ភ្នំពេញ៖ គណៈសង្ឃ​នាយក​កម្ពុជា ​ណែនាំ​ឲ្យ​គ្រប់​វត្ត​អារាម​នៅ​ទូទាំង​ប្រទេស ​ចាប់​ផ្ដើម​ទូង​ស្គរ​ឲ្យ​បាន​ព្រមគ្នា ​ដោយ​មាន​ការ​សូត្រធម៌​តាម​សាសនា​ឲ្យ​បាន​កង​រំពង ​ចាប់​ពី​រសៀល​ថ្ងៃទី ២៣ ​ខែមីនា ​ខាង​មុខ​នេះ​ ដើម្បី​កម្ចាត់​គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង ​ដោយ​មេរោគ​កូវីដ ១៩ ​ប៉ុន្តែ​ការ​ប្រមូល​ផ្តុំ​នេះ​មិន​ចាំបាច់​មាន​មនុស្ស​ច្រើន​ពេក ​ដើម្បី​សូត្រ​ធម៌​នោះ​ទេ។

តាម​សេចក្តី​ប្រកាស​របស់​គណៈសង្ឃ​នាយក ​ចុះ​ថ្ងៃទី ១៦​ ខែ​មីនា បាន​ឲ្យ​ដឹង​ថា ​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ព្រះ​មេគណ ​ព្រះ​គ្រូ​អនុគណ ​ព្រះ​ចៅ​អធិការ​គ្រប់​វត្ត ​និង​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស ​គួរ​ស្វែង​យល់​អំពី​មេរោគ​កូវីដ ១៩ ​ហើយ​ត្រូវ​មាន​វិធានការ​អនាម័យ​ស្អាត​ជានិច្ច ​និង​សុវត្ថិភាព​ចំណី​អាហារ។

សេចក្តី​ប្រកាស​នោះ ​បញ្ចាក់​ថា​៖ ​«គ្រប់​វត្ត​ទូទាំង​ប្រទេស ​ត្រូវ​ទូង​ស្គរ​ឲ្យ​បាន​ព្រម​គ្នា និង​ប្រកាស​សូត្រ​ព្រះធម៌​ មាន​ រតន​សុត្តារម្តៈ ​និង​រតនា​សូត្រ​ជា​ដើម ​ឲ្យ​បាន​កង​រំពង​គ្រប់​វត្ត​អារាម ​ស្រប​តាម​កិច្ច​ដែល​ព្រះមហាអានន្ទត្ថេរ​ដ៏​មាន​អាយុ ​បាន​តាំង​ចិត្ត​ប្រកប​ដោយ​មេត្តា​ចំពោះ​សព្វ​សត្វ​ទាំង​អស់។ រួច​ហើយ​ស្វាធ្យាយ​ នៅ​ក្រុង​វេសាលី ​កាល​ដែល​ព្រះ​អង្គ​គង់​ធរមាន​នៅ​ឡើយ ​ដែល​មាន​ក្នុង​សុគ្គន្តបិដក​ខុទ្ទកនិកាយ​លេខ ​៥២ ​ដើម្បី​កម្ចាត់​បង់​នូវ​ភយន្តរាយ​ទាំង​ឡាយ​ ដែល​កើត​មាន​អំពី​រោគ​អមនុស្ស ​និង​ទុរ្ភិក្ស​ជាដើម ​ឲ្យ​អន្តរធាន​បាត់​ដោយ​ឆាប់​រហ័ស​ក្នុង​ពេល​នោះ​ឯង»។

ជាមួយ​គ្នា​នេះ​ គណៈ​សង្ឃ​នាយក ​សម្តេច នន្ទ ង៉ែត ​ក៏​បាន​អំពាវនាវ​ដល់ ព្រះ​មេ​គណ​ ព្រះ​គ្រូ​អនុគណ ​ព្រះ​ចៅ​អធិការ​គ្រប់​វត្ត និង​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ​អង្គការ​ជាតិ ​អង្គការ​អន្តរ​ជាតិ។ ព្រះអង្គ​បាន​បន្ត​ថា ​ប្រសិន​បើ​ជួប​អ្នក​មាន​អាការ​ក្តៅ​ខ្លួន ​ក្អក ​កណ្តាស់ ​ផ្តាសាយ​ ហៀរ​សំបោរ ​ឈឺ​បំពង់ក ​ត្រូវ​តែ​ជួយ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ជិត​បំផុត ​ដើម្បី​ទទួល​ពិនិត្យ​ និង​ព្យាបាល​បន្ទាន់។

សេចក្តី​ប្រកាស​របស់​ព្រះអង្គ​បញ្ជាក់​ថា​៖ «គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សង្ឃឹម​យ៉ាង​មុតមាំ​ថា ​ព្រះ​មេគណ​ព្រះ​គ្រូ​អនុគណ​ ព្រះចៅអធិការ​គ្រប់​វត្ត ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន ​នឹង​អនុវត្ត​តាម​សេចក្តី​អំពាវនាវ​នេះ​ដោយ​សេចក្តី​ជ្រះ​ថ្លា​ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត»។

គិត​ត្រឹម​ម៉ោង ៩ ព្រឹក​ ថ្ងៃទី ១៧​ មីនា ​កម្ពុជា​បាន​ប្រកាស​ថា ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ​ចំនួន ​២៤ នាក់ ​ខណៈ​ដែល​ចំនួន​នៃ​ការ​រក​ឃើញ​ចុង​ក្រោយ​ ១២ នាក់​ គឺ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម ​ក្នុង​ចំណោម​ខ្មែរ ​អ៊ិស្លាម​ចំនួន ​៧៩ នាក់ ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ពិធី​សាសនា ​នៅ​ប្រទេស ​ម៉ាឡេស៊ី។

លោកស្រី​ ឱ ​វណ្ណឌីន​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​ទេ​ម្សិលមិញ ​ជុំវិញ​ការ​ប្រកាស​របស់​គណៈ​សង្ឃ​នាយក​ ពី​ការ​ជួបជុំ​ទូង​ស្គរ ​សូត្រ​ព្រះធម៌ ​នៅ​ទូទាំង​ប្រទេស។

លោក ​ហែន ភារៈ ​វេជ្ជបណ្ឌិត​ផ្នែក​ផ្លូវ​ដង្ហើម ​ដែល​មាន​បទពិសោធ​ជាង ​២០ ​ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា​ ក្នុង​កាលៈទេសៈ​ដែល​ជំងឺ​កូវីដ ១៩ ​កំពុង​រីក​រាលដាល​ខ្លាំង​យ៉ាង​ដូច្នេះ ​ការ​ជួបជុំ​តាម​គ្រប់​រូបភាព ​គួរ​តែ​ត្រូវ​ផ្អាក ​ជា​ពិសេស​ គឺ​ការ​ជួបជុំ​តាម​លក្ខណៈ​សាសនា​មិន​ថា ​ការ​ជួបជុំ​គោរព​សាសនា​ណា​នោះ​ទេ។

លោក​បញ្ជាក់​ថា​៖ «មិន​ល្អ​ទេ​កាល​ណា ​​ឲ្យ​តែ​មាន​ការ​ជួបជុំ ​ជា​ពិសេស​វត្តមាន​មនុស្ស​ចាស់​ច្រើន។ ភាគ​ច្រើន​មនុស្ស​ចាស់​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ​ដែល​ងាយ​ឆ្លង​ជំងឺ។ ប៉ុន្តែ​បើ​ពិធី​សាសនា​ហ្នឹង​ ត្រូវ​តែ​ធ្វើ ​ដោយ​ខាន​មិន​បាន ​ព្រោះ​ធ្លាប់​ធ្វើ​ពី​មុន​មក​អ៊ីចឹង​ យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា ​ដោយ​ការ​លាង​សម្អាត​ដៃ និង​អនាម័យ​ឲ្យ​បាន​ខ្ពស់ មុន​នឹង​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះសង្ឃ»។

ការ​អះអាង​បែប​នេះ ​ក៏​ព្រោះ​តែ​លោក​មើល​ឃើញ​ថា ​ជំងឺ​កូវីដ ​១៩ ​ងាយ​​នឹង​ឆ្លង​ខ្លាំង​បំផុត​នៅ​លើ​ពិភព​លោក ​តាមរយៈ​​ពិធី​សាសនា ​ដូចជា​ពិធី​សាសនា​នៅ​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​ពិធី​សាសនា​នៅ​ប្រទេស ​ម៉ាឡេស៊ី។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ថា​ បើ​ការ​ជួប​ជុំគ្នា​ក្នុង​ទី​វត្ត​អារាម ​ដែល​ធ្វើ​ឡើង ​ដើម្បី​ទូង​ស្គរ ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​យល់ដឹង​ពី​ជំងឺ​នេះ ដោយ​មាន​អ្នក​ចូលរួម​តិច​បំផុត​ក្រោម ​៥ នាក់​ នោះ​ក៏​ជា​ការ​ល្អ​ដែរ។

លោក​បន្ថែម​ថា​៖ «ការ​ជួបជុំ​គួរ​តែ​មាន​គ្នា​តិច​បំផុត ​ហើយ​ទាល់​តែ​ពិធី​នេះ​ចាំបាច់​ណាស់ ​ហើយ​ការ​ទូង​ស្គរ​ទូង​អី​នេះ ​គឺ​ធ្វើ​ឡើង​ត្រូវ​ហើយ ​ដើម្បី​ជូន​ជា​ដំណឹង​ឲ្យ​មាន​ការ​ប្រុងប្រៀប​ថែ​រក្សា​ផ្ទះ​សំបែង​ ​វត្ត​អារាម​យើង​ឲ្យ​បាន​ស្អាត​បាត​ដោយ​ការ​បោស​លាង​សម្អាត​ មិន​ខុស​ទេ។ កុំ​តែ​​ទូង​ស្គរ​ប្រមូល​បច្ច័យ ​ហើយ​នាំ​គ្នា​មក​ហូប​បាយ​ទឹក​ជុំគ្នា​អី ​គឺ​កុំ​ឲ្យ​សោះ»​៕