ភ្នំពេញៈ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​គ្រោង​នឹង​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាស​ទិវា​គ្រូបង្រៀន​ពិភពលោក​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​ ៥ ខែ​តុលា​ខាង​មុខ ដើម្បី​និយាយ​ពី​ស្ថានភាព​គ្រូបង្រៀន ប្រាក់ខែ​គ្រូ និង​គុណភាព​គ្រូបង្រៀន​នៅ​កម្ពុជា បើ​ទោះបី​មិន​មាន​ការអនុញ្ញាត​ក៏ដោយ​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍ ពី​ម្សិលមិញ​ថា លិខិត​ស្នើ​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២១ ខែ​កញ្ញា សមាគម​គ្រោង​នឹង​រៀបចំ​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៥ ខែ​តុលា នៅ​សួនច្បារ​វត្តភ្នំ​ក្រោម​ប្រធានបទ​ «​សិទ្ធិ​ទទួល​បាន​ការអប់រំ និង​សិទ្ធិ​ទទួល​បាន​គ្រូបង្រៀន​មាន​គុណភាព​»​។

លោកស្រី​បន្ដ​ថា ​ក្នុង​ឱកាស​អបអរសាទរ​ទិវា​គ្រូបង្រៀន​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​អញ្ជើញ​លោកគ្រូ-អ្នកគ្រូ​មកពី​ជុំវិញ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ដែល​អាច​មាន​អ្នកចូលរួម​ចាប់ពី​ ១៥០ ​នាក់​ឡើង​ទៅ​។

លោកស្រី​អះអាង​ថា​៖ «​យើង​មាន​គម្រោង​ដង្ហែ​ក្បួន​ចេញពី​សួនច្បារ​វត្តភ្នំ ដើម្បី​យក​ញត្តិ​ទៅ​ដាក់​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ទាប់មក​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​»​។

លោកស្រី​បន្ថែម​ថា​៖ «​មកដល់​ថ្ងៃ​ចន្ទ​នេះ យើង​មិន​ទាន់​បាន​ទទួល​ដំណឹង​ថា សាលាក្រុង​អនុញ្ញាត​ឲ្យ​យើង​ហែ​ក្បួន ឬ​អត់​ទេ​។ ប៉ុន្ដែ​ក្នុង​នាម​យើង​ជា​ប្រធាន​សមាគម​ធ្វើការ​ដើម្បី​ផលប្រយោជន៍​គ្រូបង្រៀន​ទូទាំង​ប្រទេស​កម្ពុជា ទោះ​ជា​គេ​ហាមឃាត់​យ៉ាង​ណា រាល់​ឆ្នាំ​យើង​តែងតែ​ធ្វើ ទោះ​ដើរ​ដល់​គោលដៅ ឬ​មិន​ដល់​ក៏​ត្រូវ​តែ​បង្ខំ​ចិត្ដ​ធ្វើ​»​។

លោកស្រី ឆាយ៉ាវី បញ្ជាក់​ថា ​ក្នុង​ញតិ្ត​នោះ​មាន​គោលបំណង​ទាមទារ​ឲ្យ​ក្រសួង និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ប្រាក់ខែ​គោល​ដល់​លោកគ្រូ​-អ្នកគ្រូ ចាប់ពី​កម្រិត​បឋម​រហូត​ដល់​កម្រិត​វិទ្យាល័យ​ឲ្យ​ទទួល​បាន​ប្រាក់ខែ​គោល​យ៉ាង​តិច ២ ​លាន​រៀល​ក្នុង​ ១ ​ខែ​រួម​នឹង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​។

លោកស្រី​បន្ត​ថា​៖ «​យើង​សង្ឃឹម​ថា​រាជរដ្ឋាភិបាល​នឹង​យល់​ចំពោះ​ការស្នើសុំ​របស់​យើង ទោះ​ការស្នើសុំ​នេះ​តិចតួច​យ៉ាង​ណា​ក្ដី​សម្រាប់​ប្រពន្ធ​កូន​គ្រូបង្រៀន តែ​យើង​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​គិតគូរ​ឡើង​វិញ ព្រោះ​មនុស្ស​ម្នាក់​ក្នុង​ ១ ​ខែ​ចាយ​ត្រឹម ៤-៥ ម៉ឺន​រៀល​នេះ​មិន​គ្រាន់​ទេ​។ អ៊ីចឹង​ទើប​យើង​ស្នើសុំ​ចំពោះ​ប្រាក់​ឧបត្ថម្ភ​ទាំងនេះ​»​។

លោកស្រី​បន្ថែម​ថា​៖ «​ក្រសួង​អប់រំ​ត្រូវ​ទប់ស្កាត់​អំពើ​ពុករលួយ​នៅក្នុង​វិស័យ​អប់រំ និង​បន្ថែម​ប្រាក់​សម្រាប់​កូន និង​ប្រពន្ធ​បូករួម​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ជាពិសេស​បញ្ឈប់​ការរើសអើង និង​ត្រូវ​មាន​តម្លាភាព​»​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​ថា​៖ «​ក្រសួង​នឹង​ស្វាគមន៍​ទទួល និង​ឆ្លើយតប​ទៅ​តាម​ជាក់ស្ដែង ព្រោះ​ក្រសួង​យើង​ស្វាគមន៍​ចំពោះ​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ក៏​ដូចជា​មជ្ឈដ្ឋាន​ទូទៅ​ដែរ​»​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ​ឲ្យ​ដឹងថា​៖ «​យើង​នឹង​លើក​យក​រឿង​នេះ​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​របស់​សាលាក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ធ្វើការ​ស្អែក​ (​ថ្ងៃ​អង្គារ​) ដើម្បី​សម្រេច​ចំពោះ​ការស្នើសុំ​របស់​ពួកគាត់​»៕