ភ្នំពេញៈ សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នន្ទ ង៉ែត កាលពីថ្ងៃទី ១៨ ឧសភា បានចេញលិខិត ១ ច្បាប់ ប្រគេនដល់គ្រប់វត្តទូទាំងប្រទេសមិនឲ្យសង្ឃ ឡុង ចន្ថា ដែលឆាតតាមបណ្តាញសង្គមហ្វេសប៊ុកជាមួយស្រីស្នាក់នៅវត្តក្នុងប្រទេស។ ប៉ុន្តែមេគណខេត្តតាកែវ ព្រះនាម កែវ សាវន ប្រាប់ថា សង្ឃ ឡុង ចន្ថា បានគេចខ្លួនចេញពីវត្តបាត់តាំងពីធ្វើកិច្ចសន្យាម៉្លេះ។
ព្រះសង្ឃ ព្រះពុទ្ធវង្ស ហ៊ូ ឈីវ នេត ជាសមាជិកលេខាធិការដ្ឋានសម្តេចសង្ឃនាយកប្រាប់កាលពីថ្ងៃទី ១៩ ឧសភា ថាកាលពីថ្ងៃទី ១៨ ឧសភា សម្តេច នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានចេញលិខិត ១ ច្បាប់ ដល់គ្រប់វត្តទូទាំងព្រះរាជាណាចក្រកម្ពុជាហាមចៅអធិការគ្រប់វត្តទទួលសង្ឃនាម ឡុង ចន្ថា ស្នាក់នៅក្នុងវត្តជាដាច់ខាត។ ប៉ុន្តែបើឃើញព្រះសង្ឃ ឡុង ចន្ថា គឺត្រូវតែឲ្យលោកអនុវត្តតាមកិច្ចសន្យា និងគ្មានការចាប់ចង ឬឃាត់ខ្លួនអ្វីឡើយ។
ព្រះអង្គមានថេរដីកាបន្តថា៖ «ដោយសារលោកមិនបានចូលខ្លួនសឹកតាមកិច្ចសន្យាអ៊ីចឹងហើយ បើគ្រប់វត្តឃើញលោកគឺឲ្យលោកអនុវត្តតាមកិច្ចសន្យាតែប៉ុណ្ណឹង»។
ព្រះមេគណខេត្តតាកែវ ព្រះនាម កែវ សាវន មានថេរដីកាកាលពីថ្ងៃទី ១៩ ឧសភា ថា ព្រះសង្ឃនាម ឡុង ចន្ថា បានចូលខ្លួនធ្វើកិច្ចសន្យាជាមួយព្រះអង្គនៅថ្ងៃទី ១៤ ឧសភា បានសរសេរលិខិត ១ ច្បាប់ ដោយសន្យាថានឹងលាចាកសិក្ខាបទជាគ្រហស្ថវិញ។ ប៉ុន្តែចាប់តាំងពីថ្ងៃនោះមក សង្ឃនាម ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបុរី ឃុំព្រែកថ្កោល ស្រុកអង្គរបុរី ខេត្តតាកែវបានគេចខ្លួនចេញពីវត្តបាត់ហើយ។
ព្រះមេគណមានថេរដីកាថា៖ «កិច្ចសន្យាហ្នឹងគ្រាន់តែលាចាកសិក្ខាបទទេតែលោកស្ម័គ្រចិត្ត គ្មាននរណាបង្ខិតបង្ខំលោកទេ»។
ព្រះសង្ឃព្រះនាម ប៊ត តាំងឆេង ជាព្រះមេគុណខេត្តកំពង់ចាមមានថេរដីកាកាលពីថ្ងៃទី ១៩ ឧសភា ដែរថា ព្រះអង្គបានទទួលលិខិតរបស់ព្រះសង្ឃនាយករួចហើយ។ អត្ថន័យក្នុងលិខិតនោះបានបញ្ជាក់ថា ហាមចៅអធិការគ្រប់វត្តក្នុងប្រទេសកម្ពុជាមិនត្រូវទទួលឲ្យសង្ឃ នាម ឡុង ចន្ថា ស្នាក់នៅក្នុងវត្តទេ ហើយត្រូវឲ្យសង្ឃ ឡុង ចន្ថា អនុវត្តទៅតាមកិច្ចសន្យាលាចាកសិក្ខាបទ។
ព្រះអង្គមានថេរដីកាថា៖ «ធ្វើម៉េចបើសម្តេចព្រះសង្ឃរាជលោកដាក់អ៊ីចឹង យើងត្រូវតែអនុវត្តទៅតាមលិខិតនោះទៅហើយបើឃើញសង្ឃ ឡុង ចន្ថា គឺនិមន្តលោកទៅជួបសម្តេចតែម្តងក៏ល្អ»។
តាមលិខិតរបស់សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានសរសេរថា គណៈសង្ឃនាយកសូមប្រគេនព្រះមេគុណទាំង ២៥ រាជធានី-ខេត្តជ្រាបថា ឆ្លងតាមសង្ឃសវនាការ និងដំណោះស្រាយរបស់សាលាគណខេត្តតាកែវលើអធិករណ៍ភិក្ខុ ឡុង ចន្ថា រួចមកឃើញថា សាលាគណអនុវត្តចំណាត់ការបានល្អត្រឹមត្រូវតាមវិន័យពុទ្ធសាសនាហើយ។
ប៉ុន្តែភិក្ខុ ឡុង ចន្ថា ពុំបានអនុវត្តកិច្ចសន្យារបស់ខ្លួនក្នុងការលាចាកសិក្ខាបទនៅថ្ងៃទី ១៤ ឧសភា ឆ្នាំ ២០២០ នោះឡើយថែមទាំងបានរំលោភលើកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសាមកហើយ។
គណៈសង្ឃនាយកចាត់ទុក ភិក្ខុ ឡុង ចន្ថា ជាបុគ្គលរឹងរូសមិនលុះធម៌វិន័យ និងការអប់រំជាអ្នកប្រទូសរ៉ាយសាសនាជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទម្លុះរដ្ឋបាលសង្ឃពុំអាចឲ្យស្ថិតនៅក្នុងភេទជាបព្វជិតក្នុងពុទ្ធសាសនាបន្តទៀតបានឡើយ។
អាស្រ័យហេតុនេះសូមព្រះមេគណគ្រប់រាជធានី-ខេត្តកុំផ្តល់អាវាសដល់បុគ្គលរូបនេះឲ្យស្នាក់នៅបន្តក្នុងសាសនានេះតទៅទៀត។ ផ្ទុយទៅវិញបើឃើញបុគ្គលរូបនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការឲ្យលាចាកសិក្ខាបទតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ៕