ភ្នំពេញៈ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ស្នើឱ្យ​រដ្ឋាភិបាល​មាន​វិធានការ​ពិសេស​បន្ថែម​ជាបន្ទាន់​ ដើម្បី​ជួយសង្គ្រោះ​វិស័យ​ទេសចរណ៍​ដែល​បាន និង​កំពុង​ទទួលរង​គ្រោះ បន្ទាប់ពី​សហគ្រាស​ទេស​ចរណ៍​ប្រមាណ​ជាង​ ៣ ​ពាន់​កន្លែង​បាន​បិទទ្វារ​ដោយសារ​វិបត្តិ​កូវីដ​ ១៩​ នៅតែ​បន្ត​អូសបន្លាយ​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យ​ដឹងថា កន្លងមក​ទោះបី​អាជីវកម្ម​ត្រូវបាន​បិទ ប៉ុន្តែ​នៅមាន​លទ្ធភាព​ជួយ​ដល់​បុគ្គលិក​ជំនាញ​ដើម្បី​រក្សាទុក​​ក្រែង​ពេល​ស្ថានការណ៍​ប្រសើរ​ឡើង​​វិញ​ពិបាក​រក​អ្នកជំនាញ​ទេសចរណ៍​មក​ធ្វើការ​។ ​ហេតុនេះ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ក៏យក​ទុន​មក​បង្វិល​ជួយ​ពួកគេ តែ​ដល់​វិបត្តិ​ចេះ​អូសបន្លាយ​យូរពេក​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​អស់​លទ្ធភាព​ក៏​រំសាយ​បុគ្គលិក​តែម្តង​។

លោកស្រី​ថ្លែងថា​៖ «​ម្ចាស់​សហគ្រាស​អស់​លទ្ធភាព​ក្នុង​ការជួយ​ទំនុកបម្រុង​ដល់​បុគ្គលិក​ហើយ អ៊ីចឹង​គាត់​ក៏​រំសាយ អ៊ីចឹង​ទៅ​យើង​ឃើញ​ថា អ្នកជំនាញ​ទេសចរណ៍​ទាំងអស់​ហ្នឹង​គាត់​ពិបាក​មែនទែន ដោយសារ​អត់​ប្រាក់ចំណូល គាត់​ព្យាយាម​រក​អ្វីដែល​គាត់​អាច​រកបាន ខ្លះ​ទៅធ្វើ​គ្រូទាយ ខ្លះ​​ធ្វើ​អ្នក​កាត់​ឆុង​ [​មើល​ហុងស៊ុយ ] រត់​ម៉ូតូឌុប លក់​ផ្ទះល្វែង អ៊ីចឹងទៅ​» ។

បើ​តាម​លោកស្រី ឆាយ ស៊ីវលីន មាន​អាជីវកម្ម​ទេសចរណ៍​ជាង​ ៣ ​ពាន់​ទីតាំង​ត្រូវបាន​បិទ​ដែល​ធ្វើឱ្យ​អ្នកជំនាញ​ទេសចរណ៍​ខ្ចាត់ខ្ចាយ រីឯ​ការខូចខាត​មិនដឹងថា បាន​អ្វី​មក​ស្តារ​​ឡើងវិញ​ទេ​។ ក៏ប៉ុន្តែ​មាន​អាជីវកម្ម​នេះ​ប្រមាណ​ ៦០០ ​ទីតាំង​ ព្យាយាម​បើក​ឡើងវិញ តែ​ខ្លះ​ក៏​បិទ​ទៅវិញ​ដែរ​។

លោកស្រី ស៊ីវលីន បាន​បញ្ជាក់ថា​៖ «​ក្នុង​នាម​ស្ថាប័ន​ ១ ​តំណាង​ឱ្យ​ឯកជន ខ្ញុំ​ចង់បាន​ការ​អើពើ​ពី​រដ្ឋាភិបាល​បន្ថែមទៀត​។ ពិត​មែនហើយ​កន្លងមក​មានការ​ជួយសង្គ្រោះ​ដែរ តាមរយៈ​ការមិន​យកពន្ធ​លើកលែង បសស និង​ជួយ​បៀវត្សរ៍​ខ្លះ​ដែរ ប៉ុន្តែ​នៅតែ​មិន​គ្រប់គ្រាន់​ដោយសារ​ស្ថានការណ៍​អូសបន្លាយ​យូរពេក​...»​។

លោក​ តុប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ថ្លែងថា ដោយសារ​វិបត្តិ​កូវីដ​ ១៩​ រដ្ឋាភិបាល​បាន​បន្ត​អនុគ្រោះ​ដល់​អាជីវកម្ម​ទេសចរណ៍​ជាច្រើន​ដូចជា មិន​យក​កម្រៃ​អាជ្ញាប័ណ្ណ និង​ការលើកលែង​​ទៀត​សម្រាប់​ប្រតិបត្តិករ​ទេសចរណ៍​​ដែល​មាន​កាតព្វកិច្ច​ក្នុង​ការបង់ពន្ធ​។

លោក សុភ័ក ថ្លែងថា​៖ «​ឆ្នាំ​ ២០២១ ​នេះ​ក្នុង​អំឡុង​ ៣ ​ខែ​ដំបូង រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​បន្ត​លើកលែង​ដូច​​គ្នា​ទាំង​ការមិន​យក​កម្រៃ សេវា​ថ្លៃ​អាជ្ញាប័ណ្ណ​អី​ហូរហែ និង​ការឧបត្ថម្ភ​​ដល់​កម្មករនិយោជិត​ដែល​បម្រើការ​​ក្នុង​គោលដៅ​ដែល​យើង​បានកំណត់​» ។

បើតាម​លោក តុប សុភ័ក ក្រសួង​ទេសចរណ៍​ក៏បាន​រៀបចំ​ផែនការ​ស្តារ​ឡើងវិញ​ទាំង​ក្នុងពេល​វិបត្តិ​កូវីដ​ក៏​ដូចជា ក្រោយ​វិបត្តិ​កូវីដ​ ១៩ ប៉ុន្តែ​សម្រាប់​ពេលនេះ មាន​តែ​ការជំរុញ​ទេសចរ​ក្នុងស្រុក​ប៉ុណ្ណោះ ព្រោះ​ទេសចរ​ក្រៅ​ប្រទេស​គឺ​ស្ទើរតែ​សូន្យ​។

លោក ទៀ គីឡេង ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន-កម្ពុជា បាន​ថ្លែងថា បញ្ហា​កូវីដ​ ១៩​ នៅ​​តែ​មិនទាន់​ច្បាស់លាស់ ថ្វីដ្បិតតែ​មាន​ព័ត៌មាន​ថា មាន​វ៉ាក់សាំង​ក្ដី ប៉ុន្តែ​តាម​ទីភ្នាក់ងារ​តួ​ទេសចរណ៍​ផ្សេងៗ មិនទាន់​​ដំណើរការ​វិញ​ទេ ធ្វើឱ្យ​មគ្គុទេ្ទសក៍​​ទេសចរណ៍​នៅតែ​អត់​មាន​ការងារ​ធ្វើ​។ រីឯ​ការឧបត្ថម្ភ​កន្លង​មក​មានតែ​បុគ្គលិក​សណ្ឋាគារ ភោជនីយដ្ឋាន និង​រោងចក្រ ប៉ុន្តែ​រំលង​មគ្គុទ្ទេសក៍​ទេសចរណ៍​។

លោក​ថា​៖ «​ទឹកប្រាក់​មិន​ច្រើន​ប៉ុន្មាន​ទេ ក៏ប៉ុន្តែ​អាចឱ្យ​អ្នក​ដែល​រង​ផលប៉ះពាល់​រយៈពេល​វែង​បាន​ដោះស្រាយ​បាន​បន្តិចបន្តួច​អ៊ីចឹង​ទៅ​ដែរ ហេតុនេះ​ខ្ញុំ​ស្នើឱ្យ​មាន​ការគិត​ដល់​មគ្គុទ្ទេសក៍​​ទេសចរណ៍​ផង​»​។

លោក ង៉ូវ គីមស្រេង ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​នៅ​ខេត្តសៀមរាប​បានឱ្យដឹង​ថា ពេល​មាន​វិបត្តិ​កូវីដ​ ១៩ គឺមាន​ការលំបាក​ខ្លាំង​ដោយសារ​គ្មាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្សាន្ត​ធ្វើឱ្យ​បាត់​ចំណូល​ប៉ះពាល់​ជីវភាព និង​ការដោះបំណុល​។

លោក​ថា​៖ «​របរ​ដូច​ពួកខ្ញុំ​ដែល​ធ្វើការ​សម្រាប់តែ​ជូន​ភ្ញៀវ​ដើរលេង​នេះ អត់​មាន​ជា​ក្រុមហ៊ុន​មាន​អី​ទេ ចាំតែ​ក្រុមហ៊ុន​រៀបចំ​ភ្ញៀវ​ឱ្យ​ដល់​អត់​ការងារ​​អ៊ីចឹង​យើង​ដូច​ [​កាប់​បំពង់​] រង់ចាំ​ទឹកភ្លៀង​អ៊ីចឹង​»​។

លោក​ ម៉ាន់ ហៃមី អាជីវករ​លក់​វត្ថុអនុស្សាវរីយ៍​នៅ​ខេត្តសៀមរាប​បាន​ឱ្យដឹង​ថា អាជីវកម្ម​លោក​បាន​បិទទ្វារ​ក្រោយ​មាន​វិបត្តិ​កូវីដ​ ១៩ ដោយសារ​បាត់​អតិថិជន​ធ្វើ​ឱ្យ​គ្មាន​ប្រាក់​ចំណាយ​លើ​ការជួល​ទីតាំង​។

លោក​ថា​៖ «​អត់​មាន​ភ្ញៀវ​អ៊ីចឹង​យើង​មិនអាច​ទប់​ថ្លៃឈ្នួល​បានទេ ព្រោះ​អី​យើង​មិន​មាន​ផ្ទះ​ខ្លួនឯង អ៊ីចឹង​យើង​ជួល​ហាង​គេ យើង​ជួល​ដីធ្លី​គេ​អ៊ីចឹងទៅ​យើង ទប់​អត់​ជាប់ ត្រូវ​បង្ខំចិត្ត​បិទ​អាជីវកម្ម​តែម្តង​»​។

យ៉ាងណាក្ដី​លោក តុប សុភ័ក បញ្ជាក់​ថា មគ្គុទ្ទេសក៍​ទេសចរណ៍​នៅតែ​អាច​បម្រើ​ការងារ​ខ្លួន​បាន​ដដែល ប៉ុន្តែ​ត្រូវ​ប្តូរ​មក​នាំ​ភ្ញៀវ​ខ្មែរ​វិញ​។ ហេតុនេះ​វិស័យ​ឯកជន​ពេល​មាន​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ភ្ញៀវ សូម​ឱ្យប្រើ​មគ្គុទ្ទេសក៍​​ដើម្បីឱ្យ​ពួកគាត់​រកចំណូល​បាន​៕