ភ្នំពេញៈ សមាជិក​ក្រុមប្រឹក្សា​ និង​មេភូមិ​ចំនួន​ ៤២ ​នាក់ ​ក្នុង​សង្កាត់​ចោមចៅ​១ បាន​ផ្ដិតមេដៃ​ដាក់​ពាក្យ​ស្នើសុំ​អន្តរាគមន៍​ដល់​អភិបាល​នៃ​គណៈអភិបាលខណ្ឌ​ពោធិ៍សែនជ័យ​សុំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ចៅសង្កាត់​របស់​ពួកគេ ដែល​ជា​កូតា​ជាប់ឆ្នោត​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ដោយហេតុ​មាន​ភាពមិន​ប្រក្រតី​ច្រើន​ក្នុង​ភាព​ជា​អ្នកដឹកនាំ​។

យោងតាម​ពាក្យស្នើសុំ​អន្តរាគមន៍​ដែលមាន​ស្នាម​មេដៃ​ចុះ​ថ្ងៃទី​ ៦ វិច្ឆិកា ឆ្នាំ ២០២០ ដែល​ចែកចាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ឲ្យ​ដឹងថា លោក កង វង ចៅសង្កាត់​ចោមចៅ​ទី​ ១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​គ្មាន​ភាព​ជា​អ្នកដឹកនាំ និង​អសីលធម៌​ក្នុង​ការដឹកនាំ បក្ខ​ពួកនិយម និង​មាន​ភាពពុករលួយ​នៅក្នុង​ប្រព័ន្ធ​ការងារ​។

ពាក្យស្នើសុំ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​យើងខ្ញុំ​ទាំងអស់​គ្នា​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចោមចៅ​ទី​១ គណៈបញ្ជាការ​ឯកភាព​សង្កាត់​ចោមចៅ​ទី​១ ​និង​មេភូមិ​ទាំងអស់​នៅក្នុង​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​សុំ​ផ្លាស់ប្ដូរ​លោក កង វង ដែល​ជា​ចៅសង្កាត់​ចោមចៅ​ទី​១ (​ព្រោះ​) យើងខ្ញុំ​ទាំងអស់​គ្នា​ជា​មន្ត្រី​នៅក្រោម​ឱវាទ​មាន​ការអស់​ជំនឿ​ទុកចិត្ត​លើ​លោក​ចៅសង្កាត់​»​។

ពាក្យ​ស្នើ​ដដែល​នេះ​បញ្ជាក់​ថា​៖ «​ម្យ៉ាងវិញទៀត​ចាប់​តាំងពី​លោក កង វង ចូលរួម​ជីវភាព​បក្ស​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មក (​រយៈពេល​ ៣ ​ឆ្នាំ​) ​លោក​ពុំទាន់​បាន​ជួយ​កសាង​សមាជិក​បក្ស​ថ្មី​បាន​ ០១ ​ក្រុម​បក្ស​នៅឡើយ​ទេ​»​។

លោក កង វង ត្រូវបាន​ចោទប្រកាន់​ដូចជា មាន​អាកប្បកិរិយា និង​សីលធម៌​មិន​សមរម្យ ដោយ​តែងតែ​ជេរប្រមាថ តិះដៀល និង​មើលងាយ​មកលើ​មន្ត្រី​ក្រោមឱវាទ​។ មានការ​ប្រកាន់​បក្ខពួកនិយម ដែល​នាំឲ្យ​បែកបាក់​សាមគ្គី និង​ឯកភាព​ផ្ទៃក្នុង​។ មិនចេះ​បែងចែក​ភារកិច្ច​ដល់​សមាជិក​ក្រុមការងារ និង​មន្ត្រី​ក្រោម​ឱវាទ​។ មាន​ភាពពុករលួយ (​ប្រាក់ចំណូល និង​សម្ភារ​ផ្សេងៗ បាន​ធ្វើការ​បែងចែក​ដោយ​អត្តនោម័ត​)​។

ទិសដៅ​ការងារ​អ្វីមួយ​មិន​មាន​ដាក់​ក្នុង​កិច្ចពិភាក្សា​នៅក្នុង​អង្គប្រជុំ​គឺ​ធ្វើ​ការងារ​ដោយ​អត្តនោម័ត​ដោយ​ខ្លួនឯង​។ ចរិត​គ្មាន​ភាពជា​អ្នកដឹកនាំ​រដ្ឋបាល​សាធារណៈ និង​សហគមន៍​។ ចំពោះ​ការងារ​សាធារណៈ​មាន​ការយឺតយ៉ាវ និង​ពន្យារ​ពេលវេលា​ឲ្យ​យូរ​ដើម្បី​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​។ ចំពោះ​ការងារ​បក្ស ចៅសង្កាត់​ចោមចៅ​១ មិនបាន​យកចិត្ត​ទុកដាក់ និង​សហការ​ជាមួយ​គណៈកម្មការ​បក្ស​សង្កាត់​ឲ្យ​បានល្អ​ប្រសើរ​នោះទេ​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​លោក កង វង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ដោយ​អះអាង​ថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​លោក​បាន​បំពេញ​តួនាទី​អស់ពី​សមត្ថភាព​ហើយ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​នៅ​ក្នុង​សង្កាត់ ប៉ុន្តែ​ការចោទប្រកាន់​បែប​នេះ​ជា​រឿង​ធម្មតា​ដែល​តែងតែ​កើតមាន​រវាង​ថ្នាក់ដឹកនាំ និង​អ្នកក្រោម​ឱវាទ​ដែល​នេះ​ជា​វិវាទ​ការងារ​ប៉ុណ្ណោះ​។

លោក វង ថ្លែងថា​៖ «​ខ្ញុំ​យក​ពេលវេលា​នៅ​ជាមួយ​ប្រជាពលរដ្ឋ មិន​ដែល​យក​ពេលណា​ទៅ​ទំនេរ​ទេ ព្រោះ​ចៅសង្កាត់​មាន​តួនាទី​បំពេញ​តម្រូវការ​ប្រជាពលរដ្ឋ​។ ខ្ញុំ​មិនមែន​ស្រឡាញ់​អំណាច ក្តាប់​អំណាច​ខ្ញុំ​តែម្នាក់ឯង​ទេ ព្រោះ​ការឡើង​មក​កាន់​តំណែង​នេះ​មិន​ដែល​ប្រើប្រាស់​លុយ ក៏​មិនដែល​ធ្វេសប្រហែស ហើយ​ការបែងចែក​ប្រាក់រង្វាន់​ទៅ​កូនចៅ​គឺ​ខ្ញុំ បែងចែក​ទៅតាម​ឋានៈ និង​តួនាទី​ហើយ​បើ​កូនចៅ​ណា គាត់​មិនបាន​ធ្វើការ​គឺ​គាត់​មិន​បាន​ទទួល​នូវ​ប្រាក់រង្វាន់​នោះទេ​»​។

លោក​ថ្លែង​ថា​៖ «​ចំពោះ​ការស្នើ​ផ្លាស់ប្តូរ​តួនាទី​នេះ ខ្ញុំ​គ្មាន​ការខឹង​សម្បា​នោះឡើយ ហើយ​​ការសម្រេច​យ៉ាងណា​គឺ​អាស្រ័យ​ទៅ​លើ​ថ្នាក់ដឹកនាំ ខ្ញុំ​ជឿជាក់​ថា ថ្នាក់ដឹកនាំ​នឹង​មាន​ការសម្រេចចិត្ត​ត្រឹមត្រូវ​ហើយ​ខ្ញុំ​ក៏​គ្មាន​ការសោកស្តាយ​ដែល​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការបម្រើ​សង្គម​ដែរ​»​។

លោក វង បាន​ឲ្យ​ដឹងថា កូតា​ចៅសង្កាត់​ចោមចៅ​ទី​១ បាន​មកពី​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧ តែ​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ក៏​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ដឹកនាំ​សង្កាត់​ចាប់តាំងពី​ឆ្នាំ​ ២០១៧ រហូត​មក​ទល់​បច្ចុប្បន្ន​។

លោក វង ថ្លែងថា​៖ «​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​គឺ​ពួកគាត់​មាន​ការយក​ចិត្ត​ទុកដាក់ ហើយ​មាន​មនុស្សធម៌ និង​​ខ្វល់ខ្វាយ​លើ​កូនចៅ​គ្រប់រូប​។ ចំពោះ​ការងារ​របស់​ខ្ញុំ​នៅពេល​នេះ​គឺ​អាស្រ័យ​ទៅលើ​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​បែបម៉េច​គឺជា​រឿង​របស់គាត់​។ ចំពោះ​ខ្ញុំ​មាន​ពេលវេលា​ ១ ​ថ្ងៃ​បំពេញ​ការងារ​ ១ ​ថ្ងៃ បម្រើ​ប្រជាពលរដ្ឋ​»​។

លោក ស៊ូ សារ៉ាត សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ដែល​បាន​ចូលរួម​ផ្តិតមេដៃ ខណៈ​លោក​បាន​ផ្អាក​ធ្វើ​ការងារ​មួយរយៈ​ដោយសារ​បញ្ហា​សុខភាព​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការស្នើ​នេះ​បាន​ដាក់ជូន​គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខណ្ឌ​កាលពី​ថ្ងៃទី​ ១០ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ​ហើយ​នឹង​បន្ត​ដាក់​ទៅ​អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​ក្នុង​ពេល​ខាងមុខ ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការផ្លាស់ប្តូរ​ចៅសង្កាត់​រូបនេះ​។

លោក​បាន​រៀបរាប់​ថា​៖ «​ពួក​ខ្ញុំ​ដាក់​ស្នើ​ជំហាន​ទី​១ គឺ​ស្នើ​ខាង​គណៈកម្មការ​បក្ស​ខណ្ឌ​ដោះស្រាយ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គាត់ ហើយ​បើ​អត់​មាន​វិធានការ យើង​ដាក់​ស្នើ​ទៅ​បន្តទៀត​រហូត​ទាល់តែ​អាច​ដោះដូរ​ចៅសង្កាត់​រូបនេះ​បាន ព្រោះ​សកម្មភាព​វា​តឹង​ដើមទ្រូង​ខ្លាំងពេក​។ ​ខ្ញុំ​ធ្វើការ​ជិត ៤០ ​ឆ្នាំ​ហើយ បើ​និយាយ​ទៅ​គឺ​បញ្ហា​គាត់​​មាន​ច្រើន​»​។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​បាន​ឲ្យ​ដឹងថា គណៈអភិបាល​មិនទាន់​បានទទួល​លិខិត​សុំ​អន្តរាគមន៍​នោះទេ​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​បញ្ជាក់ថា ជាទូទៅ​តាម​គោលការណ៍​រដ្ឋបាល មន្ត្រី​ក្រោមឱវាទ​មាន​សិទ្ធិ​ស្នើសុំ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ដោយ​លើក​មូលហេតុ​សមស្រប​តាមរយៈ​ក្រសួង​មហាផ្ទៃ​។ តំណែង​ជា​ចៅសង្កាត់​គឺ​ទទួលបាន​ដោយ​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ ដូច្នេះ​ការផ្លាស់ប្តូរ​បែបណា​នោះ ថ្នាក់ដឹកនាំ​ត្រូវតែ​បង្កើត​គណៈកម្មការ​វាយតម្លៃ​មួយ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រាកដ​ថា ការសម្រេច​របស់​ក្រសួង​មហាផ្ទៃ​លើ​ករណីនេះ​គឺ​សុក្រឹត និង​យុត្តិធម៌​។

លោក ច័ន្ទរឿន បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​ប្រសិនបើ កិច្ចការ​នេះ​គឺជា​ការងារ​រដ្ឋបាល​រាល់​សំណើ​នៃ​ការផ្លាស់ប្តូរ ឬ​តែងតាំង​ត្រូវ​ធ្វើតាម​បែបបទ​រដ្ឋបាល​ហើយ មិន​អាច​ធ្វើតាម​ខ្សែ​បក្ស​ទេ​។ ព្រោះ​ចៅសង្កាត់​កើតឡើង​ដោយ​ការបោះឆ្នោត​តាម​អាណត្តិ​ប្រព័ន្ធ​រដ្ឋបាល ​ដូច្នេះ​មិនអាច​ធ្វើការ​ដោះដូរ​ ឬ​តវ៉ា​តាម​ខ្សែបណ្តាញ​របស់​គណបក្ស​ទេ​។ ប្រសិនបើ​មាន​ការដោះដូរ​តាម​ខ្សែបណ្តាញ​របស់​គណបក្ស ហើយ​លោក​ចៅសង្កាត់​ជា​អតីត​សមាជិក​គណបក្ស​ជំទាស់​ពីមុន​មក នេះ​ប្រហែល​ជា​អាចពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ច្រើន​ជាង​រឿង​រដ្ឋបាល​»៕