ​ឡ និង​ធ្វើ​កិច្ចសន្យា​ទុក​រយៈពេល​ ១៥ ​ថ្ងៃ​ ឲ្យ​ម្ចាស់​រើ​ធ្យូង​ចេញ​ឲ្យ​អស់​កម្ទេចចោល​ដោយ​ខ្លួនឯង​ចំនួន​ ៦៤ ​ឡ​)​។ ទី​២ នៅ​ភូមិ​ដូង​មាន​ឡ​ដុត​ធ្យូង​ចំនួន​ ១៦ ​ឡ​ (​វាយកម្ទេច​ចោល​ចំនួន​ ៤ ​ឡ និង​ធ្វើ​កិច្ចសន្យា​ដូចគ្នា​ទុក​រយៈពេល​ ១៥ ​ថ្ងៃ​ ឲ្យ​កម្ទេច​ដោយ​ខ្លួនឯង​ចំនួន​ ១២ ​ឡ​)​។

លោក​ នៅ ណាក់ អនុប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២២ មិថុនា ថា​មន្ត្រី​ជំនាញ​របស់​លោក​សហការ​ជាមួយ​មន្ត្រី​មូលដ្ឋាន​បាន​បង្កើត​ជា​គណៈកម្មការ​មួយ​ចុះទៅ​ធ្វើ​ប្រតិបត្តិការ​រុះរើ​ឡ​ដុត​ធ្យូង​ខុស​ច្បាប់​។ ក្នុង​ប្រតិបត្តិការ​នេះ អាជ្ញាធរ​រុះរើ និង​បំផ្លាញចោល​នូវ​ឡ​ដុត​ធ្យូង និង​ខ្ទម​ដែល​ពលរដ្ឋ​មួយ​ចំនួន​បាននាំគ្នា​ទៅ​ប្រកប​អាជីវកម្ម​ខុស​ច្បាប់​នៅ​តំបន់​នោះ​។

លោក​បន្តថា មន្ត្រី​ជំនាញ​មិន​បាន​ឃាត់​ខ្លួន​មនុស្ស​ទេ ដោយ​គ្រាន់តែ​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ដុត​ធ្យូង និង​កាប់​បំផ្លាញ​ព្រៃឈើ​។ ជាពិសេស​អាជ្ញាធរ​ត្រូវ​តែ​ទប់ស្កាត់​សកម្មភាព​រំលោភ​ទន្ទ្រាន​ដី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ព្រោះ​ពួកគាត់​បាន​នាំគ្នា​មក​សាងសង់​ខ្ទម​តូចៗ​សម្រាប់​ស្នាក់នៅ ដើម្បី​ប្រកប​អាជីវកម្ម​ដុត​ធ្យូង​។

លោក​ នៅ ណាក់ ថ្លែងថា​៖ «​រីឯ​ឡ​ដុត​ធ្យូង​ទាំងអស់ យើង​ចុះ​រុះរើ​បំផ្លាញ​ដោយ​ខ្លួនឯង​ផ្ទាល់​មួយ​ចំនួន ហើយ​មួយចំនួន​ទៀត​ពួកគាត់​សន្យា​រុះរើ​ដោយ​ខ្លួន​គាត់​»​។

លោក ហ៊ុល ម៉ារ៉ា អនុប្រធាន​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ស្រុក​ឱរ៉ាល់ ថ្លែង​ពី​ម្សិលមិញ​ថា ឡ​ដុត​ធ្យូង​ចំនួន​ ១១៧ ​ឡ​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​មួយចំនួន និង​ពលរដ្ឋ​ស្នើសុំ​រុះរើ​ដោយ​ខ្លួនឯង​មួយ​ចំនួន ដោយសារ​ពួកគាត់​នៅ​មិនទាន់​យក​ធ្យូង​ចេញពី​ឡ​អស់​។ ដូច្នេះ​គាត់​សុំ​ទុកពេល​ឲ្យ​ពួកគាត់​ ១៥ ​ថ្ងៃ ដើម្បី​យក​ធ្យូង​ចេញពី​ឡ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​ទុកពេល​ពួកគាត់​ចំនួន​ ១៥ ​ថ្ងៃ​ ដើម្បី​រុះរើ ហើយ​ប្រសិនបើ​គាត់​នៅតែ​មិន​ព្រម​រុះរើ​តាម​កិច្ចសន្យា​ទេ មន្ត្រី​ឧទ្យានុរក្ស​ពួកខ្ញុំ​នឹង​ចុះទៅ​រុះរើ​ម្ដងទៀត​។ ប៉ុន្ដែ​យើង​មិន​បាន​ប្ដឹង ឬ​ចាត់វិធានការ​ទៅ​តុលាការ​ទេ ព្រោះ​ពួកគាត់​យល់ព្រម​តាម​ការសម្របសម្រួល​ជាមួយ​អាជ្ញាធរ​។ យើង​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព និង​ព្រមាន​គាត់​អនុវត្តតាម​ផ្លូវច្បាប់​»​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ (ACN-CIPO) ​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ចម្រុះ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ និង​មន្ត្រី​អង្គការ​លោក​ជាង​ ៣០ ​នាក់​បាន​ចុះទៅ​រុះរើ និង​បំផ្លាញ​ឡធ្យូង និង​ខ្ទម​មួយ​ចំនួន​ដែល​សាងសង់​ដោយ​ខុសច្បាប់​នៅ​ភូមិ​អូរអញ្ចា ឃុំ​តាសាល ស្រុក​ឱរ៉ាល់​។

លោក​ថា​ក្នុងអំឡុងពេល​ចុះ​ប្រតិបត្តិការ​ក៏​មាន​ការតវ៉ា និង​រារាំង​សកម្មភាព​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ដែរ ប៉ុន្ដែ​មន្ត្រី​ជំនាញ​បាន​ព្យាយាម​សម្របសម្រួល​ជាមួយ​ពួកគាត់​។ ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ផ្សព្វផ្សាយ​ពី​ការប្រកបមុខរបរ​ដុត​ធ្យូង​ដោយ​ខុសច្បាប់ ការកាប់បំផ្លាញ​ព្រៃឈើ និង​ការតាំង​លំនៅ​ដោយ​ខុសច្បាប់​។ មន្ត្រី​ជំនាញ​បាន​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដុត​ធ្យូង និង​ការកាប់​ព្រៃឈើ​ខុសច្បាប់​បន្តទៀត ព្រមទាំង​ព្រមាន​អនុវត្ត​ច្បាប់​ទៅលើ​ពួកគាត់​។

លោក​ ហ៊ាន ប្រាប់ថា​៖ «​ពួកគាត់​ទើបតែ​មក​ធ្វើ​ឡ​ដុត​ធ្យូង​ហ្នឹង​ថ្មីៗ​ទេ ហើយ​អ្នកខ្លះ​ក៏​ជិត​ ១ ​ខែ​មកហើយ ដោយ​ពួកគាត់​បាន​ទិញ​ឈើ​ពី​គេ​ផ្សេង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្ដាល ខេត្ត​កោះកុង ដឹក​យក​មក​ដុត​ធ្វើ​អាជីវកម្ម​ធ្យូង​នៅ​តំបន់ភ្នំ​ឱរ៉ាល់​នេះ ព្រោះ​តំបន់​នេះ​មិន​មាន​ព្រៃឈើ​ច្រើន​ទេ​»​។

លោក​ សោម ពុទ្ធតារា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់​ថា​៖ «​កងរាជ​អាវុធហត្ថ​ស្រុក​ឱរ៉ាល់​ពួកខ្ញុំ​បាន​ទៅ​ចូលរួម​ប្រតិបត្តិការ​នេះដែរ​តែ​របាយការណ៍​នានា​ខ្ញុំ​អត់​ដឹង​ទេ តែ​ខ្ញុំ​មាន​មន្ត្រី​ជំនាញ​ចម្រុះ​ទៅ​គ្នា​ច្រើន​ដែរ អាច​សាកសួរ​ទៅ​គាត់​ទៅ ព្រោះ​គាត់​ដឹង​ច្រើន​ជាង​ខ្ញុំ​»៕