ភ្នំពេញៈ សមាជិក​ព្រឹទ្ធសភា​រដ្ឋ​វ៉ាស៊ីនតោន​លោក Doug Ericksen កាលពី​ថ្ងៃ​ពុធ​បាន​សម្ដែង​ឆន្ទៈ​ត្រឡប់​មក​ប្រទេស​កម្ពុជា​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ម្នាក់​ក្នុង​អំឡុង​ការបោះឆ្នោត​ជាតិ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ដែល​មជ្ឈដ្ឋាន​សហគមន៍​អន្តរជាតិ​ខ្លះ​មាន​ក្តីបារម្ភ​អំពី​បរិយាកាស​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​។

លោក Ericksen និង​ប្រតិភូ​របស់​លោក​ ​កាលពី​ថ្ងៃ​ពុធ​ បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នៅ​ក្រសួង​ការបរទេស​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​ពង្រឹង​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​។

លោក មាស គីមហេង អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​ថា​៖ «​ក្នុង​អំឡុង​កិច្ចប្រជុំ​នេះ​លោក Ericksen បាន​សង្កត់​ធ្ងន់ធ្ងរ​ថា​ដោយសារ​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​នា​ប៉ុន្មាន​ខែ​ខាង​មុខ ដូច្នេះ​លោក​ចង់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​»​។

លោក​ គីមហេង ថា​៖ «​លោក​ចង់​ឃើញ​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​ល្អ​ និង​ជាពិសេស​តាមរយៈ​ក្តី​សង្ឃឹម​ខ្លាំងក្លា​មួយ​នៃ​គោលនយោបាយ​ការបរទេស​ថ្មី​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​អាមេរិក​មិន​ជ្រៀតជ្រែក​អធិបតេយ្យភាព​នៃ​ប្រទេស​ដទៃ​»​។

លោក ហេង បាន​ថ្លែង​បន្ត​ថា​លោក Ericksen ក៏​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការ​បោះឆ្នោត​ឃុំ សង្កាត់​ក្នុង​ឆ្នាំ ២០១៧ ​ផង​ដែរ​។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​លោក Ericksen និង​ប្រតិភូ​របស់​លោក​បាន​មាន​ជំនួប​ដោយ​ឡែក​មួយ​ជាមួយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​។

លោក កៅ គឹមហួន ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក Ericksen បាន​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​អំឡុង​កិច្ច​ជំនួប​ថា​លោក​ចង់​ឃើញ​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​បន្ត​រវាង​អាមេរិក​ និង​កម្ពុជា ជាពិសេស​ទំនាក់​ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

លោក គឹមហួន បាន​ដកស្រង់​សម្តី​របស់​លោក Ericksen ដែល​បាន​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ថា​៖ «​ប្រជាជន​កម្ពុជា​ជា​មិត្តភក្តិ​របស់​អាមេរិក​មិនមែន​ជា​សត្រូវ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដូច្នេះ​ដែរ​។ ហេតុដូច្នេះ​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​​ទាំង​ ២»​។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ អង្គការ និចហ្វិក ដែល​ជា​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋាភិបាល​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​អំពាវនាវ​ឲ្យ​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ចូលរួម​នៅ​ក្នុង​ការសង្កេតការណ៍​បោះឆ្នោត​នាពេល​ខាង​មុខ​។

លោក គន្ធាមី បាន​ថ្លែង​ថា​៖ «​យើង​ស្វាគមន៍​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ឲ្យ​ត្រឡប់​មក​ធ្វើ​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​។ នេះ​ជា​ចំណុច​ល្អ​ចំពោះ​ការវាយតម្លៃ​បរិយាកាស​ការបោះឆ្នោត​នាពេល​ខាង​មុខ​»​។

លោក ឌឹម សុវណ្ណារុំ អ្នក​នាំពាក្យ គ.ជ.ប. បាន​ថ្លែង​ថា​ចំនួន​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​ ខណៈ​នីតិវិធី​នៃ​ការដាក់​ពាក្យ​កំពុង​បន្ត​ធ្វើ​។

លោក​បាន​ថ្លែង​ថា​៖ «​ប្រទេស​ជាច្រើន​បាន​ និង​កំពុង​ដាក់​ពាក្យ​ជា​អ្នក​សង្កេតការណ៍ ហើយ​យើង​ស្វាគមន៍​ទាំងអស់​គ្នា មិន​ថា ប្រទេស​តូច​ ឬ​ធំ​នោះ​ទេ​»​។

ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ហើយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូប្រជែង​នយោបាយ​នឹង​បក្ស​កាន់​អំណាច​នោះ​អតីត​ប្រធាន​បក្សប្រឆាំង​មួយ​នេះ​លោក​ សម រង្ស៊ី ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​​ទៅ​បោះឆ្នោត​ដោយ​ចាត់ទុក​ការបោះឆ្នោត​នោះ​ក្លែងក្លាយ​៕PS