កំពតៈ សមយុទ្ធបាញ់គ្រាប់ពិតឈ្មោះហនុមានមាស ២០១៩ ដែលមានការចូលរួមពីកងទ័ពតាមអង្គភាពនានាចំនួន ២,៣៣២ នាក់ និងមានរយៈពេល ៦ ថ្ងៃចាប់ពីថ្ងៃទី ៣ ដល់ទី ៨ ឧសភា នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរីដែលស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពតនោះ បានបិទបញ្ចប់ជាផ្លូវការហើយកាលពីម្សិលមិញ ជាមួយនឹងអ្វីដែលមន្ត្រីយោធានិយាយថា ទទួលបានកម្រិតពិន្ទុខ្ពស់។
យោធាដែលចូលរួមបង្ហាញសមត្ថភាពក្នុងសមយុទ្ធលើកនេះគឺមកពីតាមបណ្ដាអង្គភាពជំនាញនានា ដូចជា វិទ្យាស្ថានកងទ័ពជើងគោក បញ្ជាការដ្ឋានអង្គរក្ស ទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស វិទ្យាស្ថានកងទ័ពជើងគោក បញ្ជាការដ្ឋានបញ្ជូនសារ កងពលតូចលេង ៧០ កងពលតូចទ័ពពិសេសឆត្រយោងលេខ ៩១១ បញ្ជាការដ្ឋានវិស្វកម្មជាដើម និងបានបាញ់គ្រាប់កាំភ្លើងធំពិតជាច្រើនប្រភេទរួមទាំងការប្រើប្រាស់រថពាសដែក ៩ គ្រឿង រថក្រោះ ៩ គ្រឿង រថយន្តពេទ្យ រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកជញ្ជូន និងឧទ្ធម្ភាគចក្រជាដើម។
សមយុទ្ធហនុមានមាសនេះ ត្រូវបានប្រកាសបើកដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងត្រូវបានប្រកាសបិទវិញដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ហើយនេះគឺជាលើកទី៤ នៃការធ្វើសមយុទ្ធហនុមានមាសដែលលើកទី១ ធ្វើឡើងក្នុងឆ្នាំ ២០១០ លើកទី២ ក្នុងឆ្នាំ ២០១៣ និងលើកទី៣ ក្នុងឆ្នាំ ២០១៨។
លោក ឈុំ សុជាតិ មន្ត្រីនាំពាក្យក្រសួងការពារជាតិធ្លាប់បានបញ្ជាក់មុនពេលបើកសមយុទ្ធថា សមយុទ្ធទាំង ៤ លើកនេះគឺដើម្បីលើកកម្ពស់សមត្ថភាព គុណភាព និងផ្ដល់ចំណេះដឹងទៅដល់កងទ័ព ទាំងក្នុងពេលហ្វឹកហ្វឺន និងទាំងក្នុងពេលប្រយុទ្ធ ប៉ុន្តែសមយុទ្ធនេះ មិនមែនដើម្បីគំរាមកំហែងដល់នរណាឡើយ ក្រៅតែពីហ្វឹកហ្វឺនដើម្បីពង្រឹងសមត្ថភាពកងទ័ព។
លោក ឈុំ សុជាតិ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញទៀតថា សមយុទ្ធហនុមានមាសលើកទី៤ នេះ គឺមានប្រតិបត្តិការវាយបកចូលដណ្ដើមទីតាំងដែលបាត់បង់ទៅសត្រូវមកគ្រប់គ្រងវិញ ហើយនេះគឺជាការ ខុសគ្នាពីសមយុទ្ធនាគមាសលើកទី៣ រវាងយោធាកម្ពុជា-ចិន ធ្វើឡើងកាលពីខែមីនា ដែលមានប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងនិងវាយសម្រុកដណ្ដើមទីតាំងរបស់សត្រូវ។
លោកបន្តថា សមយុទ្ធដែលបានបញ្ចប់កាលពីម្សិលមិញនេះទទួលបានការដាក់ពិន្ទុល្អពី ៨០-៩០ ភាគរយពីខាងគណៈកម្មការ ហើយការដាក់ពិន្ទុគឺអាស្រ័យទៅលើលទ្ធផលចំនួន ៣ យ៉ាង ទី១ កងទ័ពបានចេញធ្វើប្រតិបត្តិការដោយគ្មានអ្នករងរបួស ទី២ កងទ័ពបានអនុវត្ត តាមបទបញ្ជាបានត្រឹមត្រូវនៅពេលចេញប្រតិបត្តិការ និងទី៣ កងទ័ពជើងអាកាស និងជើងគោកបានសហការគ្នាល្អនៅក្នុងសមរភូមិ។
លោកបានបញ្ជាក់ថា៖ «លើកនេះគឺមានកម្រិតល្អជាងមុនហ្វឹកហ្វឺនច្រើនលើកយើងឃើញថា ការសហប្រតិបត្តិការរវាងកងកម្លាំងចម្រុះ បានសហការបានល្អ បើស្ទង់សមត្ថភាពកងទ័ពយើងគឺធ្វើបានរហ័ស និងធ្វើត្រឹមត្រូវតាមពេលវេលាដែលបានកំណត់ នេះគឺកម្រិតមួយដែលយើងអាចវាយតម្លៃថា ជាកម្រិតរីកចម្រើន»។
ទោះជាយ៉ាងណា លោក ឈុំ សុជាតិ មិនអាចបង្ហាញអំពីចំនួនទឹកប្រាក់ដែលត្រូវចំណាយនៅក្នុងសមយុទ្ធទាំង ៦ ថ្ងៃនេះទេ ហើយលោកក៏មិនទាន់បានដឹងថា សមយុទ្ធហនុមានមាសលើកទី៥ នឹងត្រូវធ្វើឡើងនៅពេលណាដែរ៕