ក្រចេះ: ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ដ​ក្រចេះ​បង្គាប់​ឲ្យ​ឃុំខ្លួន​ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ គង់ គ្រឹង និង​កូនប្រសា​ឈ្មោះ​ ម៉ាត់ ណាស៊ាត នៅ​ពន្ធនាគារ​ខេត្ដ​ក្រចេះ​ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ​ពី​ករណី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ឃាត់ខ្លួន​កាលពី​សប្ដាហ៍​មុន​។

ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ចុះ​ថ្ងៃទី​ ១៧ សីហា​របស់​ចៅក្រម​ស៊ើបសួរ​​ ម៉េង តូនី បាន​បញ្ជាក់​ថា​ឈ្មោះ​ គង់ គ្រឹង និង​ឈ្មោះ​ ម៉ាត់ ណាស៊ាត ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការពិនិត្យ​ពីបទ «​ប្រមូលផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត និង​នាំចេញ​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​» ប្រព្រឹត្ត​នៅ​ភូមិ​ច្រាបថ្មី ឃុំ​ស្នួល ស្រុក​ស្នួល​កាលពី​អំឡុង​ឆ្នាំ​ ២០១៨ និង​ឆ្នាំ​ ២០១៩ តាម​បញ្ញត្តិ​មាត្រា ៩៨ កថាខណ្ឌ​ ២ ចំណុច​ ១ និង​ចំណុច​ ៧ ​នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​។

ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បាន​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កងកម្លាំង​សាធារណៈ​ធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ដែល​មាន​ឈ្មោះ​ គង់ គ្រឹង និង ឈ្មោះ ម៉ាត់ ណាស៊ាត ទៅ​ពន្ធនាគារ​ខេត្ដ​ក្រចេះ​ដោយ​អនុវត្ដ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​។ បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ដ​ក្រចេះ ទទួល និង​ឃុំ​ជននេះ រហូត​ដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​»​។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​ក្រចេះ​ឲ្យ​ដឹង​ថា​ជនជាប់ចោទ​ឈ្មោះ គង់ គ្រឹង ភេទ​ប្រុស អាយុ​ ៥៥ ​ឆ្នាំ​ជាតិ​ខ្មែរ ទីកន្លែង​កំណើត​នៅ​ភូមិ​ត្រពាំងស្រង់ ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខេត្ដ​តាកែវ​។ បច្ចុប្បន្ន​រស់នៅ​ភូមិ​ច្រាប​ថ្មី ឃុំ​ ២ ​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ​មាន​បុខរបរ​ជា​យោធា​។ ចំណែក​ជនជាប់ចោទ​ជា​កូនប្រសា​ឈ្មោះ ម៉ាត់ ណាស៊ាត ភេទ​ប្រុស អាយុ ៣៨ ​ឆ្នាំ​ជនជាតិ​ខ្មែរ-អ៊ិស្លាម ទីកន្លែង​កំណើត​នៅ​ភូមិ​ជីមាន់ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម​។ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ដ​ក្រចេះ​មាន​មុខរបរ​ម្ចាស់​សិប្បកម្ម​។

ឧកញ៉ា​ គង់ គ្រឹង និង​កូនប្រសា​ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​សម្រេច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​ ១៥ ខែ​សីហា បន្ទាប់ពី​សួរនាំ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តក្រចេះ​។ ក្រោយពី​ឃាត់ខ្លួន​នេះ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​ ១៦ ខែ​សីហា​សមត្ថកិច្ច​បាន​នាំខ្លួន ឧកញ៉ា គង់ គ្រឹង ទៅ​ឆែកឆេរ​ដល់​ផ្ទះ និង​កន្លែង​កែច្នៃ​ឈើ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ផង​ដែរ​។

គួររំឭក​ថា​ការឃាត់​ខ្លួន​ឧកញ៉ា គង់ គ្រឹង និង​កូនប្រសា​បាន​ធ្វើ​ឡើង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក សៅ សុខា អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​មាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ និង​អាវុធហត្ថ​ខេត្តក្រចេះ​។

លោក​ អេង ហ៊ី អ្នក​នាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា គណៈកម្មការ​នៅតែ​បន្ត​រឹតបន្តឹង​ចំពោះ​ជនប្រព្រឹត្ដ​បទស្មើស​ព្រៃឈើ​បែប​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ដដែល​។

លោក​ថ្លែង​ថា​៖ «​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ដ​បទល្មើស​យើង​នៅតែ​បង្ក្រាប​ដដែល​។ ចំណែក​មធ្យោបាយ យើង​នៅ​តែ​ដុត​បំផ្លាញ​ចោល​នូវ​មធ្យោបាយ​ណា​ដែល​ជា​មធ្យោបាយ​បំផ្លាញ​ព្រៃឈើ​។ យើង​ក៏​សូម​ឲ្យ​មាន​ការចូលរួម​ទាំងអស់​គ្នា ទាំង​មន្ដ្រី​រាជការ កម្លាំង​ប្រដាប់អាវុធ​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ដើម្បី​រក្សា​​ព្រៃឈើ​យើង​ឲ្យ​បាន​គង់វង្ស​»​។

ពាក់ព័ន្ធ​លទ្ធផល​នៃ​ការចុះពិនិត្យ​ផ្ទាល់​ដល់​ផ្ទះ​ជនជាប់ចោទ​ខាងលើ​កាលពី​ថ្ងៃ​សៅរ៍ ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបកស្រាយ​បន្ថែម​ពី​លោក​ សាន្ត ប៊ុនថាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​ក្រចេះ​បាន​ទេ​កាលពី​ម្សិលមិញ​។ លោក​ ទាវ វុធធេន អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​ខេត្ដ​ក្រចេះ​ប្រាប់ថា​មិន​អាច​បកស្រាយ​បាន​ទេ ព្រោះ​មិន​បាន​ចូលរួម​ពិនិត្យ​។

លោក​ ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ​អបអរសាទរ​ចំពោះ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​គណៈកម្មការ​ជាតិ និង​សមត្ថកិច្ច​នេះ​។ ប៉ុន្ដែ​លោក​សំណូមពរ​ឲ្យ​តុលាការ​បន្ត​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​ជន​ពាក់ព័ន្ធ​បន្ថែម​ទៀត ព្រោះ​បទល្មើស​នេះ​អាច​ធ្វើ​ទៅ​បាន​គឺ​មាន​អ្នក​ពាក់ព័ន្ធ​ច្រើន​នៅ​មូលដ្ឋាន​។

សកម្មជន​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​យើង​ទាមទារ​ឲ្យ​បើក​ការស៊ើបអង្កេត មិនមែន​តែ​ឧកញ៉ា គង់ គ្រឹង ម្នាក់​ទេ​នៅ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ច្រើន​ទៀត​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ការរត់ពន្ធ​ឈើ​ខុសច្បាប់​ជាច្រើន​ឆ្នាំ​កន្លង​មក​ពី​ប្រទេស​កម្ពុជា​យក​ទៅ​ប្រទេស​វៀតណាម​»៕