
អ្នកភូមិចូលរួមប្រារព្ធពិធី ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលថវិកា ដើម្បីអភិវឌ្ឍន៍សហគមន៍ព្រៃឈើកែវសីមា។ រូបថត សហការី
មណ្ឌលគិរីៈ សហគមន៍ការពារព្រៃឈើចំនួន ២០ ភូមិក្នុងខេត្តមណ្ឌលគិរីនឹងទទួលបានថវិកាពីការលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃកែវសីមា ដើម្បីយកទៅអភិវឌ្ឍ សហគមន៍ព្រោះបានចូលរួមអភិរក្សព្រៃឈើសកម្ម។
ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឲ្យដឹងកាលពីម្សិលមិញថា ការសម្រេចប្រគល់មូលនិធិអភិវឌ្ឍន៍សហគមន៍របស់គម្រោងរេដបូកជូនសហគមន៍ចំនួន ២០ ភូមិដែលកំពុងតែចូលរួមការពារព្រៃឈើ។
សហគមន៍នីមួយៗនឹងទទួលបានថវិកាយ៉ាងហោចណាស់ ១ ម៉ឺនដុល្លារអាមេរិកទៅតាមផែនការអាទិភាពអភិវឌ្ឍសហគមន៍ ដែលពួកគេបានដាក់ទៅក្រសួងបរិស្ថាន និងអង្គការ WCS។ ថវិកាទាំងនោះនឹងត្រូវចំណាយសម្រាប់ការងារអភិវឌ្ឍន៍សហគមន៍ជាអាទិភាពរបស់ពួកគាត់ដូចជា ការទទួលបានទឹកស្អាត និងការសាងសង់ស្នាក់ការ សហគមន៍សម្រាប់ប្រជុំជាដើម។
ការសម្រេចនេះត្រូវបានធ្វើឡើង ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយ WCS បានចុះកិច្ចសន្យាលក់ឥណទានកាបូនដំបូងក្នុងដែនជម្រកសត្វព្រៃកែវសីមា ទៅឲ្យក្រុមហ៊ុនផលិតភាពយន្តដ៏ល្បីល្បាញអាមេរិក ឈ្មោះ Disney ក្នុងទំហំទឹកប្រាក់ ២៦០ ម៉ឺនដុល្លារកាលពីខែកក្កដាឆ្នាំ ២០១៦ ។
គម្រោងរេដបូក (REDD+) ឬ គម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងការរេចរឹលនៃព្រៃឈើដែលនៅដែនជម្រកសត្វព្រៃកែវសីមាត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកជាង ១៤ លានតោនសម្រាប់រយៈពេល ១០ ឆ្នាំចាប់ពីឆ្នាំ ២០១០ ទៅ។ លោក កែន សេរីរដ្ឋា ប្រធានអង្គការ WCS ប្រចាំនៅកម្ពុជាបានថ្លែងថា ប្រជាសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើ និងសត្វព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមាឲ្យនៅគង់វង្សជាច្រើនជំនាន់មកហើយ។
លោក នុត នុ អាយុ ៤៣ ឆ្នាំជាប្រធានសហគមន៍ចក់ការបានអះអាងថា សហគមន៍លោកនឹងទទួលថវិកាចំនួន ១១៦៦០ ដុល្លាអាមេរិកតាមរយៈការផ្តល់នេះ ហើយនឹងយកទៅប្រើប្រាស់ធ្វើអណ្តូងទឹក ១ និងដាក់លូបង្ហូរទឹកចូលប្រឡាយកាត់ផ្លូវចំនួន ៣ កន្លែង។
យោងតាមអង្កការ WCS ដែនជម្រកសត្វព្រៃកែវសីមាផ្តល់ជាទីជម្រកដល់សត្វព្រៃ និងរុក្ខជាតិជាង ៦០ ប្រភេទដែលមានចុះនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយជាប្រភេទរងការគំរាមកំហែងជាសកល។ ដែនជម្រកសត្វព្រៃនេះក៏មានសារៈសំខាន់ជាសកលសម្រាប់ការអភិរក្សប្រភេទសត្វពានរ ដូចជាស្វាកន្ទុយស និងទោចថ្ពាល់លឿង ពពួកខ្លា ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត។
ក្រសួង និងអង្គការមានប្រព័ន្ធតាមដានហិរញ្ញវត្ថុដើម្បីធ្វើឲ្យប្រាកដថាសហគមន៍នីមួយៗនឹងចំណាយត្រឹមត្រូវ និងសមស្របតាមគម្រោង។ បើតាមការប៉ាន់ស្មាន ដែនជម្រកសត្វព្រៃ កែវសីមា ទំហំជិត ៣ សែនហិកតាមានកាបូនជាង ១ លានតោនសម្រាប់លក់ ហើយក្រុមហ៊ុនអាចទិញបន្តទៀត បន្ទាប់ពីចប់ ២ ឆ្នាំនោះ៕