ភ្នំពេញៈ សមាជិកព្រឹទ្ធសភា ៣៩ រូប ដែលមានវត្តមាននៅវិមានព្រឹទ្ធសភាក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២១ បានអនុម័តជាឯកច្ឆន្ទនូវសេចក្ដីព្រាងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយគ្មានការកែប្រែ។
សេចក្ដីព្រាងច្បាប់ដែលមានឈ្មោះពេញថា សេចក្ដីព្រាងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតត្រូវបានព្រឹទ្ធសភាអនុម័តដោយគ្មានការកែប្រែដោយមានសំឡេង ៣៩ នៃសមាជិកព្រឹទ្ធសភាដែលមានវត្តមាន។
សេចក្ដីព្រាងច្បាប់នេះមាន ៦ ជំពូក និង ១៨ មាត្រារៀបចំឡើងដើម្បីកំណត់គោលបំណង វិសាលភាព និងវិធានការ ទោសបញ្ញត្តិ និងសមត្ថកិច្ចដែលត្រូវអនុវត្ត។ គោលដៅនៃច្បាប់នេះគឺដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃជំងឺឆ្លងចំពោះវិស័យសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា៖ «សេចក្ដីព្រាងច្បាប់នេះបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត»។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្លែងក្នុងវិមានព្រឹទ្ធសភាថា ច្បាប់នេះធ្វើឡើងក្នុងបរិបទដែលពិភពលោក និងកម្ពុជាកំពុងរងគ្រោះពីការរាតត្បាតនៃជំងឺកូវីដ ១៩។ ប្រទេសខ្លះបានបង្កើតច្បាប់ថ្មី ហើយប្រទេសខ្លះប្រើច្បាប់ចាស់របស់ខ្លួនដោយធ្វើការកែប្រែវិធានការថ្មីឱ្យស្របទៅតាមស្ថានភាព ហើយក៏មានប្រទេសមួយចំនួនបានដាក់វិធានការតឹងរ៉ឹងបំផុតដើម្បីទប់ស្កាត់ជំងឺនេះ។
លោកថ្លែងថា៖ «ប្រទេសណាដែលអាចអនុវត្តវិធានការទប់ស្កាត់បានតឹងរ៉ឹងជាងគេ ប្រទេសនោះអាចគ្រប់គ្រងការឆ្លងរាលដាល ហើយបច្ចុប្បន្នប្រទេសនោះអាចស្រាកស្រាន្តពីការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺនេះ។ ប្រទេសខ្លះចាប់ផ្ដើមប្រើច្បាប់គ្រាអាសន្ន ប្រទេសខ្លះប្រើប្រាស់វិធីសាស្ត្របិទខ្ទប់ប្រទេសក្នុងរយៈពេលមួយកំណត់»។
លោកបន្តថា នៅពេលជំងឺនេះផ្ទុះឡើងនៅចុងឆ្នាំ ២០១៩ កម្ពុជាបានត្រៀមលក្ខណៈដោយបានបង្កើតច្បាប់ក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈដែលប្រទេសផ្សេងបានដាក់ប្រទេសរបស់ពួកគេក្នុងគ្រាអាសន្នរួចបាត់ទៅហើយ។ តែការប្រើប្រាស់ច្បាប់គ្រាអាសន្នមិនប្រាកដថា ធ្វើឱ្យការឆ្លងរាលដាលមានការថមថយនោះទេ តែវាបែរជាធ្វើឱ្យមានមហន្តរាយផ្នែកសេដ្ឋកិច្ច។ ដូច្នេះហើយបានជាច្បាប់គ្រាមានអាសន្នមិនត្រូវបានប្រើប្រាស់ តែត្រូវមានច្បាប់ថ្មីមួយទៀត។
សេចក្ដីព្រាងច្បាប់កូវីដ១៩ បានចែងពីការដាក់ទោសទណ្ឌទាបបំផុតពី ៦ ខែ រហូតដល់ធ្ងន់បំផុត ២០ ឆ្នាំ អាស្រ័យទៅតាមបទល្មើស ហើយការពិន័យជាប្រាក់អាចមានចាប់ពី ២ លានរៀល រហូតដល់ ២០ លានរៀល។
ការដាក់ទោសទណ្ឌនេះត្រូវបានលោក កើត រិទ្ធ ពន្យល់ដូច្នេះថា៖ «ហើយចំពោះទោសបញ្ញត្តិវិញ យើងនិយាយជារួម គឺបង្កើតដើម្បីដាក់ទោសចំពោះជនខិលខូច និងជនទុច្ចរិតដែលចង់បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងសុខភាពសាធារណៈតែប៉ុណ្ណោះ។ សម្រាប់ប្រជាពលរដ្ឋដែលគោរពត្រឹមត្រូវតាមវិធានការរបស់រដ្ឋាភិបាល ធានាបានមិនឱ្យមានការឆ្លងរាលដាលធ្វើឱ្យសហគមន៍អាចវិលត្រឡប់ទៅប្រក្រតីឡើងវិញច្បាប់នេះមិនយកទៅអនុវត្តចំពោះពួកគាត់ទេ»។ «ធ្វើច្បាប់មួយដើម្បីការពារអាយុជីវិតរបស់ប្រជាជន និងសុខភាពសាធារណៈតើខុសត្រង់ណា? ធ្វើច្បាប់មួយដើម្បីដាក់ទោសលើជនខិលខូច លើជនទុច្ចរិតដែលចង់បង្កគ្រោះថ្នាក់ដល់សង្គមកម្ពុជា ជាពិសេសចង់បំផ្លាញអាយុជីវិត និងសុខភាពប្រជាជន តើខុសត្រង់ណា?»។
ទោះយ៉ាងណាលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរបានថ្លែងថា ការធ្វើច្បាប់នេះមិនខុសទេ ប៉ុន្តែវាខ្វះការផ្សព្វផ្សាយឱ្យពលរដ្ឋបានយល់ដឹង។ ទោះយ៉ាងណាលោកថា ច្បាប់នេះនឹងក្លាយជាបន្ទុកបន្ថែមទៀតដល់ប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះនូវបញ្ហាជីវភាពធ្ងន់ធ្ងរ។ រាជរដ្ឋាភិបាលគួរចាប់ផ្តើមគិតគូរបន្ថែមទៀតដើម្បីស្វែងរកវិធីសាស្ត្រកាត់បន្ថយផលប៉ះពាល់នៃជីវភាពប្រជាពលរដ្ឋទូទៅ។
លោក យ៉ង់ សាំងកុមារ សហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានមិនជំទាស់នឹងការធ្វើច្បាប់នេះទេ ប៉ុន្តែអ្វីដែលចែងក្នុងច្បាប់អំពីការដាក់ពិន័យវាធ្ងន់ធ្ងរពេក ជាប់គុករាប់ឆ្នាំ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រពីអតីតគណបក្សសង្គ្រោះជាតិដែលកំពុងបង្កើតគណបក្សកែទម្រង់កម្ពុជាបានថ្លែងថា ច្បាប់នេះមិនអាក្រក់ទេ ប៉ុន្តែអ្វីដែលសំខាន់គឺការអនុវត្ត ប្រសិនបើការអនុវត្តបានត្រឹមត្រូវប្រកបដោយយុត្តិធម៌ មិនប្រកាន់និន្នាការ ឬមានទិសដៅបង្ក្រាបលើជនមួយក្រុមណាមួយទេនោះ ច្បាប់នេះមិនមានបញ្ហាអ្វីទេ ច្បាប់នេះអាចមានគុណភាពល្អ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថា ច្បាប់នេះធ្វើឡើងជាការប្រញាប់ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃការឆ្លងកូវីដ ១៩។ ច្បាប់នេះក៏នឹងមានវិធានការផ្សព្វផ្សាយដល់ពលរដ្ឋបានយល់ដឹង ហើយសង្គមស៊ីវិលក៏អាចផ្ដល់យោបល់ និងធាតុចូលបានដែរនាពេលក្រោយ។ ប៉ុន្តែច្បាប់ប្រញាប់នេះមិនអាចរង់ចាំការផ្ដល់យោបល់ទើបអាចអនុវត្តទេ ក្នុងស្ថានភាពបច្ចុប្បន្ន៕
វីដេអូ៖