បន្ទាយមានជ័យៈ បុរស​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ម្នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់​ឃាត់ខ្លួន​កាលពី​ម្សិលមិញ​ ពី​បទសង្ស័យ​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ នៅក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់- ក្រុង​ប៉ោយប៉ែត ។

លោក ព្រហ្ម ថេង ប្រធាន​មន្ទីរយុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ យឹម នៅ អាយុ​ ៤៧ ​ឆ្នាំ​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​មាន​លំនៅ​ភូមិ​សាមគ្គីមានជ័យ សង្កាត់-ក្រុង​ប៉ោយប៉ែត​។ រីឯ​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​មាន​ចំនួន​ ៥ ​នាក់​ក្នុង​នោះ​ ៣ ​នាក់​ជា​ជនជាតិខ្មែរ និង​មនុស្ស​ ២ ​នាក់​ទៀត​ជា​ជនជាតិ​ថៃ​។

លោក​ប្រាប់ថា​៖ «​តាមពិតទៅ ជនសង្ស័យ​មានតែ​ម្នាក់​ទេ​ពាក់ព័ន្ធ​នាំ​មនុស្ស​ឆ្លងដែន​នេះហើយ​ដែល​សារព័ត៌មាន​ចុះផ្សាយ​ថា ចាប់​បាន​ ៣ ​នាក់​នោះ គឺ​មិន​ពិតទេ​។ ប្រហែលជា​អ្នកសារព័ត៌មាន​នោះ​គាត់​ច្រឡំ​គាត់​ឃើញ​ភ្លាម​ចុះផ្សាយ​តែម្តង ព្រោះ​គាត់​មិនបាន​សួរ​យើង​»​។

លោក​បាន​បន្តថា តាម​ចម្លើយ​របស់​ជនសង្ស័យ​ប្រាប់​ថា គាត់​មាន​ក្មួយ​ស្រី​ចំនួន​ ៣ ​នាក់ ហើយ​មាន​បុរស​ជនជាតិ​ថៃ​ ២ ​នាក់​ជា​ប្តី​របស់​ក្មួយស្រី​គាត់​មាន​បំណង​ទៅ​ប្រទេស​ថៃ​។ ដោយ​គាត់​យល់ឃើញ​ថា ពួកគេ​ជា​សាច់ញាតិ​ផង​នោះ​គាត់​ក៏​បើក​រថយន្ត​ផ្ទាល់​ខ្លួន Camry ពណ៌​ស​ជូន​ពួកគេ​ទៅ​ដាក់​នៅ​ព្រំដែន​ច្រករបៀង​ស្ថិត​ក្នុង​ភូមិ​សាមគ្គីមានជ័យ សង្កាត់- ក្រុង​ប៉ោយប៉ែត ហើយ​ពួកគេ​ក៏​រត់​ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​ថៃ​បាត់ទៅ​។

លោក​បន្ត​តាម​សម្តី​ជនសង្ស័យ​ថា ពេល​នោះ​ដោយសារ​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ដែល​ល្បាត​តាម​ច្រករបៀង​ឃើញ​ក៏​រត់​សំដៅ​មករក​គាត់​ (​ជនសង្ស័យ​) ​ដើម្បី​ឃាត់​ក្មួយ​របស់​គាត់ ប៉ុន្តែ​ពួកគេ​បាន​រត់​ចូល​ទឹកដី​ថៃ​បាត់​ទៅ​ហើយ សូម្បីតែ​សាក់​កាដូ​សម្លៀកបំពាក់ ក៏​យក​មិនទាន់​ផង​។ ជនសង្ស័យ​ម្នាក់​នោះ​នឹង​ត្រូវ​មន្ត្រី​ជំនាញ​របស់​លោក​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ៣០ មីនា​នេះ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​៕