ព្រះសីហនុៈ អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​លោក លឹម ប៊ុនហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា សាលាដំបូង​ខេត្ដ​ព្រះសីហនុ​នឹង​បើក​សវនាការ​នៅ​ថ្ងៃទី​ ២៥ ខែមិថុនា​ ខាង​មុខ​នេះ​លើ​សំណុំរឿង​បាក់​រលំ​អគារ​កម្ពស់​ ៧ ​ជាន់​ នៅ​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២២ ខែ​មិថុនា ឆ្នាំ​ ២០១៩ ដែល​មាន​ជនរងគ្រោះ​ស្លាប់ និង​របួស​ជិត​ ៥០ ​នាក់​។

ក៏ប៉ុន្តែ​លោក ប៊ុនហេង មិនទាន់​អាច​បញ្ជាក់​ជាមុន​បាន​នៅ​ឡើយ​ទេ ជុំវិញ​ដំណើរការ​ជំនុំជម្រះ​ក្ដី​លើ​ករណីនេះ​ដោយ​លោក​អះអាង​ថា កំពុង​ស្ថិត​នៅក្នុង​សមត្ថកិច្ច​របស់​ចៅក្រម​ជា​អ្នកសម្រេច​នៅពេល​ជំនុំជម្រះ​ក្ដី​។ លោក​ថ្លែងថា​៖ «​ការបើក​សវនាការ​នេះ​តុលាការ​បាន​កំណត់​កាលបរិច្ឆេទ​បែបនេះ ចំណែក​ភាគី​ដែល​ពាក់ព័ន្ធ​មាន​មេធាវី​ជាដើម គាត់​នឹង​ចូលរួម​តាម​ការកោះហៅ​របស់​តុលាការ​នៅ​ថ្ងៃទី​ ២៥ ខែ​មិថុនា​»​។

ទាក់ទិន​នឹង​ការបើក​សវនាការជម្រះ​ក្ដី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ជិត​ ៥០ ​នាក់​នេះ​កាលពី​ខែ​ឧសភា​កន្លង​ទៅ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​សែន​ធ្លាប់​បាន​បង្ហាញ​ការខកចិត្ត ដោយសារ​សំណុំ​រឿង​នេះ​ត្រូវ​បាន​លើក​ពេល​ជា​បន្តបន្ទាប់​។

ដោយ​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ «​សម្តេច​តេជោសែន​» ​បាន​អះអាង​ថា កាលពី​ថ្ងៃទី​ ២៧ ខែ​ឧសភា ពួកគាត់​បាន​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ចូលរួម​សវនាការ​ការពារ​សិទ្ធិ​ជូន​ជនរងគ្រោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​បាក់រលំ​អគារ​នេះ​។ ​ប៉ុន្តែ​គួរឱ្យ​សោកស្តាយ​ដែល​សវនាការ​ត្រូវ​បាន​ក្រុមប្រឹក្សា​សម្រេច​លើកពេល​ដោយ​មូលហេតុ​មេធាវី​ការពារ​ជនជាប់ចោទ​ម្នាក់​អវត្តមាន និង​មេធាវី​ការពារ​ជន​ជាប់ចោទ​ម្នាក់ទៀត​សុំ​លើក​ពេល​។

ក្រុម​មេធាវី​ស្ម័គ្រចិត្ត​បន្ថែម​ថា​៖ «​ពេលវេលា​ក្នុង​ការធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ផង និង​ក្នុង​ខណៈពេល​ដែល​ជនរងគ្រោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជាច្រើន​រូប​កំពុង​ទន្ទឹងរង់ចាំ​ទទួល​យុត្តិធម៌​ជិត​ ១ ​ឆ្នាំ​ទៅ​ហើយ​ផង​»​។

លោក​ ឈី សម្បត្ដិ អនុប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ដ​សម្តេចតេជោ​សែន​ពី​ម្សិលមិញ​ថា​៖ «​សម្រាប់​ករណី​នេះ​មេធាវី​នៃ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេចតេជោ​សែន​បាន​ខិតខំ​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​។ ចំពោះ​កិច្ចការ​ផ្សេង​ទៀត​ខ្ញុំ​មិនអាច​បញ្ជាក់​ជូន​បានទេ​ដោយសារ​នេះ​ជា​ការសម្ងាត់​វិជ្ជាជីវៈ​ហើយ​កំពុង​តែ​ស្ថិត​នៅក្នុង​នីតិវិធី​របស់​តុលាការ​»​។

កាលពី​ខែ​កក្កដា​ឆ្នាំ​មុន ក្រុម​ជនរងគ្រោះ​ជិត​ ៥០ ​គ្រួសារ​ ក្នុង​ឧបទ្ទវហេតុ​បាក់រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​នេះ ធ្លាប់​បាន​ជំរុញ​តាមរយៈ​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ស្វែងរក​យុត្តិធម៌ ខណៈ​សំណុំ​រឿងនេះ​ពួកគេ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ក្រុមហ៊ុន​ចិន​ក្នុង​ម្នាក់ៗ​ពី​ ២ ​ម៉ឺន​ដុល្លារ​ដល់​ជាង​ ១០ ម៉ឺន​ដុល្លារ​។

កាលពី​ថ្ងៃ​ ២២ ខែ​មិថុនា ឆ្នាំមុន អគារ​កម្ពស់​ ៧ ​ជាន់​ខាងលើ​បាន​បាក់​រលំ​ធ្វើ​ឲ្យ​កម្មករ​ ២៨ ​នាក់​ស្លាប់ និង​ ២៦ ​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​។ ២ ​ថ្ងៃ​ក្រោយមក​មាន​អ្នកទទួលខុសត្រូវ និង​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់​ជនជាតិ​ចិន​ ៤ ​នាក់​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន​៕