ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា លោកឡេង ខៀវ បានស្នើក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជួយអន្តរាគមន៍ចាត់វិធានការចំពោះក្រុមហ៊ុនដែលបានគាស់កកាយធ្វើឱ្យដាច់បំពង់តបណ្តាញទឹកស្អាតក្រោមដី ដោយធ្វើយ៉ាងណាត្រូវទទួលខុសត្រូវលើការខូចខាតផ្សេងៗ ដោយសារសកម្មភាពរបស់ក្រុមហ៊ុននេះ។
លោក ឡេង ខៀវ បានស្នើបែបនេះក្នុងជំនួបផ្ដល់ថវិកាដែលទទួលបានពីសមាជិកសមាគមទឹកស្អាតកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាមួយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី ២០ ខែមេសា។
លោកស្នើថា៖ «សុំឱ្យមានការទទួលខុសត្រូវចំពោះការគាស់កកាយធ្វើឲ្យដាច់បំពង់តបណ្តាញទឹកស្អាតក្រោមដី។ ការទទួលបានហិរញ្ញប្បទាន ឬកម្ចីសម្រាប់ជាទុនអភិវឌ្ឍន៍លើវិស័យទឹកស្អាត។ ការបន្ធូរបន្ថយ ឬការលើកលែងពន្ធលើមុខសញ្ញាមួយចំនួនក្នុងវិស័យទឹកស្អាត។ ពន្លឿនការចេញអាជ្ញាប័ណ្ណលើវិស័យទឹកស្អាត និងការបង្កើតមូលនិធិ សេវាទឹកស្អាត ដើម្បីជួយឧបត្ថម្ភសេវាកម្ម និងពង្រីកសេវាករនៅជនបទជាដើម»។
លោក ចម ប្រសិទ្ធ ចាត់ទុកការស្នើទាំងនេះជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ផងដែរ។ ប៉ុន្តែលោកបញ្ជាក់ថា បញ្ហាមួយចំនួនក្រសួងក៏បានធ្វើជាជំហានៗរួចហើយដែរ។ លោករដ្ឋមន្ដ្រីថ្លែងថា៖ «យើងនឹងខិតខំដោះស្រាយជាបន្តបន្ទាប់ទៀតដើម្បីទទួលផលជាវិជ្ជមាន និងប្រសិទ្ធភាពការងារកាន់តែប្រសើរ»។
ពីម្សិលមិញលោក ឡេង ខៀវ បានបញ្ជាក់ទៀតថា ការស្នើសុំក្រសួងក្នុងការជួយអន្តរាគមន៍លើក្រុមហ៊ុនឱ្យមានការទទួលខុសត្រូវចំពោះករណីគាស់កកាយធ្វើឱ្យដាច់បំពង់តបណ្តាញទឹកស្អាតក្រោមដីនេះ គឺក្រោយពីក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតជាច្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដស្នើមកសមាគមឱ្យជួយអន្តរាគមន៍លើបញ្ហានេះ។ ព្រោះនៅពេលក្រុមហ៊ុនធ្វើផ្លូវ ធ្វើលូ គាស់កកាយធ្វើឱ្យដាច់បំពង់តបណ្តាញទឹកស្អាតក្រោមដីមិនដែលមានការទទួលខុសត្រូវឡើយ។
លោកបានបន្តថា៖ «ក្នុងនោះយើងក៏បានស្នើសុំឱ្យមានការជូនដំណឹងដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ដែលក្រុមហ៊ុនជួសជុលផ្លូវត្រូវជួសជុល ដើម្បីមានការរៀបចំទុកជាមុនចៀសវាងការគាស់កាយទៅដាច់បណ្ដាញប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត»។
លោកថ្លែងថា៖ «យើងក៏ស្នើឱ្យមានការទទួលខុសត្រូវសងសំណងផងដែរ បើក្រុមហ៊ុនជួសជុលផ្លូវគាស់កាយទៅធ្វើឱ្យដាច់បំពង់តបណ្តាញទឹកស្អាតក្រោមដី ព្រោះកន្លងមកមិនដែលមានការទទួលខុសត្រូវនោះទេ។ ករណីគាស់កាយទៅធ្វើឱ្យដាច់បំពង់តបណ្តាញទឹកស្អាតក្រោមដីបានប៉ះពាល់ចំពោះការផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋ និងខាតបង់ថវិការាប់ម៉ឺនដុល្លារ»។
តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមជាមួយក្រសួងឧស្សាហកម្មក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបានផ្តួចផ្តើមរៃអង្គាសប្រាក់តាមគោលការណ៍ស្ម័គ្រចិត្តក្នុងក្របខ័ណ្ឌរបស់សមាគមដោយចាប់ផ្តើមពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២០។
ជាលទ្ធផលសមាគមទទួលបានការគាំទ្រជាច្រើនពីសមាជិកសមាគមរបស់ខ្លួនក្នុងការចូលរួមបរិច្ចាគប្រាក់ផ្ទាល់ខ្លួន។ ថវិកាសរុបចំនួន ៦ ៤១៥ ដុល្លារអាមេរិក និង ៥ ២៣៨ ០០០ រៀល សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ នេះផងដែរ។
ក្រសួងឧស្សាហកម្មបញ្ជាក់ថា សមាគម អ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបានអនុវត្តតាមការណែនាំរបស់ក្រសួងដោយបានធ្វើការងារលើការផលិតវីដេអូឃ្លីបផ្សព្វផ្សាយដល់សមាជិកស្តីពីការបង្កើត និងការធ្វើអនាម័យពង្រឹងការគ្រប់គ្រងគុណភាពសុវត្ថិភាពនៃការផ្គត់ផ្គង់ទឹកស្អាតតាមតម្រូវការប្រជាជនក្នុងតំបន់គោលដៅរបស់ខ្លួនស្របតាមស្តង់ដាថ្នាក់ជាតិផងដែរ៕