ភ្នំពេញៈ តុលាការក្រុងភ្នំពេញកោះហៅអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ៦ រូបឲ្យចូលបំភ្លឺនៅក្នុងតុលាការជាបន្តបន្ទាប់នៅចុងខែឧសភា ឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងការបង្កើតចលនាសង្គ្រោះជាតិដែលរដ្ឋាភិបាលចាត់ទុកថាជាចលនាឧទ្ទាមខុសច្បាប់។
លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ៣០ ខែមីនាបានចេញដីកាយ៉ាងហោចណាស់ចំនួន ៦ កោះអញ្ជើញអតីតមន្ត្រីជាន់ខ្ពស់នៃអតីតបក្សប្រឆាំងដែលបានបង្កើតចលនាសង្គ្រោះជាតិឲ្យចូលបំភ្លឺក្នុងនាមជនសង្ស័យ។ អ្នកដែលត្រូវបានកោះហៅរួមមានលោក សម រង្ស៊ី និងភរិយារបស់លោកគឺលោកស្រី ជូឡុង សូមូរ៉ា លោក តុ វ៉ាន់ចាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល និងលោក ហូរ វ៉ាន់។
ដីកាទាំង ៦ បានសរសេរដូចៗគ្នាថា៖ «ការកោះហៅនេះគឺដើម្បីសាកសួរពីដំណើររឿងការបង្កើតចលនាសង្គ្រោះជាតិ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ប៉ះពាល់ដល់សន្តិសុខជាតិក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ការមិនចូលមកបំភ្លឺនៅតុលាការនេះ គឺដោយសារតែពួកគាត់គ្មានភាពក្លាហាន។
លោកថ្លែងថា៖ «តុលាការកោះហៅនេះធ្វើឡើងតាមនីតិវិធីកម្ពុជា ប៉ុន្តែខ្ញុំមិនមានជំនឿថា ពួកឧទ្ទាមក្រៅច្បាប់អាចចូលមកក្នុងស្រុកដើម្បីនឹងដោះស្រាយជាមួយនឹងតុលាការនោះទេ។ ក្លាហានតែពីក្រៅរកដុល្លារបានតែពីក្រៅ ញុះញង់តែពីក្រៅតែក្នុងស្រុកអត់ហ៊ាន»។
លោកថាចលនាសង្គ្រោះបានបង្កើតសកម្មភាពដែលប៉ះពាល់ដល់ប្រយោជន៍របស់កម្ពុជារួមមានប្រជាជនបះបោរប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់ក្នុងប្រទេសកម្ពុជា គាត់ញុះញង់ឲ្យកងទ័ពបែរកាណុងមករករាជរដ្ឋាភិបាល ញុះញង់ឲ្យសមាជិកសមាជិកាគណបក្សប្រជាជនប្រឆាំងនឹងគណបក្សខ្លួនឯង។
លោក អេង ឆៃអ៊ាង ដែលជាសមាជិកចលនាសង្គ្រោះជាតិ ហើយដែលត្រូវបានកោះហៅដែរនោះបានថ្លែងកាលពីម្សិលមិញថា លោកមិនមានការភ្ញាក់ផ្អើលទេចំពោះការកោះហៅនេះដោយបានចាត់ទុកថាតុលាការធ្វើឡើងតាមការបញ្ជារបស់អ្នកមានអំណាច។
លោក ឆៃអ៊ាង ថ្លែងថា៖ «ខ្ញុំមិនចាប់អារម្មណ៍ មិនភ្ញាក់ផ្អើលទេព្រោះអ្នកណាក៏ដឹងដែរថា តុលាការបច្ចុប្បន្នហ្នឹងគឺជាតុលាការអាយ៉ងរបស់អ្នកមានអំណាចតែប៉ុណ្ណឹង។ ជាឧបករណ៍របស់អ្នកមានអំណាចសម្រាប់បង្ក្រាបទៅលើអ្នកប្រឆាំង អ្នកតវ៉ាទាមទារសិទ្ធិសេរីភាព។ តុលាការរបស់គេស្រេចតែគេចោទ គេចេះតែថា តែវាខុសពីគោលដៅរបស់យើង ចលនាគឺយើងតស៊ូមតិដោយអហិង្សាទាមទារឲ្យមានការដោះលែងលោក កឹម សុខា ទាមទារឲ្យគណបក្សប្រជាជនកម្ពុជាត្រូវតែផ្តល់សុពលភាពឲ្យមកគណបក្សសង្គ្រោះជាតិវិញដើម្បីចូលរួមការបោះឆ្នោតខាងមុខនេះ»។
លោកបន្តថាលោកនឹងមិនមកលលេងជាមួយតុលាការទេ៖ «ខ្ញុំមិនទៅលេងសើចជាមួយតុលាការដែលជាឧបករណ៍របស់លោក ហ៊ុន សែន ទេ។ វាគ្មានតម្លៃសម្រាប់យើងទេព្រោះយើងទៅតបតជាមួយគេក៏មិនឈ្នះគេដែរ។ អ៊ីចឹងយើងមិនបាច់ចំណាយពេលវេលាចូលទៅលេងល្បែងនយោបាយហ្នឹងទេ»។
លោកស្រី មូរ សុខហួរ ដែលជាសមាជិកចលនាសង្គ្រោះជាតិមួយរូបដែរមិនទាន់ឃើញមានដីកាកោះរបស់លោក សៀង សុខ នៅឡើយទេ។ ទោះយ៉ាងណាលោកស្រីនិយាយថា៖ «ការចោទប្រកាន់បែបនេះមិនមានអ្វីថ្មីទេ ហើយគឺក្នុងបំណងបង្កើតការភ័យខ្លាចដល់អ្នកគាំទ្រដែលមានបំណងចូលរួមជាមួយចលនានេះ»។
ចលនាសង្គ្រោះជាតិត្រូវបានប្រកាសបង្កើតឡើងជាផ្លូវការកាលពីចុងខែមករា នៅសហរដ្ឋអាមេរិកដោយមានអតីតមន្ត្រីសង្គ្រោះជាតិ ៩ រូបជាស្ថាបនិក។
លោក សម រង្ស៊ី បានប្រកាសនៅពេលប្រកាសបើកចលនានេះហៅថា CNRM មានសកម្មភាព ៥ យ៉ាងរួមមាន ការតស៊ូមតិនៅលើឆាកអន្តរជាតិ ការងារជាមួយលើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្មដោយពន្យល់អ្នកវិនិយោគថារបបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាត់បង់ភាពស្របច្បាប់ បំផុសឲ្យពលរដ្ឋងើបឡើងតវ៉ា ឬធ្វើបាតុកម្មដោយសន្តិភាព អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធកុំបាញ់ប្រហារទៅលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលធ្វើបាតុកម្ម និងជំរុញឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាចាកចេញពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ព្រះរាជអាជ្ញាលោក សៀង សុខ ដែលចេញដីកាកោះនេះ និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ តុលាការកំពូលកាលពីចុងឆ្នាំ ២០១៧ បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងបានហាមឃាត់មន្ត្រីជាន់ខ្ពស់នៃគណបក្សនេះចំនួន ១១៨ នាក់មិនឲ្យធ្វើសកម្មភាពនយោបាយចំនួន ៥ ឆ្នាំ។
គណបក្សនេះត្រូវបានចោទទោសក្បត់ជាតិដោយឃុបឃិតជាមួយបរទេសរៀបគម្រោងផ្ដួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតក្នុងឆ្នាំ ២០១៣។
លោក កឺម សុខា អតីតប្រធានគណបក្សនេះកំពុងជាប់ឃុំរង់ចាំការកាត់ទោស៕
រាយការណ៍បន្ថែមដោយ Andrew Nachemson