ភ្នំពេញៈ សម្ដេច​សង្ឃ​ទាំង​ ២ ​គណៈ​កាលពី​ថ្ងៃទី​ ៧ ខែ​មេសា បានចេញ​សារ​ប្រគេន​ដល់​ថ្នាក់ដឹកនាំ​សង្ឃ និង​ចៅអធិការ​គ្រប់​វត្ត​នៅ​ទូទាំង ២៥ រាជធានី-ខេត្ត​ឲ្យ​ផ្អាក​ការប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ និង​កម្មវិធី​ផ្សេងៗ​ដែល​តែង​រៀបចំ​ក្នុង​ពិធី​នេះ និង​ហាម​ការជួបជុំ​នានា​ក្នុង​វត្ត​។

សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ ប៊ួរ គ្រី បាន​ឡាយ​នៅលើ​លិខិត​របស់​ព្រះអង្គ​ថា ការសម្រេច​បែបនេះ​ធ្វើឡើង​ដើម្បី​ចូលរួម​អនុវត្ត​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​នូវ​ហានិភ័យ​នានា​ពី​ជំងឺ​កូវីដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ដែល​បាន​សម្រេច​បិទ​ការប្រមូលផ្ដុំ​ជួបជុំ​ពិធី​បែប​សាសនា​នានា​។ ការសម្រេច​នេះ​ក៏​យោង​លើ​អនុសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៧ ខែមេសា ផងដែរ​។

សារលិខិត​របស់​ព្រះអង្គ​បាន​ឡាយ​ថា​៖ «​សម្រេច​ដាក់ចេញ​នូវ​ព្រះរាជ​សង្ឃប្រកាស​ប្រគេន​ចំពោះ​មន្ត្រី​សង្ឃ រាជធានី​ខេត្ត​ផ្អាក​កម្មវិធី​ផ្សេងៗ​ដែលមាន​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស​.២៥៦៤ ដែល​សង្ក្រាន្ត​នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​ចន្ទ ទី​ ១៣ មេសា ២០២០ វេលា​ម៉ោង​ ២០ និង​ ៤៥ ​នាទី និង​ការជួបជុំ​នានា​ក្នុង​វត្ត​ទូទាំងប្រទេស​»​។

ចំណែក​ការប្រកាស​របស់​សម្ដេច​សង្ឃនាយក នន្ទ ង៉ែត ក៏មាន​ខ្លឹមសារ​ដូចគ្នា​ដែរ​នឹង​បាន​បញ្ជាក់ថា វត្ត​អារាម​ទាំងអស់​ត្រូវ​ចៀសវាង​កុំ​ឲ្យ​មាន​ការប្រមូលផ្ដុំ​មនុស្ស​ច្រើន​។ ទោះយ៉ាងណា​ព្រះអង្គ​ស្នើ​ឲ្យ​ពុទ្ធបរិស័ទ​រៀបចំ​គ្រឿង​សក្ការបូជា ដូចជា ទៀនធូប និង​ផ្កាភ្ញី នំចំណី ផ្លែឈើ និង​គោរព​ជូន​មាតាបិតា​ត្រកូល​រៀងៗ​ខ្លួន និង​រៀបចំ​ការទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។

លោក សេង សុមុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​មិន​ឲ្យ​មាន​ការឈប់​សម្រាក​នាពេល​បុណ្យចូលឆ្នាំថ្មី ហើយ​បញ្ជាក់ថា វត្ត​អារាម និង​វិហារ​សាសនា​នានា​ក៏​មិនមាន​ការបិទ​ដែរ​។ ប៉ុន្តែ​ពិធី​សាសនា​នានា​ត្រូវធ្វើ​ដោយ​តាម​វិធានការ​ការពារ​ការចម្លង​មេរោគ​នេះ​ដែល​ក្រសួង​សុខាភិបាល​បានដាក់​ចេញ​។

លោក​ថ្លែងថា​៖ «​ការឲ្យ​ព្រះសង្ឃ​គ្រប់​វត្ត​ទាំងអស់​ផ្អាក​ពិធី​ចូលឆ្នាំ​បាន​ន័យថា មិន​ឲ្យ​មាន​ការជួបជុំគ្នា​នៅ​តាម​វត្ត សូត្រមន្ត​ទេសនា​អី លេង​អង្គញ់ លេង​ឈូង ទាញព្រ័ត្រ លោតអន្ទាក់​អីហ្នឹង​នៅតាម​វត្ត គឺ​អត់​ទេ​»​។

លោក​បញ្ជាក់ថា ដើម្បី​ឲ្យ​ការអំពាវនាវ​នេះ​មាន​ប្រសិទ្ធភាព ព្រះសង្ឃ មន្ត្រីរាជការ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធ្វើការ​សហការ​គ្នា​ផ្សព្វផ្សាយ អប់រំ ទប់ស្កាត់​គ្រប់​យន្តការ​ទាំងអស់​រួមគ្នា​។

លោក​ថ្លែង​បន្ត​ថា​៖ «​កន្លងមក​ពេល​ចូលឆ្នាំ​ម្ដងៗ​មាន​គេ​លេង​អង្គញ់ ទាញព្រ័ត្រ​លេង​ឈូង​លេង​អី​នោះ​គឺ​អាជ្ញាធរ​លោក​ជួយ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​។ តែ​ដល់ពេល​យើង​អត់​មាន​អាជ្ញាធរ​ក៏​ជួយ​ការពារ​សុវត្ថិភាព ថែរក្សា​គោលការណ៍​ហ្នឹង​ដែរ​»​។

លោក​ស្នើឲ្យ​ពុទ្ធបរិស័ទ​រៀបចំ​ពិធី​​នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន តែ​មិន​ត្រូវមាន​មនុស្ស​ចូលរួម​ច្រើន​ទេ ហើយ​ក៏​ត្រូវ​អង្គុយ​ឆ្ងាយ​ពី​គ្នា​ដូច​ដែល​ក្រសួង​បានប្រកាស​។ សូម្បី​ការប្រោះព្រំ​ស្រោច​ទឹកជា​ដើម​ក៏​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ដូចគ្នា​ដែរ​៕