
លោក ហ៊ុយ វណ្ណៈ ប្រធានសហព័ន្ធសហភាពអ្នកសារព័ត៌មានកម្ពុជា។ រូបថត សហការី
ភ្នំពេញៈ សហព័ន្ធសហភាពអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដោយមានការចូលរួមសហការពីក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី និងអង្គភាពប្រឆាំងអំពើពុករលួយនឹងចាប់ផ្ដើមធ្វើយុទ្ធនាការមួយ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយព័ត៌មានពិត និងត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់តម្លៃរបស់សង្គម ប៉ុន្តែយុទ្ធនាការនេះនឹងមិនប្រឆាំងទៅនឹងសិទ្ធិសេរីភាពបញ្ចេញមតិឡើយ។
លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីថ្ងៃអង្គារថា យុទ្ធនាការព័ត៌មានស្អាត គឺជាយុទ្ធនាការមួយ ដើម្បីដាស់ស្មារតីឱ្យមានការចូលរួមផ្សព្វផ្សាយព័ត៌មាន និងសម្ដែងមតិដោយឈរលើគោលការណ៍ការពិត និងត្រឹមត្រូវដែលស្មារតីនេះគឺមានប្រយោជន៍ក្នុងការកសាងតម្លៃនៅក្នុងសង្គម។
លោកបន្តថា យុទ្ធនាការនេះគឺធ្វើយ៉ាងណា ដើម្បីចៀសវាងកុំឱ្យមានការផ្សាយព័ត៌មាន និងបញ្ចេញមតិដែលមានលក្ខណៈធ្វើឱ្យសង្គមមើលទៅហាក់បីដូចជាគ្មានសង្ឃឹម។ លោកថា៖ «យុទ្ធនាការហ្នឹងមិនខ្ទាស់ជាមួយសេរីភាពបញ្ចេញមតិ និងសិទ្ធិបញ្ចេញមតិទេ ប៉ុន្តែយើងចៀសវាងការបញ្ចេញពាក្យសម្ដីណាមួយដែលមានលក្ខណៈមួលបង្កាច់ការពិតរបស់សង្គមធ្វើឱ្យសង្គមហ្នឹងមើលទៅហាក់ដូចជាគ្មានសង្ឃឹម»។
លោកបន្ថែមថាការធ្វើយុទ្ធនាការនេះគឺដើម្បីចូលរួមដោះស្រាយបញ្ហាសង្គម ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាឆ្ពោះទៅរកភាពស៊ីវិល័យតាមបែបកេរដំណែលខ្មែរ និងមានអរិយធម៌ថ្លៃថ្នូរដែលទាំងនេះ គឺចាំបាច់ត្រូវចាប់ផ្ដើមពីប្រជាពលរដ្ឋថ្លៃថ្នូរដែរ។
លោកបានលើកឡើងទៀតថា យុទ្ធនាការនេះនឹងជួយឱ្យប្រជាពលរដ្ឋត្រូវចេះប្រយ័ត្នក្នុងការទទួលបានព័ត៌មាន ពិសេសការផ្សព្វផ្សាយព័ត៌មានដោយអ្នកផ្សព្វផ្សាយព័ត៌មានពលរដ្ឋ អ្នកព័ត៌មានតាមបណ្ដាញសង្គម និងការផ្សព្វផ្សាយព័ត៌មានបំពុលខុសពីការពិតដែលធ្វើឡើងពីសំណាក់អ្នកផ្សាយមនោគមន៍វិជ្ជាព័ត៌មានពីក្រៅប្រទេស ប៉ុន្តែលោកមិនព្រួយបារម្ភចំពោះអ្នកសារព័ត៌មានវិជ្ជាជីវៈដែលមានស្ថាប័នត្រឹមត្រូវឡើយ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ ស.ស.ស.ក បានឱ្យដឹងដែរថា យុទ្ធនាការ «សារព័ត៌មានស្អាត» គឺនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០ នៅអគារសេរីភាពដែលជាទីស្នាក់ការកណ្ដាលរបស់ ស.ស.ស.ក នឹងបើកឱ្យមានការចូលរួមពីសំណាក់អ្នកសារព័ត៌មាន និស្សិត អ្នកនិយមបណ្ដាញសង្គម សិល្បករ និងសាធារណជន។
សេចក្ដីប្រកាសព័ត៌មាននេះបន្តថា យុទ្ធនាការនេះគឺមានគោលបំណង ៣ យ៉ាងគឺលុបបំបាត់ការផ្សព្វផ្សាយរូបភាពហិង្សា ភាសាអសុរោះ ព័ត៌មានក្លែងក្លាយ ការចូលរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីកសាងសង្គមស្អាតស្អំ សម្រាប់អនាគតដ៏ប្រសើររបស់កម្ពុជា និងដើម្បីជំរុញឱ្យមានការចូលរួមពង្រឹងការផ្សព្វផ្សាយខ្លឹមសារជាវិជ្ជមាន ដើម្បីរួមចំណែកពង្រឹងសីលធម៌សង្គម សុចរិតភាព និងអភិបាលកិច្ចល្អរួមទាំងផ្សព្វផ្សាយអំពីសក្ដានុពលជាតិ និងអារ្យធម៌ដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋកម្ពុជានៅឆាកអន្តរជាតិ។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថាកន្លងមកពិតជាមានការផ្សព្វផ្សាយព័ត៌មានមួយចំនួននាំឱ្យមានផលអវិជ្ជមានដល់សង្គមមែនដែលការផ្សាយនោះធ្វើឡើងដោយអ្នកព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គមដូចជាអ្នកដែលតាំងខ្លួនជាអ្នកសារព័ត៌មានផង និងតាំងខ្លួនជាចាងហ្វាងស្ថាប័នសារព័ត៌មានផង ហើយអ្នកខ្លះទៀតថែមទាំងមិនបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងនោះទេ។
លោកបញ្ជាក់ថា៖ «ព័ត៌មានទាំងអស់ហ្នឹងផ្សាយទៅ វាមានផលអវិជ្ជមាន គួរសមដែរ ហើយប្រសិនបើប្រជាជនយើងចេះដឹងទាំងអស់គ្នាដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន វាអត់មានបញ្ហាចោទទេប៉ុន្តែប្រជាជនខ្លះនៅតែគេបោកបន្លំបានតាមរយៈការផ្សព្វផ្សាយហ្នឹង»។
លោក ផុស សុវណ្ណ បន្តថាកន្លងមកដែលក្រសួងពិបាកបង្ក្រាបលើអ្នកសារព័ត៌មានប្រភេទទាំងនេះគឺដោយសារនៅមានការថ្លឹងថ្លែង និងញែកមិនទាន់ដាច់ស្រេចរវាងការផ្សាយព័ត៌មានក្លែងក្លាយ និងសិទ្ធិសេរីភាពនៃការសម្ដែងមតិ ខណៈវាស្ថិតនៅក្នុងក្របខ័ណ្ឌតែមួយនៅឡើយ។
លោកបន្តថា បច្ចុប្បន្នក្រសួងកំពុងខិតខំរៀបចំលិខិតបទដ្ឋានមួយចំនួន ដើម្បីធ្វើយ៉ាងណាញែករវាងការផ្សាយព័ត៌មានក្លែងក្លាយ និងសិទ្ធិសេរីភាពនៃការសម្ដែងមតិដើម្បីផ្សព្វផ្សាយឱ្យអ្នកសារព័ត៌មានទាំងនោះបានដឹងចៀសវាងការផ្សាយព័ត៌មានក្លែងក្លាយទៅជាការប្រព្រឹត្តបទបរិហារកេរ្ដិ៍ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ។
លោក ហ៊ុយ វណ្ណៈ បានអះអាងថា យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយនេះគឺរៀបចំឡើងដោយគណៈកម្មការស្ដ្រីក្នុងវិស័យសារព័ត៌មានរបស់សហព័ន្ធសហភាពអ្នកសារព័ត៌មានកម្ពុជាដោយនឹងមានការចូលរួមពីក្រសួងស្ថាប័នមួយចំនួនដូចជាក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមនិស្សិតជាដើម។
លោកជឿជាក់ថា យុទ្ធនាការនេះនឹងអាចធ្វើឡើងជារៀងរាល់ឆ្នាំហើយនឹងទទួលបានការគាំទ្រកាន់តែធំឡើងជាលំដាប់ ដែលអាចក្លាយទៅជាយុទ្ធនាការថ្នាក់ជាតិមួយដូចទៅនឹងយុទ្ធនាការថ្នាក់ជាតិសិទ្ធិនារី ៨ មីនា និងយុទ្ធនាការសិទ្ធិមនុស្ស ១០ ធ្នូជាដើម៕