ភ្នំពេញៈ សមាជិករដ្ឋសភាដែលមានសំឡេងភាគច្រើន មកពីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ បានអនុម័តជាឯកច្ឆន្ទលើ សេចក្តីព្រាង វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញចំនួន ៥ មាត្រា ទាក់ទងជាមួយនឹង គណបក្សនយោបាយ និង ប្រជាពលរដ្ឋ គ្រប់រូបមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ ឬ ដោយប្រយោលក្ដី នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ រួមទាំងប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
យោងតាមសេចក្ដីថ្លែងហេតុអំពីសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្ម មាត្រាទាំង ៥ ដែលបានចុះហត្ថលេខាដោយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៩ ខែកុម្ភៈ ហើយបានថ្លែងទៅកាន់សមាជិករដ្ឋសភានៅថ្ងៃនេះ បានឲ្យដឹងថា៖ «គណបក្សនយោបាយ ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ឬដោយប្រយោលក្ដីនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និង ប្រជាពលរដ្ឋខ្មែរឡើយ»។
សេចក្ដីថ្លែងហេតុដដែលនេះបានឲ្យដឹងទៀតថា៖ «ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ ឬដោយប្រយោលក្ដី នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរឡើយ»។
ការអនុម័តសេចក្ដីព្រាងច្បាប់នេះក៏មានបំណងប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ ទោះជាក្រោមរូបភាពណាក៏ដោយ។
ការអនុម័តច្បាប់នេះធ្វើឡើងក្រោយពីការចាប់ខ្លួន លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងរំលាយចោលគណបក្សនេះ ជាមួយនឹងការហាមឃាត់អ្នកនយោបាយនៃគណបក្សនេះចំនួនជាង ១០០ នាក់ មិនឲ្យធ្វើនយោបាយ៥ឆ្នាំ មូលហេតុដោយជាប់ចោទរួមគំនិតជាមួយបរទេសដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល៕