
លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការថ្ងៃទី ៤ នៃសប្ដាហ៍ទី ២ កាលពីព្រឹកម្សិលមិញអំពីសំណុំរឿងសន្ទិដ្ឋភាពជាមួយបរទេសរបស់លោក កឹម សុខា ជាសវនាការដែលក្រុមមេធាវី និងតំណាងអយ្យការបានសួរដេញដោលលោក កឹម សុខា អំពីខ្លឹមសារក្នុងវីដេអូរយៈពេល ១ ម៉ោង ដែលលោកថ្លែងនៅអូស្ដ្រាលីក្នុងឆ្នាំ ២០១៣។
ក្នុងសវនាការនេះលោក កឹម សុខា បានថ្លែងថាក្នុងនាមជាអ្នកនយោបាយ លោកតែងប្រកាន់យកគោលការណ៍ និងយុទ្ធសាស្ដ្រអហិង្សាក្នុងការប្រកួតប្រជែងនយោបាយ ហើយកាលលោកទៅរៀនពីអ្នកជំនាញការនៅអាមេរិកកន្លងមកក៏រៀនពីគោលការណ៍សិទិ្ធមនុស្ស និងលទ្ធិប្រជាពលរដ្ឋដែរ។
លោកថា៖ «អ្នកជំនាញការហ្នឹងដូចខ្ញុំបញ្ជាក់ គឺជាសាស្ដ្រាចារ្យហើយសាស្ដ្រាចារ្យមិនមែនបង្រៀនឱ្យរំលោភសិទ្ធិមនុស្សទេ គឺបង្រៀនឱ្យយល់ពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំរៀនអំពីប្រជាធិបតេយ្យ ខ្ញុំអត់ដែលរៀនបដិវត្តន៍ពណ៌ហើយក៏មិនដែលរៀនយុទ្ធសាស្ដ្រយោធាដែរ»។
លោក កឹម សុខា បន្តថា ការផ្លាស់ប្ដូរមេដឹកនាំពីអតីតកាលតែងមានការបង្ហូរឈាមខ្មែរគ្នាឯងគឺដោយសារការផ្លាស់ប្ដូរទាំងនោះមិនបានធ្វើឡើងតាមឆន្ទៈពលរដ្ឋ។ លោកបញ្ជាក់ថាដើម្បីកុំឱ្យមានការផ្លាស់ប្ដូរបង្ហូរឈាមគ្នាតទៅទៀតគឺមានតែការចុះទៅពន្យល់ពលរដ្ឋដើម្បីឱ្យយល់ដឹងពីសិទ្ធិ និងដើម្បីឱ្យពួកគេបញ្ចេញសិទ្ធិជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត។
លោកថា៖ «ខ្ញុំឃើញ ជម្លោះនៅកម្ពុជាដែលផ្លាស់ប្ដូរមេដឹកនាំគឺសុទ្ធតែតាមរយៈបង្ហូរឈាមហើយមិនតាមឆន្ទៈពលរដ្ឋទេ។
អ៊ីចឹង!ខ្ញុំបានចុះពន្យល់ពលរដ្ឋឱ្យយល់ដឹងពីសិទ្ធិដើម្បីឱ្យពលរដ្ឋបញ្ចេញសិទ្ធិដើម្បីចូលរួមឱ្យមានការផ្លាស់ប្ដូរមេដឹកនាំតាមរយៈការបោះឆ្នោត ដោយអត់មានតាមរដ្ឋប្រហារផ្ដួលរំលំទេ»។
ការឆ្លើយបំភ្លឺរបស់លោក កឹម សុខា នេះគឺបន្ទាប់ពីខាងអយ្យការ និងមេធាវីដើមបណ្ដឹងបានសួរដេញដោលអំពីសកម្មភាពរបស់លោកចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៧ ជាពេលដែលលោក សុខា ធ្វើជាតំណាងរាស្ដ្រគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០២ និងពេលលោក កឹម សុខា ដកខ្លួនពីឆាកនយោបាយមួយរយៈដើម្បីបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៧ និងមូលហេតុដែលលោកទៅថ្លែងនៅអូស្ដ្រាលីក្នុងឆ្នាំ ២០១៣។
លោក កឹម សុខា បានបញ្ជាក់ថា មូលហេតុដែលលោកទៅអូស្ដ្រាលី គឺដើម្បីថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រនៅទីនោះដើម្បីថ្លែងអំណរគុណ និងដើម្បីបញ្ជាក់ពីជំហរអហិង្សារបស់លោក ខណៈមានអ្នកគាំទ្រខ្លះមិនពេញចិត្ត និងរិះគន់ ពេលឃើញអតីតបក្សសង្គ្រោះជាតិព្រមចូលតុចរចាជាមួយគណបក្សប្រជាជនកម្ពុជាអំពីការខ្វែងគំនិតគ្នាជុំវិញលទ្ធផលបោះឆ្នោត ឆ្នាំ ២០១៣ ហើយឈប់ធ្វើបាតុកម្ម។
លោក កឹម សុខា បន្ថែមថាអ្វីដែលលោកបានថ្លែងក្នុងវីដេអូថា មានគេចង់ឱ្យលោកជ្រើសរើសយកការផ្លាស់ប្ដូរនៅកម្ពុជាតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ីគឺអ្នកទាំងនោះជាពលរដ្ឋខ្មែរមួយចំនួនដែលនៅអាមេរិក។ លោកបន្តថា លោកបានបដិសេធមិនយកគំរូផ្លាស់ប្ដូរមេដឹកនាំតាមប្រទេសយូហ្គោស្លូវ៉ាគីនោះទេ ដោយសារខុសទៅបំណងរបស់លោកដែលចង់ផ្លាស់ប្ដូរតាមបែបអហិង្សា និងមិនចង់ឱ្យខ្មែរបង្ហូរឈាម។
លោក កឹម សុខា បញ្ជាក់ថា ការមិនយកគំរូតាមប្រទេសយូហ្គោស្លាវី គឺដោយសារលោកមិនចង់យកក្បាលទៅជល់នឹងថ្ម។
នៅក្នុងសវនាការនេះលោក ផេង ហេង មេធាវីការពារក្ដីឱ្យលោក កឹម សុខា បានស្នើសុំប្រធានក្រុមប្រឹក្សាជំនុំជម្រះឈប់ឱ្យមានការសួរដេញដោលពីការលើកឡើងរបស់លោក កឹម សុខា នៅវីដេអូរយៈពេលជាង ១ ម៉ោង ដែលភាគីខាងលោកបានដាក់ធ្វើភ័ស្ដុតាងដោះបន្ទុក ប៉ុន្តែចង់ឱ្យតុលាការសួររកពីអង្គហេតុលោក កឹម សុខា ប្រព្រឹត្តនៅកន្លែងណា និងអ្នកណាជាអ្នករងគ្រោះ?
ប៉ុន្តែប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអះអាងថា ការពិភាក្សាដេញដោលនេះគឺជាការសម្រេចបានដែលធ្វើឡើងនៅសវនាការកាលពីថ្ងៃទី ២២ មករា និងថា ការសួរដេញដោលនោះគឺមិនខុសប្រធានបទឡើយ ហើយភ័ស្ដុតាងបន្ថែមជាខ្សែវីដេអូជាង ១ ម៉ោងនឹងគ្មានប្រយោជន៍ បើគ្មានការជជែកគ្នា។
យ៉ាងណាក្ដីលោក កឹមសុខា ក៏ត្រូវបានក្រុមមេធាវីការពារក្ដីឱ្យលោកសួរបញ្ជាក់អំពីការថ្លែងនៅប្រទេសអូស្ដ្រាលីផងដែរ មុនពេលប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថា សវនាការរឿងក្ដីលោក កឹម សុខា នៅថ្ងៃទី ៤ គឺធ្វើឡើងតែមួយព្រឹក ហើយនឹងមានបន្តសវនាការទៀតនៅថ្ងៃពុធ និងព្រហស្បតិ៍សប្ដាហ៍ក្រោយ៕