ភ្នំពេញៈ​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា សម្ព័ន្ធ​សហជីព​ធំៗ​ចំនួន ៨ និង​សមាជិក​ប្រមាណ ២០០០ នាក់​ នៅ​តែ​បង្ហាញ​ពី​បំណង​ហែ​ក្បួន​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ស្រប​ពេល​ដែល​សាលា​រាជធានី​ភ្នំពេញ​បដិសេធ​ការ​ហែ​ក្បួន​នេះ។

លោក​បាន​ថ្លែងថា៖ «យើង​បានធ្វើ​លិខិត​ជូនដំណឹង​ទៅ​សាលាក្រុង​តាំងពី​ថ្ងៃទី ៧ ខែ​មីនា​មក ហើយ​កាល​ថ្ងៃទី ២៣ ខែ ​មេសា ខាង​សាលា​ក្រុង អញ្ជើញ​ខាង​យើង​ទៅ​ជួប​ហើយ​គេ​អត់​ឱ្យ​ហែ​ក្បួន​ទេ ប៉ុន្ដែ​គេ​ឱ្យ​រៀបចំ​កម្មវិធី​នៅ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ឥឡូវ​យើង​នឹង​រៀបចំ​ទៅ​តាម​ហ្នឹង»។

ទាក់ទង​នឹង​គម្រោង​ហែ​ក្បួន​នេះ​លោក អាត់ ធន់ បាន​ឲ្យ​ដឹងថា សហជីព​បាន​ត្រៀម​មនុស្ស​ប្រមាណ ២ ពាន់​នាក់ សហជីព​ជាង ១០០ និង​សហព័ន្ធ​សហជីព​ធំៗ​ចំនួន។

លោក​បញ្ជាក់ថា៖ «យើង​នឹង​ធ្វើតាម​កម្មវិធី និង​មើល​តាម​ស្ថានភាព​ជាក់ស្ដែង។​យើង​នៅ​តែ​ចង់​ហែ​ក្បួន​ដដែល តែ​ចាំមើល​តាម​លទ្ធភាព​ជាក់ស្ដែង»។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ម្សិលមិញ​ដែរ​ថា មាន​សម្ព័ន្ធ​សហជីព​ធំៗ​បាន​ដាក់​លិខិត​ចំនួន ៤ ដើម្បី​ស្នើសុំ​ប្រារព្ធ​ពិធី និង​ហែ​ក្បួន​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្ដរជាតិ ១ ឧសភា ហើយ​សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ពិធី​នេះ​តែ​នៅ​តាម​ទីតាំង​របស់​ពួកគាត់​ប៉ុន្ដែ​មិន​ឱ្យ​ហែ​ញត្ដិ​ទេ។

លោក មាស​ភក្ដី បាន​បញ្ជាក់ថា៖ «ក្នុង ៤ សហជីព​នេះ មាន ១ ធ្វើ​នៅ​ទីតាំង​របស់​គាត់​នៅ ​សែន សុខ ២ ទៀត​ធ្វើ​នៅ​សួន​ប្រជា​ធិបតេយ្យ និង ១ ទៀត​ធ្វើ​នៅ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC។ យើង​អាច​ឱ្យ​គាត់​បញ្ចូន​តំណាង​របស់​ពួកគាត់​ទៅ​ដាក់​ញត្ដិ​នៅ​គោលដៅ​របស់​ពួកគាត់ ប៉ុន្ដែ​មិន​ឱ្យ​មាន​ការ​ហែក្បួន​ទេ​ព្រោះ​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ចរាចរណ៍»។

ចំពោះ​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្ដរជាតិ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​មាន​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ជា​តំណាងរួម​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​ មេសា​ បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ខួប​លើក​ទី១៣៣ ក្រោម​ប្រធាន​បទ «កិច្ច​គាំពារ​សង្គម​ដើម្បី​ផលិតភាព» រួច​ហើយ។

លោក អ៊ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បានលើកឡើង​ថា តាមរយៈ​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៧ ភាគរយ ក្នុង​រយៈពេល ២ ទសវត្សរ៍ រាជ​រដ្ឋាភិបាល​បាន​បង្កើត​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​បាន​ជា​ច្រើន​ក្នុង​អត្រា ៩៩,៣ ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ១០ លាន​នាក់។

លោក​បាន​បន្តថា រដ្ឋាភិបាល​ក៏បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុ​ភាគី ក្នុង​កិច្ច​ការពារ​សិទ្ធិ​ពលករ​ទេសន្តរ​ប្រវេសន៍​កម្ពុជា​ដែល​មាន​ចំនួន​ជាង ១,២ លាន​នាក់ ហើយ​ដែល​បាន​បញ្ជូន​ប្រាក់​បញ្ញើ​មក​ក្នុង​ប្រទេស​ជាង ២ ពាន់​លាន​ដុល្លារ​ក្នុង ១ ឆ្នាំ​ផងដែរ។

លោក អ៊ិ​ត សំហេង បន្ថែមថា រដ្ឋាភិ​បាល​បាន​យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ​ផ្នែក​សុវត្ថិភាព និង​សន្តិសុខ​ការងារ​របស់​កម្មករ និយោជិត ដោយ​មក​ទល់​ពេល​នេះ​រោងចក្រ សហគ្រាស​ប្រមាណ ៨៨ ភាគរយ​មាន​គិលានដ្ឋាន​ប្រចាំ​រោងចក្រ កន្លែង​ហូប​បាយ បន្ទប់​បំបៅកូន និង​ទារកដ្ឋាន និង​បណ្ណាល័យ​សម្រាប់​កម្មករ​អាន​ជាដើម។

ក្រៅពីនោះ​លោក​ក៏​បង្ហាញ​ពី​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ ១៨២ ដុល្លារ ក្នុង ១ ខែ ការ​ប្តេជ្ញា​ចិត្ត​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​ដើម្បី​ឆ្ពោះ​ទៅ​បញ្ចប់​ពលកម្ម​កុមារ​នៅ​ឆ្នាំ ២០២៥ និង​បាន​ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ពិសេស​សមាគម​និយោជក អង្គការ​សហជីព កម្មករ​និយោជិត​ត្រូវ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការងារ​សំខាន់ៗ​ផងដែរ៕