បន្ទាយមានជ័យៈ អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​កំពុង​សាកសួរ​មន្ត្រី​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ម្នាក់​ពី​ម្សិលមិញ បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់​ខ្លួន​ជននេះ​ពាក់ព័ន្ធ​នឹង​ការនាំ​មនុស្ស​ចំនួន​ ៥ ​នាក់​ ឆ្លងដែន​ចូល​ប្រទេស​ថៃ​ប្រព្រឹត្ត​នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់-ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​ ២៩ មីនា​។

លោក ព្រហ្ម ថេង ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ យឹម នៅ អាយុ​ ៤៧ ​ឆ្នាំ​ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​មាន​លំនៅ​ភូមិ​សាមគ្គីមានជ័យ សង្កាត់-ក្រុង​ប៉ោយប៉ែត​។ ជនសង្ស័យ​កំពុង​ត្រូវបាន​ព្រះរាជអាជ្ញា​សាកសួរ​ពី​ម្សិលមិញ​ មុននឹង​បញ្ជូន​ជននេះ​ទៅ​ចៅក្រម​ស៊ើបសួរ​។

លោក​ថ្លែងថា​៖ «​ករណីនេះ​ខាង​ព្រះរាជអាជ្ញា​បន្ត​សាកសួរ​គាត់​នៅឡើយ ហើយ​បន្ទាប់ពី​សួរ​ចប់​ត្រូវ​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ទៀត​ទើប​ដឹង​។ តែ​ដល់​រសៀល ថ្ងៃនេះ​ [​ថ្ងៃទី​ ៣០ មីនា​] ​មន្ត្រី​ខ្ញុំ​មិនទាន់​ត្រឡប់​ពី​តុលាការ​វិញ​ទេ​»​។

បើតាម​លោក​ ព្រហ្ម ថេង ដែល​ទទួលបាន​ចម្លើយ​ពី​ជនសង្ស័យ​នោះ​គឺ ជនសង្ស័យ​ឈ្មោះ​ យឹម នៅ មាន​ក្មួយ​ស្រី​បង្កើត​ចំនួន​ ៣ ​នាក់​។ ក្មួយ​ស្រី​របស់គាត់​ម្នាក់​ក្នុងចំណោម​ ៣ ​នាក់​មាន​ប្តី​ជា​ជនជាតិ​ថៃ និង​មាន​ប្អូនថ្លៃ​ជា​ជនជាតិ​ថៃ​ម្នាក់ទៀត​ដែល​សរុប​មនុស្ស​ទាំងអស់​ ៥ ​នាក់​។ មនុស្ស​ទាំង​ ៥ ​នាក់​នោះបាន​ទៅ​ស្នាក់​នៅផ្ទះ​របស់គាត់ ហើយ​ពួកគេ​ចង់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​។ ប៉ុន្តែ​បើ​ទៅ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត គឺ​ទៅ​មិន​បាន​ទេ ព្រោះ​ពួកគេ​គ្មាន​លិខិត​ឆ្លងដែន​។

ដោយ​យល់ឃើញ​ថា ពួកគេ​ជា​សាច់​ញាតិផង​នោះ ជនសង្ស័យ​ឈ្មោះ​ យឹម នៅ ក៏​ឱ្យ​ពួកគេ​ជិះ​រថយន្ត​ផ្ទាល់ខ្លួន​ប្រភេទ Camry របស់គាត់ និង​ដឹក​ទៅ​ដា​ក់នៅ​ព្រំដែន​ច្រករបៀង​ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់-ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​ក៏​រត់​ឆ្លងដែន​ចូល​ទឹកដី​ថៃ​បាត់ទៅ​។

លោក​ ព្រហ្ម ថេង បន្ត​តាម​សម្តី​ជនសង្ស័យ​ថា នៅពេល​ដល់​ច្រករបៀង​នោះ ឈ្មោះ​ យឹម នៅ បាន​ឈប់​រថយន្ត​ដើម្បី​ឱ្យ​ក្មួយៗ​របស់គាត់​ឆ្លងដែន​ចូល​ទឹកដី​ថៃ​។ ប៉ុន្តែ​ភ្លាមៗ​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ ដែល​ល្បាត​តាម​ច្រករបៀង​ឃើញ ក៏​រត់​សំដៅ​មករក​គាត់​ [​ជនសង្ស័យ​] ដើម្បី​ចាប់​មនុស្ស​ទាំង​ ៥ ​នាក់​នោះ​។ ក៏ប៉ុន្តែ​ដោយសារ​ពួកគេ​ឃើញ​សមត្ថកិច្ច​មុន​ក៏​នាំគ្នា​រត់​ចូល​ទឹកដី​ថៃ​បាត់អស់​ទៅ សូម្បីតែ​សាក់​កាដូ​សម្លៀកបំពាក់​ក៏​ពួកគេ​យក​ទៅ​មិនទាន់​ផង​។ រីឯ​ជនសង្ស័យ​ឈ្មោះ​ យឹម នៅ ក៏ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​នៅពេល​នោះ​តែម្តង​ទៅ​៕