
ជំរំឌីជីថល គឺជាផ្នែកមួយនៃគម្រោងពលរដ្ឋឌីជីថលវ័យក្មេងដែលអនុវត្តដោយបណ្តាញយុវជនកម្ពុជា ដើម្បីលើកកម្ពស់អនាម័យ និងសុវត្ថិភាពឌីជីថលតាមរយៈទំព័រហ្វេសប៊ុកដែលត្រូវបានដាក់ឈ្មោះថា «ជំរំឌីជីថល»។ ជំរំឌីជីថល
ភ្នំពេញៈ ជំរំឌីជីថល គឺជាផ្នែកមួយនៃគម្រោងពលរដ្ឋឌីជីថលវ័យក្មេងដែលអនុវត្តដោយបណ្តាញយុវជនកម្ពុជា ដើម្បីលើកកម្ពស់អនាម័យ និងសុវត្ថិភាពឌីជីថលតាមរយៈទំព័រហ្វេសប៊ុកដែលត្រូវបានដាក់ឈ្មោះថា «ជំរំឌីជីថល»។
ជំរំឌីជីថលត្រូវបានបង្កើតឡើងដោយមានគោលបំណងជួយអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាឱ្យយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់អ៊ីនធឺណិតដោយសុវត្ថិភាព ត្រឹមត្រូវ និងអាចការពារខ្លួនពីការវាយប្រហារតាមអ៊ីនធឺណិត។ សមាគមបណ្តាញយុវជនកម្ពុជាបានធ្វើយុទ្ធនាការមួយទាក់ទងនឹង «ការបញ្ឈប់ការបៀតបៀនតាមអនឡាញ» ដោយមានការសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Smart ដែលយុទ្ធនាការនេះចាប់ផ្តើមឡើងពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១។
កញ្ញា ផេង ផលធិតា មន្ត្រីគម្រោងជាន់ខ្ពស់នៃគម្រោងពលរដ្ឋឌីជីថលវ័យក្មេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីការបៀតបៀនតាមប្រព័ន្ធអនឡាញនៅកម្ពុជា និងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជារួមគ្នាបញ្ឈប់ការបៀតបៀនតាមប្រព័ន្ធអនឡាញ និងហ៊ាននិយាយប្រាប់អ្នកដែលប្រព្រឹត្តអំពើបៀតបៀនតាមអនឡាញ។
កញ្ញាបានប្រាប់ថា៖ «បានជាជំរំឌីជីថលបង្កើតយុទ្ធនាការនេះឡើងដោយសហការជាមួយក្រសួងអប់រំ និងក្រុមហ៊ុនស្មាត ដោយសារតែការមើលឃើញថា មនុស្សជាច្រើនមិនបានយល់ដឹងពីការបៀតបៀនតាមអនឡាញទូលំទូលាយឡើយ ហើយពួកគេគិតថា ការធ្វើអត្ថាធិប្បាយ លេងសើច ចំអកឡកឡាយ ការវាយប្រហារ ការចែករំលែក ការជជែក ឬការតាមដាន រាល់សកម្មភាពអ្នកដទៃតាមបណ្ដាញសង្គម វាជារឿងលេងសើចធម្មតា។ ការពិតរឿងនេះមិនមែនជារឿងធម្មតាឡើយប្រសិនបើមិនបានចាត់វិធានការទាន់ពេល វានឹងបង្កផលប៉ះពាល់ខ្លាំង រួមទាំងគំរាមកំហែងទៅដល់ផ្លូវចិត្តទៅលើអ្នកដែលទទួលបានរឿងទាំងនេះ»។
មន្ត្រីគម្រោងជាន់ខ្ពស់នៃគម្រោងពលរដ្ឋឌីជីថលវ័យក្មេង បានបន្តថា យុទ្ធនាការនេះ ធ្វើឡើងតាមរយៈអនឡាញលើទំព័រហ្វេសប៊ុករបស់ជំរំឌីជីថល និងទំព័រផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា ដោយមានជាវីដេអូចែករំលែកបទពិសោធពិតនៃការបៀតបៀនតាមអនឡាញពីសំណាក់តារាចម្រៀង ចិត្ត កញ្ចនា តារាសម្ដែង ឌី សូនីតា និងលោក អេឡិច ហ្សូរ៉ា ក៏ដូចជាពីអ្នកដែលជួបរឿងនេះផ្ទាល់ផងដែរ។
កញ្ញាបានលើកឡើងថា៖ «យើងក៏មានជាវីដេអូពន្យល់អំពីការបៀតបៀនតាមអនឡាញ និងសារៈសំខាន់ៗពីអ្នកចូលរួម ហើយក៏មានការផ្សាយផ្ទាល់ ១ ម៉ោងពេញលើគេហទំព័រជាផ្លូវការ ជំរំឌីជីថល និងទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ»។
នៅលើគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡាបានបង្ហោះដោយភ្ជាប់ជាមួយនឹងវីដេអូថា៖ «សូមគិតមុននឹងបង្ហោះអ្វីមួយលើអនឡាញ ហើយកាន់តែត្រូវប្រុងប្រយ័ត្នមុនពេលបង្ហាញសកម្មភាពអ្នកនៅលើអ៊ីនធឺណិត»។
ក្រសួងលើកឡើងថា៖ «ធ្លាប់គេចំអកតាម Comment គេ យកយើងទៅលេងសើចអត់? ឃើញហើយដេកឈឺចិត្ត ដេកអន់ចិត្ត តែនោះមិនមែនជាដំណោះស្រាយល្អទេ បើថាអ្នកស្គាល់គ្នា គួរតែក្លាហានហ៊ាននិយាយថា យើងពិតជាមិនពេញចិត្តនៅពេលគេធ្វើបែបនេះ ព្រោះពេលខ្លះគេអាចនឹងមិនដឹងថានោះជាការបៀតបៀនតាមអនឡាញ និងជះផលប៉ះពាល់ខ្លាំងមកលើយើងនោះទេ»។ ក្រសួងបន្តថា ការបៀតបៀនអនឡាញមានច្រើនទម្រង់ ហើយវាប៉ះពាល់ខ្លាំងលើសពីអ្វីដែលអ្នកគិត ចូលរួមជាមួយយុទ្ធនាការ "Be Nice On the Internet" ដើម្បីបញ្ឈប់ការបៀតបៀនតាមប្រព័ន្ធអនឡាញទាំងអស់គ្នា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា យុទ្ធនាការ «Be Nice On the Internet» នេះនឹងចូលរួមទប់ស្កាត់ការបៀតបៀនតាមប្រព័ន្ធអនឡាញដោយលើកទឹកចិត្តអ្នកប្រើប្រាស់បណ្តាញអនឡាញទាំងឡាយឲ្យមានការប្រើប្រាស់ពាក្យពេចន៍វិជ្ជមាន ប្រកបដោយឥរិយាបថគោរពគ្នា និងមិនប៉ះពាល់គ្នាដោយចេតនា ឬអចេតនា។ ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយជំរំឌីជីថលដោយចូលរួមផ្សព្វផ្សាយខ្លឹមសារនៃយុទ្ធនាការនេះលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីលើកកម្ពស់ការយល់ដឹង ដែលជាចំណុចចាប់ផ្ដើមនៃការកែប្រែឥរិយាបថរបស់អ្នកប្រើប្រាស់បណ្ដាញអនឡាញ។
លោក រស់ សុវាចា ថ្លែងថា៖ «ក្រសួងសូមអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញអនឡាញ មានក្តីសន្ដោសប្រណីគ្នាទៅវិញទៅមក ផ្ដល់ភាពជាគំរូផ្សព្វផ្សាយអំពើល្អ លើកទឹកចិត្តគ្នាទៅវិញទៅមកនៅតាមប្រព័ន្ធអនឡាញ។ សូមយុវជន យុវនារីយកបណ្ដាញសង្គមជាវេទិកាផ្លាស់ប្ដូរយោបល់សិក្សារៀនសូត្រ កម្សាន្តបែបវិជ្ជមាន ជួយយកអាសាគ្នាទៅវិញទៅមក ចៀសឆ្ងាយពីអំពើល្មើសច្បាប់នានា ដើម្បីឱ្យសង្គមកម្ពុជាកាន់តែមានភាពសុខសាន្ត»៕