ភ្នំពេញៈ​ លោក​អ៊ិត ​សំហេង​ រដ្ឋ​មន្ត្រី​ក្រ​សួង​ការងារ ​និង ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ កាល​ពី​​ម្សិល​មិញ​ បាន​ជួប​ពិភាក្សា​ជាមួយ​សមា​គម​បញ្ជូន ​និង ​រើស​កម្មករ​ចំនួន​បី​មក​ពី​ប្រទេស ​ម៉ាឡេ​ស៊ី​ បំ​ណង​ដើម្បី​ជំរុញ​ឲ្យ​ពល​ករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រ​ទេស​ម៉ាឡេ​ស៊ី។​

​ទោះ​ជា​យ៉ាង​ណា​ក៍​ដោយ​ លោក​ ហ៊ូ វុទ្ធី​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ កាល​ពី​ម្សិល​មិញ ​បាន​បដិ​សេដ​មិន​ផ្តល់​ឈ្មោះ​សមា​គមន​ទាំង​បី​នោះ​ទេ​ រួ​ម​ទាំង​​សមា​គមន​ក្នុង​ស្រុក​នៅ​កម្ពុជា​។​

លោក​បាន​ថ្លែង​ថា​ សមា​គមន​បញ្ជួន​និង​រើស​កម្មករ​ចំនួន​បី​ដែល​បាន​ជួប​​ជា​មួយ​រដ្ឋ​មន្រ្តី​និង​កំពុង​ធ្វើការ​ជា​មួយ​សមា​គម​ បញ្ជួន​និង​រើស​កម្មករ​ចំនួន​ពីរ​នៅ​កម្ពុជា​ដើម្បី​ជំរុញ​ការ​ជ្រើសរើស​ពល​ក​រ​និង​បញ្ជួន​ឲ្យ​​បាន​លឿន។​

លោក​ វុទ្ធី​ ថ្លែង​ថា​៖«​គេមក​ផ្សព្វផ្សាយ​អញ្ចឹង​គេ​មក​ក្នុង​វិស័យ​ឯកជន​ទេ​សមាគម​អ្នក​រើស​ពល​ក​រហ្នឹង​​វា​មាន​៣​សមា​គម​គេ​មក​ធ្វើ​ការ​ជា​មួយ​សមា​គម​ខ្មែរ​មាន​ពីរ​សមាគម។​គេ​មក​ដើម្បី​ជម្រុញ​ការ​ជ្រើសរើស​ពលករ​ទៅ​កាន់​ម៉ាឡេ​ស៊ី»​។​​

លោក​ វុទ្ធី​ អះអាង​ថា​​ភាគី​ម៉ាឡេ​គេ​មក​ផ្សព្វផ្សាយ ​ថែម​ជំរុញ​​ឲ្យ​ធ្វើការ​ជ្រើស​រើស​ទៅឲ្យ​បាន​លឿន​ដោយ​ម៉ាឡេ​ស៊ី​ បាន​បន្ថែម​ប្រាក់​ឈ្នួល​ថែម​ទៀត​ ពី​មុន​មក​ប្រាក់​ឈ្នួល​អប​ប​រិ​មា​របស់​គេ​ត្រឹមតែ​៩០០​រីង​គីត​ទេ​ ឥឡូវ​​គេ​ឡើង​ដល់​១១០០​រីង​គីត។​​

​លោក​ ថ្លែង​ថា៖​«គេ​ត្រូវ​ការ​កម្មករ​គ្រប់​ប្រភេទ​ពី​យើង​ទៅ​ អ្នក​ធ្វើការ​នៅ​តាម​រោង​ចក្រ​ តាម​ហាង ​តាម​ផ្ទះ ​ហើយ​តាម​ជាក់​ស្តែង​ត្រូវការ​អ្វី​គេ​រើស​ទៅ»។​

លោក​ ហ៊ូ ​វុទ្ធី​បាន​បញ្ជាក់​ថា​បុច្ចប្បន្ន​មាន​កម្មករ​កម្ពុជា​កំពុង​ធ្វើ​ការ​នៅ​ម៉ា​ឡេ​ស៊ី​ប្រ​មាណ​ជាង​៣០០០​នាក់​នេះ​មិន​រាប់​បញ្ចូល​ទាំង​កម្មករ​មិន​មាន​ភាព​ស្របច្បាប់​ហើយ​ក្រសួង​កំពុង​សិក្សា​កម្មករ​ខ្មែរ​ដែល​​គ្មាន​ភាព​ស្រប​ច្បាប់​នៅ​ម៉ា​ឡេ​ស៊ី។​

លោក​ប​ន្ត​៖«នេះ​មិនមែន​ជា​ចំនួន​សរុប​ទេ​។​មាន​កម្មករ​យើង​គាត់​ទៅ​​ដោយ​មិនមាន​ច្បាប់​ម៉ាឡេស៊ី។​អ្នក​ខ្លះ​ទៅ​ហើយ​មិន​ត្រូវ​តាម​ច្បាប់​ទម្លាប់​អ្នកខ្លះ​ទៅ​នៅ​យឺត​ពេល​ ឥឡូវ​យើង​កំពុង​សហការ​​ជា​មួយ​ម៉ាឡេ​ស៊ី​ដើម្បី​សិក្សា​ឡើង​វិញ​ត្រូវ​រៀបចំ​ដើម្បី​ឲ្យ​គាត់​បាន ភាព​ស្រប​ច្បាប់។​

បើ​យោង​តាម​ហ្វេស​ប៊ុក​របស់​ក្រសួង​ការងារ​ បច្ចុប្បន្ន​មាន​ទីភ្នាក់​ងារ​ជ្រើស​រើស​ឯកជន​កម្ពុជា​ដែល​ទទួល​បាន​ការ​អនុ​ញ្ញាត​ពី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​មាន​ចំនួន​ ១០៣​ភ្នាក់​ងារ​ ឱ្យ​ធ្វើការ​ជ្រើសរើស ​បណ្តុះ​បណ្តាល​ បញ្ជូន​ និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ ក្នុង​នោះ​ប្រទេស​ម៉ាឡេ​ស៊ី ​មាន​ចំនួន ​៦៩ ក្រុម​ហ៊ុន​គិត​ត្រឹម​ ខែ​តុលា​ ឆ្នាំ​២០១៨៕​ ​