ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ បន្ទាប់ពីចាប់បញ្ជូនពីខេត្តកំពង់ឆ្នាំងកាលពីថ្ងៃ ១៩ មករា ពាក់ព័ន្ធករណីជំរិតក្មេងសិស្សសាលាទារប្រាក់ពីឪពុកម្តាយនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីខែវិច្ឆិកា ឆ្នាំមុន ។
ជនសង្ស័យមានឈ្មោះ ស្រេង បូរី អាយុ ២៣ ឆ្នាំដែលមានមុខរបរនិងទីកន្លែងមិនពិតប្រាកដ ត្រូវបាននគរបាលក្រសួងមហាផ្ទៃសហការជាមួយសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ខ្លួនកាលពីយប់ថ្ងៃសៅរ៍នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ហើយបានប្រគល់ឲ្យនគរបាលខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះ បន្ទាប់ពីរូបគេបានលួងលោមក្មេងប្រុសម្នាក់ឈ្មោះ ឈុន សុវណ្ណារ័ត្ន អាយុ ១៣ ឆ្នាំ ជាសិស្សថ្នាក់ទី ៨ នៅវិទ្យាល័យឫស្សីកែវកាលពីព្រឹកថ្ងៃ ២០ វិច្ឆិកា ឆ្នាំមុន ខណៈក្មេងនោះចេញពីសាលារង់ចាំរថយន្តក្រុងនៅចំណតរថយន្តក្រុងតាមផ្លូវជាតិលេខ៥ក្រុម១ ភូមិសាមគ្គី សង្កាត់-ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។
នាយកវិទ្យាល័យឫស្សីកែវ លោក ចៅ វិរៈយុទ្ធ បានប្រាប់ភ្នំពេញប៉ុស្តិ៍យ៉ាងខ្លីថា ករណីនេះមិនពាក់ព័ន្ធខាងសាលាទេ ព្រោះក្មេងបានបាត់ខ្លួននៅក្រៅសាលា។ ប៉ុន្តែ លោកអះអាងថា ក្រោយពីបាត់ខ្លួនបាន១ថ្ងៃ ក្មេងប្រុសរូបនេះក៏បានចូលរៀនធម្មតាវិញ។
លោកបញ្ជាក់ថា៖ «សាលាមានភារៈការពារសិស្សក្នុងសាលានិងធ្វើយ៉ាងណាឲ្យសិស្សមករៀន។ ប៉ុន្តែមុនបាត់ខ្លួននោះគាត់បានត្រឡប់ទៅផ្ទះហើយ ហើយការលួងលោមគាត់គឺនៅក្រៅសាលា រឿងហ្នឹងកើតឡើងយូរដែរហើយ គាត់បានចូលរៀនវិញតាំងពីថ្ងៃបន្ទាប់»។
លោក អ៊ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជនសង្ស័យត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃ ២២ មករានេះ ដើម្បីចោទប្រកាន់ បន្ទាប់ពីគេបានសារភាព។
លោកបញ្ជាក់ថា៖ «ស្អែកព្រឹក (ថ្ងៃទី ២២ មករា) នឹងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត ហើយចោទប្រកាន់ពីបទជំរិតទារប្រាក់ និងបង្ខាំងមនុស្សដោយខុសច្បាប់។
តាមចម្លើយសារភាព ជនសង្ស័យ ឈ្មោះ ស្រេង បូរី បានប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានលួងលោមក្មេងប្រុសនោះដើម្បីគំរាមទារប្រាក់ពីឪពុកម្តាយរបស់គេមែន ហើយថា ការធ្វើបែបនេះព្រោះខ្លួនគេគ្មានប្រាក់ ។
ជនសង្ស័យរូបនេះថា៖ «នាំគាត់ទៅដើរលេង អត់មានដាក់ថ្នាំ ដាក់អីទេ គឺលួងលោមគាត់តាមសម្រួល អត់មានធ្វើបាបគាត់ទេ។ ដំបូងនាំទៅញុំអី ជិះឡានក្រុងទៅកន្លែងឲ្យចំណីត្រី ជិះរហូតដល់យប់ ក៏ទៅដេកនៅផ្ទះសំណាក់១នៅក្បែរស្ពានលីយ៉ុងផាត (មិនចាំឈ្មោះ)។
តាមរបាយការណ៍ស៊ើបអង្កេតបឋមរបស់សមត្ថកិច្ចខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យបានប្រើលេខទូរស័ព្ទ ០៩៦ ៨៧២ ៨២៥ ៥ តេមកប្រាប់ក្រុមគ្រួសារថា បើចង់ឲ្យកូនទៅផ្ទះវិញផ្ញើលុយ ២០០០$ មក។
បន្ទាប់មកក្រុមគ្រួសារបានតថ្លៃគ្នាតាមទូរស័ព្ធសល់ ៥០០$។ លុះថ្ងៃទី ២១ ខែវិច្ឆិកាក្រោយបាត់ខ្លួនក្មេងប្រុសនោះឪពុកម្ដាយជនរងគ្រោះបានផ្ញើលុយតាម Wing ៥០០$ តែបានមួយសន្ទុះ ជនសង្ស័យបានទារប្រាក់ ២០០$ បន្ថែមទៀត តែគ្រួសារជនរងគ្រោះបានសុំត្រឹម ៥០$។ក្រោយគ្រួសារជនរងគ្រោះផ្ញើលុយ ៥០$ បានប្រមាណ ៣០ នាទី ក៏ឃើញក្មេងនោះវិលមកផ្ទះវិញ។
បើតាមលោកអ៊ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្រៅពីចាប់ជំរិតទារប្រាក់នេះ ជនសង្ស័យបានសារភាពដែរថាគេធ្លាប់បន្លំខ្លួនរត់ចេញពីពន្ធនាគារបានសម្រេចបន្ទាប់ពីជាប់ឃុំបាន ១ ឆ្នាំកាលពីឆ្នាំ ២០១៧ ក្រោយតុលាការកាត់ទោសពីបទលួចមានស្ថានទម្ងន់ទោស ។
យ៉ាងណា លោក សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានទទួលស្គាល់ថាកន្លងទៅពិតជាមានករណីអ្នកទោសលួចចេញពីពន្ធនាគារមែន តែក្នុង ករណីជនសង្ស័យ ឈ្មោះ ស្រេង បូរីនេះ លោកពុំទាន់ដឹងនោះទេ ដោយលោកថា នឹងស្រាវជ្រាវលម្អិតពីករណីនេះ។
លោកបញ្ជាក់ថា៖ «កន្លងទៅក៏មានអ្នកជាប់ឃុំលួចរត់រួចអ៊ឺចឹងដែរ តែក៏តាមចាប់បានមកវិញ តែមានតិចតួចយើងចាប់អត់បាន។...ប៉ុន្តែករណីគាត់ហ្នឹង អាចខ្ញុំចាំមិនច្បាស់ អ៊ឹចឹងដើម្បីដឹងព័ត៌មានច្បាស់ ខ្ញុំសួរជំនាញសិន»៕