ភ្នំពេញៈ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ៤ រូប ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គវង្ស វឌ្ឍានា ប្រកាសទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោត និង ៧ រូបទៀតក៏ត្រូវបានជ្រើសរើសរួចរាល់អស់ហើយផងដែរដោយនៅរង់ចាំតែព្រះរាជក្រឹត្យតែងតាំងពីព្រះមហាក្សត្រប៉ុណ្ណោះ ដើម្បីចូលបំពេញការងារសម្រាប់អាណត្តិថ្មី នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។
សេចក្តីប្រកាសលទ្ធផលផ្លូវការរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃចន្ទបានឲ្យដឹងថា សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ៤ រូប ដែលត្រូវបានជ្រើសតាំងពីការបោះឆ្នោតនោះមានលោក ចាយ ច័ន្ទតារាវណ្ណ ជាសមាជិកត្រូវបានជ្រើសតាំងដោយចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់លោក សេង ប៊ុនឃាង ជាសមាជិក ជ្រើសតាំងដោយព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាជម្រះក្តីជាន់ខ្ពស់ និងព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌។
ចំណែកលោក អ៊ីវ បូរិន្ទ ជាសមាជិកត្រូវបានជ្រើសតាំងដោយចៅក្រមពេញសិទ្ធិនៃសាលាដំបូងទូទាំងប្រទេស និងលោក ស្រ៊ា រតនៈ ជាសមាជិក ត្រូវបានជ្រើសតាំងដោយព្រះរាជអាជ្ញាពេញសិទ្ធិនៃអយ្យការអមសាលាដំបូងទូទាំងប្រទេស។
លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងក្នុងសេចក្តីប្រកាសនោះថា សម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសូមជម្រាបជូនដល់ចៅក្រមព្រះរាជអាជ្ញានៅទូទាំងប្រទេស និងសាធារណជន មេត្តាជ្រាបថាបេក្ខជនជាប់ឆ្នោតជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានធ្វើឡើងនៅក្នុងការបោះឆ្នោតថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩។
លោក សំ ប្រជាមានិត អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា ក្រៅពីសមាសភាព ៤ រូបនេះ សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ៧ រូបទៀតគឺត្រូវបានជ្រើសតាំងរួចរាល់អស់ហើយ ដូចជាសមាសភាព ៣ រូប ដែលមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល និង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូលត្រូវបានកំណត់តែងតាំងដោយស្វ័យប្រវត្តិ។
លោកបន្តថាចំណែក ៤ រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា ព្រឹទ្ធភាព ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដោយរង់ចាំតែព្រះរាជក្រឹត្យតែងតាំងពីព្រះមហាក្សត្រ ខណៈសមាជិកទាំង ១១ រូបនេះ គឺមាន ២ រូប ត្រូវបានជ្រើសតាំងថ្មីក្នុងអាណត្តិថ្មីនេះ។
លោកបញ្ជាក់ថា៖ «ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមមានអាណត្តិ ៥ ឆ្នាំដូច្នេះក្នុងអាណត្តិទី ១ របស់គាត់តែងតាំងនៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ដែលនឹងចប់នៅថ្ងៃទី ១៣ ខែវិច្ឆិកានេះ។ ដូចនេះត្រូវជ្រើសតាំងឲ្យហើយដោយទាំង ១១ រូប ត្រូវតែងតាំងជាថ្មីពីព្រះមហាក្សត្រនៅពាក់កណ្តាលខែក្រោយ នៅពេលដែលចប់អាណត្តិសមាជិកចាស់»។
លោក ស្រ៊ា រតនៈ ជាសមាជិកថ្មីដែលត្រូវបានជ្រើសតាំងបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោកក៏មិនខុសពីសមាជិកដទៃទៀតដែរ គឺមានចិត្តរីករាយដែលអង្គបោះឆ្នោតបានបោះឆ្នោតឲ្យជាប់ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
លោកបន្តថា ចំពោះសកម្មភាពបន្តលោកប្តេជ្ញាអនុវត្តការងារឲ្យដូចទៅនឹងអ្វីដែលបានប្រកាសនៅចំពោះមុខអង្គបោះឆ្នោត ដើម្បីធ្វើឲ្យវិស័យយុត្តិធម៌នៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត។
លោកបញ្ជាក់ថា៖ «ភាពសប្បាយរីករាយ វាតែងមាននៅពេលដែលត្រូវបានជ្រើសតាំង ហើយការតាំងចិត្តធ្វើការរបស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានដូចៗគ្នាទាំងអស់។ មានការប្តេជ្ញាចិត្តខ្ពស់ បម្រើតាមតួនាទីឲ្យស្របតាមច្បាប់ដែលប្រគល់ជូន»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហាសង្គម និងនយោបាយបានលើកឡើងថា ការផ្លាស់ប្តូរសមាជិកក្នុងអាណត្តិថ្មីនេះរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគ្រាន់តែជាការផ្លាស់ប្តូរ ដើម្បីធ្វើតាមនីតិវិធីរបស់ច្បាប់តែប៉ុណ្ណោះដោយមិនមានសារៈសំខាន់ដែលអាចធ្វើឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះមានភាពល្អប្រសើរជាងនេះនោះទេ។ លោកអះអាងយ៉ាងដូច្នេះ ដោយសំអាងថា សមាជិកនៃស្ថាប័នកំពូលមួយនេះគឺសុទ្ធសឹងតែមានសមាសភាពមកពីគណបក្សកាន់អំណាចហើយត្រូវបានគ្រប់គ្រងតាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
លោកបន្តថា៖ «ឧត្តមក្រុមប្រឹក្សា ទោះមានសមាសភាពថ្មីក៏ដោយក៏មិនបង្ហាញថា អាចធានាឯករាជ្យរបស់ស្ថាប័នតុលាការនេះបានដែរ ព្រោះថាយើងខ្វះខាតធំហ្នឹង ចំពោះបញ្ហាតុលាការឯករាជ្យហ្នឹងដែលអាចផ្តល់នូវយុត្តិធម៌ដល់ភាគីជម្លោះនៅក្នុងតុលាការនេះ»។
លោក ឡៅ ម៉ុងហៃ បន្ថែមថាដើម្បីឲ្យស្ថាប័ននេះ ឯករាជ្យ គឺដរាបណាថ្នាក់ដឹកនាំយល់ដឹងនូវសារៈប្រយោជន៍របស់តុលាការឯករាជ្យតាមរយៈការផ្តល់យុត្តិធម៌ដល់ជនទាំងឡាយដែលទទួលរងការចោទប្រកាន់ និងមិនមានការជ្រៀតជ្រែកពីអ្នកនយោបាយជាដើម។
យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានចែងថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រក្នុងបំណងជួយព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យនៃអំណាចតុលាការស្របតាមរដ្ឋធម្មនុញ្ញដែលមានសមាជិកចំនួន ១១ រូប ដែលត្រូវតែងតាំង និងជ្រើសតាំងមកពីសមាសសភាពខុសៗគ្នា និងមានអាណត្តិ ៥ ឆ្នាំ៕