ភ្នំពេញៈ សមត្ថកិច្ច​បន្ត​ស្រាវ​ជ្រាវ​លើ​ករណី​សង្ស័យ​ជាអំពើ​ឃាតកម្ម​មួយ​លើ​ពេទ្យ​ធ្មេញ​ម្នាក់​ ដើម្បី​វែកមុខ​រក​អត្តសញ្ញាណ​ជនល្មើស​ ដែលសាច់​ញាតិ​ជន​រងគ្រោះ​ថា ​ជាអំពើ​ឃាតកម្ម​ព្រៃផ្សៃ ​ដែលបាន​កើតឡើង ​កាលពីថ្ងៃ​ទី ២០​ ខែ​ ឧសភា​ នៅ​ភូមិបឹង ​សង្កាត់​ពញាពន់​ ខណ្ឌ​ព្រែកភ្នៅ ​រាជធានី​ភ្នំពេញ។

លោក​ នួន ​សម្បត្តិ ​នាយ​នគរ​បាល​ប៉ុស្តិ៍​សង្កាត់​ព​ញាពន់​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ​កាលពីម្សិល​មិញ​ថា​​ជន​រងគ្រោះ​ក្នុង​ឃាតកម្មនេះ​ឈ្មោះ​ ធុន​ រ៉ាវិន ​អា​យុ​ ១៩​ ឆ្នាំ ​ហើយ​សមត្ថ​កិច្ច​កំ​ពុង​ធ្វើ​ការស្រាវ​ជ្រាវ​ ដើម្បី​ស្វែង​រក​អត្តសញ្ញាណ​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​នេះ។

លោក​ប្រាប់​ថា​៖ «នៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ​មាន​ស្នាម​មុត​ហើយ​រឿង​នេះ​សមត្ថកិច្ច​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ ជា​អំ​ពើ​ឃាតកម្ម​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ហើយ​សមត្ថកិច្ច​កំពុ​ង​តែ​ធ្វើ​កោសល្យវិច័យ​នៅ​កន្លែង​កើត​ហេតុ​។ ​ចំពោះ​វត្ថុ​តាង​គឺ​គ្មាន​ឃើញ​បន្សល់​ទុក​អ្វី​នៅ​កន្លែង​កើត​ហេតុ​ដែរ ​តែ​នៅ​លើ​ដង​ខ្លួន​ជន​រង​គ្រោះ​មាន​ស្នាម​មុត»។

ដោយ​ឡែក​លោក​ មឿន ​សុ​វុត្ថា​ ត្រូវ​ជា​ឪ​ពុក​មារ​បស់​ជន​រងគ្រោះ​បាន​រៀប​រាប់​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ ខណៈ​កំពុង​ចូលរួម​បុណ្យសព ​ពី​ម្សិលមិញ​ពី​ខេត្ត​កំពង់ចាម​មក​ថា​គាត់​មាន​អាជីព​ជា​ពេទ្យ​ធ្មេញ​ហើយ​គាត់​បាន​ជួល​ផ្ទះ​គេ​បើក​កន្លែង​ធ្វើ​ធ្មេញ​ ២ នាក់​ ក្មួយ​ប្រុស ​(ជនរង​គ្រោះ)​ របស់​គាត់​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​ប៉ុន្តែ​ក្មួយ​គាត់​ស្នាក់​នៅ​ម្នាក់​ឯង​ទេ។

លោក​បន្តថា​ ក្មួយ​ប្រុស​របស់​គាត់​បាន​មក​រៀន​អា​ជីព​ធ្វើ​ធ្មេញ​ជា​មួយ​គាត់​រយៈ​ពេល​ជាង​ ១ ​ឆ្នាំ​ម​ក​ហើយ​ បន្ទាប់​ពី​មិន​បាន​ប្រឡង​ជាប់​ថ្នាក់​ទី ១២។ ក្នុង​រយៈពេ​ល​ស្នាក់​នៅ​រៀន​ធ្វើ​ធ្មេញ​គឺ​ក្មួយ​​របស់​គាត់ជា​មនុស្ស​ស្លូត​បូត​ហើយ​ក៏​មិន​ដែល​មាន​គំនុំ​ជាមួយ​នរណា​ដែរ។

លោក​រៀប​រាប់​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​ ២០​ ឧសភា​ ដែល​ជា​ថ្ងៃ​កើត​ហេតុ​នោះ​ម៉ូយ​ធ្វើ​ធ្មេញ​ម្នាក់​បាន​ទូរស័ព្ទ​សួរ​គាត់​ព្រោះ​មិន​ឃើញ​បើក​ទ្វារ​តូប​ធ្វើ​ធ្មេញ​ដូច​សព្វ​មួយ​ដង​។ ពេល​នោះ​គាត់​បាន​ជិះ​ម៉ូ​តូ​មក​បើក​ទ្វារ​តូប​ហើយ​គាត់​បាន​ដើរ​ចូល​ទៅ​ខាង​ក្នុង​មិន​ឃើញ​មាន​អ្វី​ប្លែក​ខុស​ពី​ប្រក្រតី​ទេ​ប៉ុន្តែ​ពេល​គាត់​សម្លឹង​​ទៅ​ជើង​គ្រែ​ដែល​ក្មួយ​គាត់​សម្រាក​ស្រាប់​តែ​ឃើញ​ក្មួយ​គាត់​ត្រូវ​គេ​សម្លាប់​បាត់​ទៅ​ហើយ។

បុរស​រូបនោះ​បន្ត​ថា​បើ​សង្ស័យ​ថា​ ជា​ករណី​អំ​ពើ​ប្លន់​វិញ​ដូច​ជា​គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ត្រូវ​យក​ទេ​ព្រោះ​នៅ​កន្លែង​នោះ​មាន​តែ​ឧបករណ៍​ធ្វើ​ធ្មេញ​និង​មាន​តែ​ម៉ូ​តូ ​១ ​គ្រឿង​ប៉ុណ្ណោះ​ហើយ​កន្លែង​នោះ​នៅ​ក្បែរ​សង្កាត់​ពញាពន់​ទៀតផង។

លោក​ សុវុត្ថា ​និយាយ​ថា​៖ «​ប៉ុន្តែ​ការ​សម្លាប់​នោះ​ខ្ញុំ​គិត​ថា​មាន​លក្ខណៈ​សាហា​វណាស់​បើ​យើង​ពិនិត្យ​មើល​ស្លាក​ស្នាម​របួស​ហាក់​ដូច​ជា​ក្មួយ​ខ្ញុំ​ត្រូវ​ជន​ល្មើស​មាន​គំនុំ​គុំកួន​ខ្លាំង​អ៊ីចឹង»។

លោក​បន្ថែម​ថា ​តាម​ការពិនិត្យ​ទៅ​លើ​ខ្លួន​សាក​សព​មាន​ស្នាម​ចាក់​ដោយ​វត្ថុ​មុតស្រួច​ជា​ច្រើន​កន្លែង​​របួស​មុត​ធ្លាយ​ពី​មុខ​លើ​ដោះ​ខាង​ស្តាំ​ដល់​ខាង​ក្រោយ​ខ្នង​ ១ កន្លែង​ និង​ស្នាម​ខ្សែ​រឹត​នៅ​ត្រង់​ក​ហើយ​ម្រាមដៃខាង​ស្តាំ​ចំនួន​ ៣ ​ត្រូវ​របួស​ជិត​ដាច់​ទៀត​ផង។

លោក​បន្ត​ទៀ​ត​ថា​ជន​រង​គ្រោះ​ជា​កូន​ទី៣ ​ក្នុង​ចំ​ណោម​បង​ប្អូន​ប្រុស​ស្រី​ ៤ នាក់​​រស់​នៅ​ក្នុង​ភូមិ​ត្រ​កួន​ ឃុំ​ក្រ​ឡា​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម៕